ភ្នំពេញៈរោងចក្រ/សហគ្រាសប្រមាណ ១៧៥ និងផ្តល់ការងារជាង ៣ ម៉ឺន កន្លែង កំពុងបើកដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលភាគច្រើនមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមគេហទំព័រក្នុងស្រុក freshnewsasia.com ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះមានក្រុមហ៊ុន/សហគ្រាស ចំនួន ១៧៥ ដែលផ្តល់ការងារបានជាង ៣ ម៉ឺន កន្លែងកំពុងបើកដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ)។ មានសហគ្រាសមកពីប្រទេសចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកសរុបចំនួន ១៧៥ បានវិនិយោគធ្វើអាជីវកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៤ ខែឧសភាថា ភាពអំណោយផលនៃទីតាំងភូមិសាស្ត្ រដែលនៅជិតកំពង់ផែអន្តរជាតិ បានជួយឱ្យតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទាក់ទាញបានគម្រោងវិនិយោគជាបន្តបន្ទាប់ ឱ្យទៅបើករោងចក្រ/សហគ្រាស នៅទីនោះ មានដូចជា រោងចក្រដេរសម្លៀកបំពាក់ បរិក្ខារធ្វើដំណើរ គ្រឿងបង្គុំអគ្គិសនី-អេឡិចត្រូនិក គ្រឿងសង្ហារឹម ផលិតបរិក្ខារសូឡា និងសម្បកកង់រថយន្ត ជាដើម។ សម្រាប់វិនិយោគិនដែលកំពុងបណ្តាក់ទុននៅទីនោះ មានភាគច្រើនមកពីប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិក។
លោកថ្លែងថា៖«មូលហេតុដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានក្រុមហ៊ុន/សហគ្រាស កំពុងដំណើរការច្រើន គឺវាស្ថិតក្នុងទីតាំងមានសក្តានុពលខ្ពស់ ដែលផ្តល់នូវភាពងាយស្រួលក្នុងការជ្រើសរើសកម្មករ ក៏ដូចជាការដឹកជញ្ជូនទំនិញចេញ-ចូល ព្រោះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុតែម្តង»។
លោកបានប្រាប់ទៀតថា ទោះមានវិនិយោគិនបណ្តាក់ទុននៅក្នុង SSEZ ភាគច្រើនមកពីប្រទេសចិន ប៉ុន្តែទំនិញដែលផលិតបាន គឺភាគច្រើនត្រូវបានគេនាំចេញទៅទីផ្សារអាមេរិក អឺរ៉ុប និងមួយចំនួនក្នុងទ្វីបអាស៊ី។
ទាក់ទងនឹងចំនួនក្រុមហ៊ុនដែលមកបណ្តាក់ទុននៅកម្ពុជានាពេលខាងមុខ លោក ចាន់ដារ៉ា អះអាងថា៖«ខ្ញុំមានជំនឿថាចំនួនក្រុមហ៊ុន/សហគ្រាស ដែលចូលមកបណ្តាក់ទុននៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានចំនួនកាន់តែច្រើននៅពេលសេដ្ឋកិច្ចសកលដំណើរការល្អឡើងវិញ បន្ទាប់ពីវិបត្តិនានាដែលកំពុងកើតមានពេលនេះបញ្ចប់ទៅវិញ»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉រ បាននិយាយថា បើសិនកម្ពុជាអាចធ្វើឱ្យតម្លៃអគ្គិសនីកាន់តែទាបថែមទៀតនោះ វានឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យបញ្ចេញទុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ នៅពេលតម្លៃអគ្គិសនីទាប វានឹងជួយកាត់បន្ថយចំណាយថ្លៃដើម ដែលធ្វើឱ្យសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិកាន់តែខ្លាំង។
លោកអះអាងថា៖«តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេស ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ កាលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប អ្នកវិនិយោគក្រៅស្រុកនឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»។
កាលពីថ្ងៃទី២៦ ខែមេសា ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Chen Jiangang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ តាមរយៈការបង្កើតការងារ និងប្រាក់ចំណូលសម្រាប់គ្រួសារ និងកំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើន៕