ភ្នំពេញៈ ភ្ញៀវទេសចរអន្តរជាតិជិត ៣០ ម៉ឺននាក់ បានចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣ ដែលធ្វើឱ្យគ្រឹះស្ថានអង្គរអាចរកចំណូលពីការលក់សំបុត្របានជាង ១៤ លានដុល្លារ កើនឡើងជាង ៩ ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងទេសចរណ៍ និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យបង្ហាញថា ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរអន្តរជាតិ ២៩៨ ៩៩៨ នាក់បានចូលទៅទស្សនារមណីយដ្ឋានអង្គរ ដោយចំនួននេះ បានកើនឡើង ៨០០,៤៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈចំណូលដែលគ្រឹះស្ថាននេះរកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១៤ ០៣១ ២០៦ ដុល្លារ កើនឡើង ៩៣៧,៣៤ ភាគរយ។
ទោះជាយ៉ាងណាចំនួនភ្ញៀវអន្តរជាតិ និងទឹកប្រាក់ទទួលបាន (គ្រឹះស្ថានអង្គរ) នាដើមឆ្នាំ ២០២៣ គឺនៅមានគម្លាតឆ្ងាយបើធៀបនឹងឆ្នាំ ២០១៩ ជាពេលដែលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតគឺប្រមាណ ៦,៦ លាននាក់។ នារយៈពេល ៤ ខែដំបូងក្នុងឆ្នាំ ២០១៩ ភ្ញៀវអន្តរជាតិដែលទិញសំបុត្រចូលទៅរមណីយដ្ឋានអង្គរ មាន ៩៧៣ ៣០៥ នាក់ ដោយប្រមូលបានប្រាក់ ៤៤ ១៣៤ ៦៣៥ ដុល្លារ។
បើតាមគ្រឹះស្ថានអង្គរ តម្លៃសំបុត្រចូលរមណីយដ្ឋានអង្គរ ត្រូវបានចែកជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ ថ្ងៃតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ក្នុងរយៈពេល ៤ ខែខាងលើក្រៅពីចំណូលពីការលក់សំបុត្រឱ្យភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏រកចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ បាន ៧៨ ២៧០ ដុល្លារ និងសំបុត្រទូក (កំពង់ផែចុងឃ្នៀស) ចំនួន ២២៦ ៧២២ ដុល្លារផងដែរ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែឧសភាថា ទោះបីគ្រប់ប្រទេសលើពិភពលោកបានបើកប្រទេសឡើងវិញ (វិបត្តិជំងឺកូវីដ ១៩) ក៏ចំនួនភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា រួមទាំងអ្នកទៅទស្សនាតាមរមណីយដ្ឋាននានា គឺនៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងមុនពេលមានវិបត្តិកូវីដ ១៩។ មួយវិញទៀតភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា គឺភាគច្រើនមកពីប្រទេសជិតខាង និងក្នុងតំបន់អាស៊ី។
លោកបញ្ជាក់ថា៖ «បើយើងមើលទៅតួលេខខាងលើគឺវាពិតជាកើនឡើងច្រើនធៀបនឹងឆ្នាំ ២០២២ ដែលជាពេលពិភពលោកជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរបណ្តាលមកពីកូវីដ ១៩ ប៉ុន្តែបើយើងយកតួលេខភ្ញៀវទេសចរអន្តរជាតិ និងទឹកប្រាក់ដែលប្រមូលបានក្នុងរយៈពេល ៤ ខែឆ្នាំនេះ ធៀបនឹងមុនពេលមានវិបត្តិកូវីដ (ឆ្នាំ ២០១៩) គឺនៅខុសគ្នាឆ្ងាយណាស់»។
ទាក់ទងនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះលោក ស៊ីណាន បានប្រាប់ថាគឺជាការផ្សព្វផ្សាយមួយដ៏ល្អពីកម្ពុជាទៅគ្រប់ប្រទេសលើពិភពលោក ពិសេសវានឹងជួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវអន្តរជាតិឱ្យធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជានាពេលខាងមុខ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី ឱ្យដឹងថា ចំនួនភ្ញៀវដែលមកដើរកម្សាន្តនៅតាមប្រាសាទនានាក្នុងខេត្តសៀមរាបនាពេលនេះភាគច្រើនជាប្រជាជនខ្មែរ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
ចំនួនជើងហោះហើរពីបរទេសចូលមកខេត្តសៀមរាបក៏មិនទាន់មានចំនួនច្រើនដូចមុនដែរ។ លោកបន្ថែមថា ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងមានចំនួនច្រើនឡើងវិញលុះត្រាតែកំណើនសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព និងបញ្ហាជម្លោះអន្តរជាតិនានាបិទបញ្ចប់។
លោកប្រាប់ថា៖ «បើនិយាយពីចំនួនភ្ញៀវអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរ គឺពិតជាកើនឡើងវិញខ្លះហើយបើធៀបនឹងអំឡុងឆ្នាំ ២០២០-២០២២ ប៉ុន្តែចំនួននេះគឺនៅទាបឆ្ងាយណាស់ធៀបមុនឆ្នាំ ២០២០។ វិស័យទេសចរណ៍នៅត្រូវការពេលបន្ថែមទៀតសម្រាប់ការងើបឡើងវិញ»៕