ភ្នំពេញៈ ការងើបឡើងយឺតនៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានធ្វើឱ្យការផ្តល់កម្ចីរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដល់អាជីវកម្មក្នុងវិស័យទេសចរណ៍បានចំនួនត្រឹមតែ ៣៤៦ ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៣,៤៦ លានដុល្លារអាមេរិក ឬស្មើនឹង ៣៥,៦៤ ភាគរយ នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារបើគិតត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ដោយសារតែបណ្តាម្ចាស់អាជីវកម្មនៅក្នុងវិស័យនេះហាក់ស្ទាក់ស្ទើរក្នុងការដាក់ពាក្យស្នើសុំកម្ចីនេះ។
លោក លឹម អូន អគ្គនាយកធនាគារ SME បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ១៤ ខែឧសភាថា សម្រាប់ការផ្តល់ឥណទានដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ គឺមានភាពយឺតយ៉ាវជាងការរំពឹង បើទោះបីគម្រោងនេះត្រូវបានដាក់ឱ្យដំណើរការជិត ១ ឆ្នាំហើយក្តី។
លោកបន្ថែមថា ចំពោះហិរញ្ញប្បទានដែលផ្តល់ខាងលើ គឺអាជីវកម្មសណ្ឋាគារមាន ២៩ ភាគរយ, អាជីវកម្មផ្ទះសំណាក់ ២៥ ភាគរយ, អាជីវកម្មភោជនីយដ្ឋាន ៣១ ភាគរយ និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍ មានចំនួន ១៥ ភាគរយ ដោយក្នុងនោះមានសហគ្រិនជាស្ត្រី ៤១ ភាគរយ។
លោកនិយាយថា៖ «ចំពោះហេតុផលនៃភាពយឺតយ៉ាវនៃការផ្តល់ឥណទានដល់បងប្អូននៅក្នុងវិស័យទេសចរណ៍នេះ គឺដោយសារពួកគាត់ហាក់មានភាពស្ទាក់ស្ទើរក្នុងការដាក់ស្នើសុំឥណទាន ព្រោះពួកគាត់នៅមិនទាន់មានភាពប្រាកដប្រជានៃការងើបឡើងវិញវិស័យនេះ។ ពួកគាត់យល់ថា ទោះវិស័យនេះមានភាពប្រសើរក្តី ប៉ុន្តែវាគាំទ្រដោយភ្ញៀវក្នុងស្រុកតែប៉ុណ្ណោះ ដូច្នេះសម្ទុះនៃការងើបខ្លាំងឡើងវិញនោះគឺទាល់តែមានលំហូរភ្ញៀវទេសចរអន្តរជាតិច្រើនទើបអាចទៅរួច»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ថា ជាមួយនឹងគំនិតផ្តួចផ្តើមនៃការបង្កើតធនាគារ SMEs ដោយរដ្ឋាភិបាលនេះ គឺបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កឱ្យរស់ឡើងវិញ និងបន្តនិរន្តរភាពរបស់ SMEs។
លោកថ្លែងថា៖ «ធនាគារនេះបានដើរតួនាទីសំខាន់ណាស់ ដោយសារតែធនាគារនេះមិនត្រឹមតែផ្តល់ទុនឱ្យដល់ SMEs ប៉ុណ្ណោះទេ គឺខ្លួនបានផ្តល់ទាំងបច្ចេកទេសតាមប្រភេទអាជីវកម្ម និងការវិភាគ និងការសិក្សាស៊ីជម្រៅលម្អិតសម្រាប់ជួយទៅដល់វិស័យ SMEs ដូច្នេះខ្ញុំយល់ឃើញថា នេះគឺជាប្រភពទុនដ៏សំខាន់សម្រាប់ SMEs យើងកាន់តែរីកចម្រើនប្រសើរជាងមុនបន្ថែមទៀត»។
គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ ត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តតាមរយៈធនាគារ SME ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២។ ម្ចាស់អាជីវកម្មក្នុងវិស័យនេះ អាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារ SME រហូតដល់ ទឹកប្រាក់ ៤០ ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥ ភាគរយ និងមានរយៈពេលដល់ ៧ឆ្នាំ។
សម្រាប់ឆ្នាំ ២០២៣ ធនាគារ SME មានផែនការក្នុងការផ្តល់ហិរញ្ញប្បទានទាំងដោយផ្ទាល់ ប្រហែលជាង ២២០ លានដុល្លារ ដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដោយផ្តោតជាសំខាន់ទៅលើវិស័យអាទិភាពរបស់រដ្ឋាភិបាល ពិសេសកម្មន្តសាល ឬផលិតកម្ម ការកែច្នៃ កសិ-ឧស្សាហកម្ម ព្រមទាំងសហគ្រិនជាស្ត្រីផងដែរ។
ក្រសួងទេសចរណ៍ឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុប ៨៣៧ ៤៤៦ នាក់នៅក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ កើន ៧៧៨,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ប៉ុន្តែថយចុះ ៣២,៧២ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។
នៅឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ២,២៧ លាននាក់ កើនជាង ១ ពាន់ភាគរយ បើធៀបឆ្នាំ ២០២១ ដែលមានជាង ១៩ ម៉ឺននាក់ ប៉ុន្តែនៅតែធ្លាក់ចុះ ៦៥,៥៦ ភាគរយបើធៀបនឹងចំនួន ៦,៦១ លាននាក់ក្នុងឆ្នាំ ២០១៩៕