ភ្នំពេញៈ អ្នកនាំពាក្យក្រសួងកសិកម្ម និងក្រុមហ៊ុននាំចេញផលិតផលកសិកម្ម បានបញ្ជាក់ថា ចេកស្រស់របស់កម្ពុជាប្រមាណ ៩៣ ភាគរយ រួមទាំងដំណាំសក្តានុពលរបស់កម្ពុជាមួយចំនួន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដំណាំកសិកម្មដទៃទៀត ចិននិងកម្ពុជាកំពុងបន្តពិភាក្សាក្នុងការនាំចេញបន្ថែម។
កញ្ញាអ៊ឹមរចនាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ខែឧសភា ឆ្នាំ ២០២៣ថា កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៩៥០២៨តោនក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះ ៨៨៩៤៧តោន ឬ៩៣,៦ ភាគរយត្រូវបាននាំទៅទីផ្សារប្រទេសចិន។
កញ្ញាបញ្ជាក់ថា ៖ «ប្រទេសចិន គឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជារបស់យើងមិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករដំឡូងមីនិងស្វាយផងដែរ»។
កញ្ញាអ៊ឹម រចនា បានបន្តថា ការនាំចេញផ្លែចេកនិងផលិតផលកសិកម្មផ្សេងទៀត ទៅកាន់ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានិងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជនកម្ពុជាជាពិសេសប្រជាកសិករដែលបាននិងកំពុងដាំដុះដំណាំសក្តានុពលនៅទូទាំងប្រទេស។ការនាំចេញចេករបស់កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីប្រទេសចិនបានអនុញ្ញាតឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះនាំចេញចេកស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សាររបស់ខ្លួន។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនឡងម៉េត ដែលបានធ្វើការដាំដុះចេកសម្រាប់នាំចេញទៅកាន់ប្រទេសចិន បានឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៣ ដែរថា ទីផ្សារចិន ជាទីផ្សារដ៏ធំទូលាយសម្រាប់ផលិតចេកស្រស់របស់កម្ពុជាខណៈការនាំចេញចេកស្រស់ចាប់ផ្តើមមានភាពប្រសើរឡើងវិញ ក្រោយពីស្ថានភាពកូវីដ១៩ បានធូរស្រាល ហើយប្រទេសចិនបានបញ្ចប់វិធានការបិទខ្ទប់មក។
លោកបានបញ្ជាក់ដូច្នេះថា៖«នៅដើមឆ្នាំ២០២៣នេះការនាំចេញចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ហាក់មានភាពប្រសើរឡើងវិញបើធៀបនឹងឆ្នាំ២០២២កន្លងទៅដោយសារតែប្រទេសចិន ដែលជាទីផ្សារធំ លែងមានការបិទខ្ទប់ មានតម្រូវការច្រើន និងការដឹកជញ្ជូនចាប់ផ្តើមធ្លាក់ថ្លៃបន្តិចមកវិញ»។
លោកបានបន្ថែមទៀតថា ក្នុងឆ្នាំ២០២២ ការនាំចេញចេកមានការថយចុះដោយសារតែការបិទខ្ទប់ របស់ប្រទេសចិននិងបញ្ហាដឹកជញ្ជូន ខណៈដែលប្រទេសចិនជាទីផ្សារដ៏ធំរបស់កម្ពុជា។ ទោះជាបែបនេះក្តី ការនាំចេញចេកនៅតែអាចដំណើរការទៅមុខបានជាធម្មតា និងបានចាប់ផ្តើមស្ទុះងើបឡើងវិញនៅក្នុងឆ្នាំ២០២៣នេះដោយសារតែផ្លែចេក ត្រូវបានប្រជាជនចិននិយមទទួលទានជាប្រចាំថ្ងៃ។
ថ្វីដ្បិតតែ ចិនជាទីផ្សារដ៏ធំសម្រាប់កម្ពុជាមែន តែលោកហ៊ុនឡាក់លើកឡើងថា កម្ពុជាគួរពង្រីកទីផ្សារនាំចេញចេកស្រស់ ឱ្យបានកាន់តែច្រើនជាងនេះ។ កាលពីពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងក្រសួងកសិកម្ម និងវិស័យឯកជនផ្នែកដំណាំសាកវប្បកម្មដែលដឹកនាំដោយលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រៅពីទៅសិក្សាស្វែងយល់ពីតម្រូវការទីផ្សារបារាំងហើយក៏មានគោលបំណងទៅស្វែងរកទីផ្សារថ្មី សម្រាប់ផលិតផលចេកស្រស់ ក៏ដូចជាផលិតផលកសិកម្មដែលមានសក្តានុពលរបស់កម្ពុជាសម្រាប់នាំចេញទៅប្រទេសនេះផងដែរ។
បើតាមរបាយការណ៍ពីក្រសួងកសិកម្ម ការនាំចេញចេកស្រស់របស់កម្ពុជា ក្រៅពីប្រទេសចិនហើយ កម្ពុជាក៏បាននាំចេញចេកស្រស់ទៅកាន់ទីផ្សារវៀតណាមជាង៦ពាន់តោន និងប្រទេសជប៉ុនជិត២០តោនផងដែរ៕