ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការគម្រោងភាពជាដៃគូរយៈពេល ៥ ឆ្នាំសម្រាប់សកម្មភាពលើសេដ្ឋកិច្ចបៃតង (PAGE) នៅកម្ពុជាដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
បើយោងតាម UN Environment, 2011 សេដ្ឋកិច្ចបៃតង គឺជាសេដ្ឋកិច្ចមួយដែលនាំឱ្យប្រសើរឡើងសុខុមាលភាពរបស់មនុស្ស និងសមធម៌សង្គម និងកាត់បន្ថយហានិភ័យបរិស្ថាន និងកង្វះអេកូឡូស៊ី ការធ្វើឱ្យមានកាបូនទាប ធនធានមានប្រសិទ្ធភាព និងបរិយាប័ន្នសង្គម។
កម្មវិធី PAGE ដែលមានរយៈពេល ៥ ឆ្នាំត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១២ ខែឧសភា តាមរយៈក្រសួងបរិស្ថានដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមទាំងសហភាពអឺរ៉ុប (EU) ស្វ៊ីស អាល្លឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ ន័រវែស និងកូរ៉េ។ គម្រោងនេះមានរយៈពេល ៥ ឆ្នាំ រួមទាំងដំណាក់កាលចាប់ផ្តើមរយៈពេល ១ ឆ្នាំដែលនឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO)។
សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «ដើម្បីធានាថា ការគាំទ្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា មានភាពស្របគ្នាយ៉ាងពេញលេញជាមួយយុទ្ធសាស្ត្រ និងកម្មវិធីដែលមានស្រាប់ PAGE បានធ្វើការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងការសិក្សាទៅលើវិសាលភាព (Scoping Study)។ ការសិក្សានេះ គឺដើម្បីកំណត់ពីឱកាស និងជម្រើសសម្រាប់កំណែទម្រង់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងតាមវិស័យ រួមទាំងវិស័យដែលមានសក្តានុពលខ្ពស់ដូចជា វិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដែលអាចធ្វើឱ្យមានការផ្លាស់ប្ដូរសេដ្ឋកិច្ចបៃតង»។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ បានថ្លែងក្នុងអំឡុងពេលដាក់ឱ្យដំណើរការគម្រោងនេះថា កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍សេដ្ឋកិច្ចបៃតងតាមរយៈផែនការយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង ២០១៣-២០៣០ និងការដាក់ជូននូវផែនការយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន (LTSCN) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ (UNFCCC) ក្នុងឆ្នាំ ២០២១។
លោកថ្លែងថា៖ «ការចូលរួមភាពជាដៃគូពិភពលោកនេះនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនៅក្នុងការប្រមូលការគាំទ្របន្ថែមទាក់ទងទៅនឹងចំណេះដឹងថ្មីៗ និងទាន់សម័យ និងហិរញ្ញវត្ថុដើម្បីពន្លឿនការផ្លាស់ប្ដូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាប័ន្ន»។
លោក Asad Naqvi ប្រធានលេខាធិការដ្ឋាន PAGE បានឱ្យដឹងលម្អិតពីភាពខ្លាំងនៃកម្មវិធី PAGE ថាវាមានសមត្ថភាពក្នុងការសិក្សាជាបន្តបន្ទាប់ពីភាពជាក់ស្ដែងនៅមូលដ្ឋាន និងពិនិត្យកែសម្រួល និងធ្វើឡើងវិញនូវប្រធានបទអាទិភាព ផ្ដល់ការគាំទ្រ និងនីតិវិធីប្រតិបត្តិការដែលសមស្របបំផុតដើម្បីជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ចបៃតងក្នុងប្រទេសដែលជួយដល់ការសម្រេចបាននូវគោលដៅចីរភាពជាសកល។
លោកនិយាយថា៖ «ពួកយើងទន្ទឹងរង់ចាំចែករំលែកបទពិសោធន៍ និងជំនាញរបស់យើងជាមួយប្រទេសកម្ពុជា ប៉ុន្តែក៏រៀនសូត្រពីកម្ពុជាពីរបៀបដែលកម្មវិធី PAGE អាចគាំទ្រប្រទេសនានាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច បង្កើតការងារ និងវិបុលភាពតាមរយៈការវិនិយោគទៅលើដំណោះស្រាយសម្រាប់បញ្ហាប្រឈមទៅនឹងចីរភាពនាពេលបច្ចុប្បន្ននេះផងដែរ»។
លោក សុខ ណាវីន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO ឱ្យដឹងថា៖ «នេះជាការប្តេជ្ញាចិត្តរួមរបស់អង្គការសហប្រជាជាតិក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនានាដើម្បីធានាថា PAGE Cambodia ចូលរួមចំណែកក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចបៃតង ប្រកបដោយបរិយាប័ន្ននៅក្នុងកម្ពុជា»។
កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៣ រដ្ឋាភិបាលកម្ពុជាបានអនុម័តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រសម្រាប់កំណើនបៃតងក្នុងអំឡុងឆ្នាំ ២០១៣-២០៣០ ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចដោយគិតគូរដល់និរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ។
កម្ពុជាប្តេជ្ញាចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុពិភពលោក ដោយកម្ពុជាបានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៤២ ភាគរយត្រឹមឆ្នាំ ២០៣០៕