កោះកុងៈ អភិបាលខេត្តកោះកុងបានឱ្យដឹងថា គម្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង អាចនឹងត្រូវលើកពេលបន្តទៀត ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ចប់ការសាងសង់ និងកែប្រែចំណុចខ្វះខាតដែលនៅសេសសល់មុននឹងអាចបើកដំណើរការសាកល្បងបាន។
បើតាមបញ្ជាក់ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាពេលថ្មីនេះបានឱ្យដឹងថា គម្រោងដាក់ឱ្យដំណើរការនេះទំនងជាអាចត្រូវពន្យារទៅពេលក្រោយទៀតដោយសារមកទល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បានបញ្ជាក់ពីភាពរួចរាល់របស់ខ្លួននៅឡើយ។ ទោះយ៉ាងណាក៏ដោយ លោកស្រី មិនទាន់អាចបញ្ជាក់លម្អិតពីចំណុចខ្វះខាតដែលត្រូវកែប្រែទាំងនេះទេ។
ទោះជាយ៉ាងនេះក្តី លោកស្រី មិថុនា ភូថង បានបង្ហាញក្តីរំពឹងថា៖ ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការវានឹងជួយធ្វើឱ្យវិស័យទេសចរណ៍របស់ខេត្តនេះកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ពិសេសជួយស្រូបទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅខេត្តនេះកាន់តែច្រើនថែមទៀត។ លើសពីនេះព្រលានយន្តហោះនេះនឹងរួមចំណែកជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗជាដើម»។
ទាក់ទងនឹងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិនេះ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ថា គម្រោងដាក់ឱ្យដំណើរការហោះហើរសាកល្បងនៅពាក់កណ្តាលឆ្នាំនេះ អាចនឹងត្រូវពន្យារពេលបន្ថែមទៀតមែន។
លោកបានបញ្ជាក់ថា៖«ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បញ្ចប់ទាំងស្រុងលើការអភិវឌ្ឍ និងបំពេញបែបឯកសារពាក់ព័ន្ធសុវត្ថិភាពនៃការហោះហើរ តែយ៉ាងណាយើងរំពឹងថា ព្រលានយន្តហោះនេះនឹងអាចដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ»។
ចំពោះស្ថានភាពនៃការហោះហើរនៅកម្ពុជាបច្ចុប្បន្ន លោក ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានថ្លែងកាលពីចុងខែមេសាថា មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជិត៦០ភាគរយនៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា ខណៈផ្លូវហោះហើរដែលនាំមុខគេនោះគឺ ផ្លូវហោះហើរ រវាង ភ្នំពេញ-បាងកក-ភ្នំពេញ ភ្នំពេញ-សិង្ហបុរី-ភ្នំពេញ ភ្នំពេញ-គូឡាឡាំពួរ-ភ្នំពេញ និងភ្នំពេញ-សៃហ្គន-ហាណូយ -ភ្នំពេញ បើធៀបទៅនឹងឆ្នាំ២០១៩ ។
«ថ្មីៗនេះក៏មានការរពឹងទុកថា ផ្លូវហោះហើរ រវាងប្រទេសចិន និងកម្ពុជានឹងអាចឈានទៅជាផ្លូវហោះហើរ នាំមុខគេថ្មីបន្ថែមទៀតផងដែរ។ជាមួយនឹងការលុបចោលនូវគោលនយោបាយសូន្យកូវីដ(គ្មានការកំណត់កូតាទៀតឡើយ)យើងរំពឹងទុកថា ជើងហោះហើរ រវាងចិននិងកម្ពុជានឹងមានការកើនឡើងជាលំដាប់បន្ទាប់ពីចូលឆ្នាំចិនរួច »។ នេះបើតាមលោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់បន្ថែម។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១ អភិវឌ្ឍលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្ត១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។
តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹងទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ អាកាសយានដ្ឋាននេះអាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ Boeing-777 និង Airbus A-340៕