ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន រយៈពេល ៤ ខែ ដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ៥៧៣ លានដុល្លារ ធ្លាក់ចុះជិត ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មប្រទេសទាំង ២ ស្ថិតនៅលេខ ៥ បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។ នេះបើតាមតារាងស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិជញ្ជីងទំនិញពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ ឱ្យដឹងថា រយៈពេល ៤ ខែដំបូងឆ្នាំ ២០២៣ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ៥៧៣,១ លានដុល្លារ ធ្លាក់ចុះ ៩,៨ ភាគរយពី ៦៣៥,៦១ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។
ក្នុងចំណោមប្រាក់ខាងលើគឺការនាំទំនិញពីកម្ពុជាទៅជប៉ុន មានចំនួន ៣៧១,៥៩ លានដុល្លារ ធ្លាក់ចុះ ៤,៥ ភាគរយ និងទំនិញនាំមកពីជប៉ុន ២០១,៥១ លានដុល្លារ ធ្លាក់ចុះ ១៨,២ ភាគរយ។ បើធ្វើការប្រៀបធៀប គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ១៧០,០៩ លានដុល្លារ។ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន គឺស្មើនឹង ៣,៧៨ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៣ ដែលមាន ១៥ ១៦១,០៤ លានដុល្លារ។
សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ១១៦,៤៦ លានដុល្លារថយចុះ ២៥,០៧ ភាគរយ ដោយការនាំចេញពីកម្ពុជាទៅជប៉ុន ៦៣,២ លានដុល្លារ ធ្លាក់ចុះ ២៤,៥ ភាគរយ និងទំនិញនាំចូលពីជប៉ុន ៥៣,២៥ លានដុល្លារ ធ្លាក់ចុះ ២៥,៧ ភាគរយ។ នេះបើផ្អែកតាមតារាងខាងលើ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ប្រទេសជប៉ុនគឺជាទីផ្សារធំមួយរបស់កម្ពុជាដោយបច្ចុប្បន្នមានផលិតផលកម្ពុជាជាច្រើនកំពុងបង្ហាញវត្តមាននៅទីនោះ។ លោកបន្តថា ដោយសារជប៉ុនជាប្រទេសរីកចម្រើនដែលផ្តោតលើបច្ចេកវិទ្យា និងឧស្សាហកម្ម ដូច្នេះវាជាឱកាសសម្រាប់កម្ពុជាក្នុងការនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសជប៉ុន។ យ៉ាងណាក៏ដោយ ដោយសារជប៉ុនជាប្រទេសដែលមានស្តង់ដារស់នៅខ្ពស់ ដូច្នេះគ្រប់ផលិតផលដែលនាំទៅទីផ្សាររបស់គេគឺទាមទារឱ្យមានការត្រួតពិនិត្យទៅលើគុណភាព និងការវេចខ្ចប់ឱ្យបានល្អប្រសើរផងដែរ។
លោកប្រាប់ថា៖ «ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងអំឡុងពេលនេះ គឺជានិន្នាការទីផ្សារសកលដែលកើតមាននៅគ្រប់ប្រទេស»។
លោកលើកឡើងទៀតថា បច្ចុប្បន្នក៏មានវិនិយោគិនជប៉ុនមួយចំនួនកំពុងបណ្តាក់ទុននៅកម្ពុជាផងដែរ។បើតាមលោក លឹម ហេង ផលិតផលសំខាន់ៗដែលកម្ពុជានាំទៅជប៉ុន មានដូចជាសម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល ចំណែកជប៉ុននាំចូលមកកម្ពុជាមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រក្នុងវិស័យកសិកម្ម ជាដើម។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា មូលហេតុដែលនាំឱ្យចំនួនទឹកប្រាក់នាំចេញ-នាំចូលរវាងប្រទេសទាំង ២ ធ្លាក់ចុះ គឺដោយសារភាពយឺតយ៉ាវ និងមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកល។ បញ្ហាទាំងនេះ គឺមិនត្រឹមតែធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយការចំណាយមិនចាំបាច់ប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនបញ្ជាទិញមួយចំនួនក៏នៅសល់ទំនិញក្នុងស្តុកច្រើនដែរ។ លោកបន្តថា ការថយចុះចំនួនទឹកប្រាក់ផ្លាស់ប្តូរទំនិញឆ្លងដែន គឺកំពុងកើតឡើងនៅស្ទើរគ្រប់ប្រទេសលើពិភពលោក។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែឧសភាថា៖ «ក្នុងដំណាក់កាលនេះទោះប្រទេសទាំង ២ ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ការនាំចេញ-នាំចូលទំនិញជាមួយគ្នាមិនមានចំនួនច្រើនដូចពេលមុនឡើយ»។
បើតាមលោក វណ្ណៈ នៅពេលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចមិនល្អ ប្រទេសនីមួយៗតែងខិតខំបង្កើនការផលិត ឬកែច្នៃអ្វីក្នុងស្រុកដើម្បីជំនួសការនាំចូលពីក្រៅប្រទេស។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន មានតម្លៃសរុប ១ ៩៤៨,០១៩ លានដុល្លារ កើនឡើង ១២,៣ ភាគរយធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទៅជប៉ុន ១ ១៧៣,០៣ លានដុល្លារ កើន ៧,៣ ភាគរយ និងនាំចូល ៧៧៤,៩៨៩ លានដុល្លារ កើន ២១ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕