ភ្នំពេញៈ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ១៥ ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះចំនួនទឹកប្រាក់នាំចូលទំនិញពីទីផ្សារអន្តរជាតិធ្លាក់ចុះរហូតដល់ជាង ១/៥។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ពីខែមករា-ខែមេសា ឆ្នាំ ២០២៣ មានចំនួនសរុប ១៥ ១៦១,០៤ លានដុល្លារ ធ្លាក់ចុះ ១៤,១ ភាគរយនារយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងចំណោមនោះ គឺការនាំចេញរបស់កម្ពុជាមានចំនួន ៧ ២៣៤,១២ លានដុល្លារ ធ្លាក់ចុះ ៤,៩ ភាគរយ និងការនាំចូលពីក្រៅប្រទេស មានចំនួន ៧ ៩២៦,៩២ លានដុល្លារ ធ្លាក់ចុះ ២១,១ ភាគរយ។
ដោយឡែកសម្រាប់ពាណិជ្ជកម្មអន្តរជាតិក្នុងខែមេសា ឆ្នាំ ២០២៣ គឺចំនួន ៣ ៩០៨,៩ លានដុល្លារ ធ្លាក់ចុះ ១២,៨៨ ភាគរយធៀបខែមេសា ឆ្នាំ ២០២២ ដោយការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ១ ៨៤២,១១ លានដុល្លារ ធ្លាក់ចុះ ២,៥ ភាគរយ និងទំនិញនាំចូលមកវិញ ២ ០៦៦,៧៩ លានដុល្លារ ធ្លាក់ចុះ ២០,៤ ភាគរយ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ១៤ ខែឧសភាថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានារយៈពេលប៉ុន្មានខែមកនេះ គឺដោយសារតែតម្រូវការទីផ្សារអន្តរជាតិធ្លាក់ចុះ ពិសេសការបញ្ជាទិញពីទីផ្សារធំៗដូចជា អាមេរិក កាណាដា និងអឺរ៉ុប។ ការធ្លាក់ចុះសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ គឺកើតឡើងនៅគ្រប់ប្រទេសទាំងអស់លើពិភពលោក ពិសេសបន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោកបន្តថា នៅពេលសេដ្ឋកិច្ច និងនយោបាយពិភពលោកល្អប្រសើរ សម្ទុះនៃការនាំចេញ-នាំចូលទំនិញ ពិសេសការនាំចេញរបស់កម្ពុជាប្រាកដជាហក់ឡើងលឿន ព្រោះបច្ចុប្បន្នក្រៅពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទៅប្រទេសធំៗ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនផងដែរ។
លោកបានថ្លែងថា៖ «អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលដែលពាណិជ្ជកម្មអន្តរជាតិកម្ពុជាធ្លាក់ចុះនោះ គឺការខិតកាន់តែកៀកគ្នានៃចំនួនទឹកប្រាក់នាំចេញ និងនាំចូលទំនិញរវាងកម្ពុជា និងទីផ្សារអន្តរជាតិ ខណៈកន្លងមកទឹកប្រាក់នាំចេញរបស់កម្ពុជា គឺមានចំនួនតិចតួចបើធៀបនឹងការនាំចូលដ៏ច្រើនក្នុង ១ ខែៗ។ នេះបញ្ជាក់ពីភាពរីកចម្រើន និងភាពរឹងមាំរបស់ផលិតកម្មក្នុងស្រុក និងការនាំចេញរបស់កម្ពុជា»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា វិបត្តិនៃជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបនឹងបញ្ហាជាច្រើនដូចជា ការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់ កង្វះវត្ថុធាតុដើម និងការកើនឡើងអតិផរណា ជាដើម។ ក្នុងដំណាក់កាលនេះ គឺ ប្រជាជន និងរដ្ឋាភិបាលប្រទេសនីមួយៗបានកាត់បន្ថយការចំណាយ។ និន្នាការនេះនឹងអូសបន្លាយពេលបន្ថែមទៀតប្រសិនបើអន្តរជាតិមិនអាចបិទបញ្ចប់ជម្លោះនានាឱ្យបានឆាប់។
លោកបន្ថែមថា៖ «សម្រាប់ប្រទេសកម្ពុជាការធ្វើពាណិជ្ជកម្មអន្តរជាតិចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២២ គឺមិនសូវបង្ហាញសញ្ញាវិជ្ជមានឡើយ»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៥២ ៤២៤,៥៣៩ លានដុល្លារ កើន ៩,២ ភាគរយធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំចេញទំនិញ ២២ ៤៨២,៩៣៧ លានដុល្លារ កើន ១៦,៤ ភាគរយ និងទំនិញដែលកម្ពុជានាំចូលមានចំនួន ២៩ ៩៤១,៦០២ លានដុល្លារ កើន ៤,៣ ភាគរយ៕