ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា (CCC) កំពុងពិចារណាទៅលើសំណើរបស់វិនិយោគិនហុងកុងដែលសុំឱ្យបើកការិយាល័យតំណាងនៅទីក្រុងដែនកោះមួយនេះដើម្បីធ្វើជាច្រកពាណិជ្ជកម្ម និងវិនិយោគពីទីក្រុងនេះ និងបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក។
កាលពីថ្ងៃទី ៩ ខែឧសភា វិនិយោគិន និងធុរជនហុងកុង ១ ក្រុមបានមកជួបពិភាក្សាជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជាដោយផ្តោតសំខាន់ទៅលើការស្វែងយល់ពីតួនាទីរបស់សភាពាណិជ្ជកម្មកម្ពុជា នៅក្នុង និងក្រៅប្រទេស ព្រមទាំងស្វែងរកកាលានុវត្តភាពក្នុងការសហការគ្នា ដើម្បីជំរុញ និងលើកទឹកចិត្តវិនិយោគិនហុងកុងមកកម្ពុជា។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលបានជួបក្រុមវិនិយោគិនខាងលើ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១១ ខែឧសភា ថា វិនិយោគិន និងធុរជនហុងកុងបានមកសាកសួរព័ត៌មានថាតើនីតិវិធីបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រុងហុងកុងត្រូវធ្វើអ្វីខ្លះ? លោកបន្តថា គោលបំណងនៃការសាកសួរគឺដោយសារ CCC បានបើកការិយាល័យតំណាងរបស់ខ្លួននៅបណ្តាប្រទេសមួយចំនួនរួចហើយ ដូច្នេះពួកគេស្នើឱ្យថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាពិចារណាបើកការិយាល័យតំណាងនៅទីក្រុងហុងកុង។
លោកបញ្ជាក់ថា កន្លងមក CCC បានបើកការិយាល័យតំណាងនៅក្នុងទីក្រុងតូរ៉ុនតូ (ប្រទេសកាណាដា) និងបន្ទាប់មកនៅក្នុងទីក្រុងសេនដាយ (ប្រទេសជប៉ុន) និងថ្មីៗនេះ CCC ក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងទីក្រុងមែលប៊ន និងស៊ីដនី (ប្រទេសអូស្ត្រាលី) ផងដែរ។
លោកនិយាយថា៖ «ដោយសារខាងហុងកុងឃើញយើងបើកការិយាល័យតំណាងបានមួយចំនួននៅក្រៅប្រទេសហើយនោះទើបគេមកសាកសួរយើងដើម្បីសុំធ្វើជាតំណាងទៅបើកនៅទីក្រុងហុងកុង។ គោលបំណងរបស់គេគឺចង់ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសកម្ពុជាជាទិសដៅវិនិយោគ និងជំនួញបន្ទាប់ពីហុងកុង។ គេសម្លឹងឃើញសក្តានុពលរបស់កម្ពុជាមានច្រើន និងគេមិនសម្លឹងប្រទេសណាផ្សេងឡើយ»។
លោកបន្តថា៖ «យើងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយសារប្រទេសកម្ពុជាទីក្រុងហុងកុងមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ ការបង្កើតការិយាល័យតំណាង CCC នៅហុងកុង គឺជារឿងដ៏ល្អដែលធ្វើឱ្យយើងមានចលនាទាំងវិនិយោគ និងការធ្វើពាណិជ្ជកម្មកាន់តែប្រសើរ»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ទីក្រុងហុងកុងគឺជាច្រកសេដ្ឋកិច្ចក្នុងតំបន់ដ៏សំខាន់មួយដែលកម្ពុជាអាចទាញយកផលប្រយោជន៍ពីការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីនោះ ដោយសារតែស្ថាប័ននោះនឹងដើរតួនាទីដ៏ចម្បងក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងវិស័យសក្តានុពលនានា។
លោកប្រាប់ថា៖ «វាជារឿងដ៏ល្អមួយដែលយើងមានការិយាល័យតំណាងពាណិជ្ជកម្មនៅទីក្រុងហុងកុង ព្រោះយើងមានកន្លែងមួយដែលអាចផ្តល់ព័ត៌មានដល់វិនិយោគិន គឺមិនត្រឹមមកពីហុងកុងប៉ុណ្ណោះទេ ប៉ុន្តែក៏មានវិនិយោគិនអន្តរជាតិ និងក្រុមហ៊ុនធំៗនៅជុំវិញពិភពលោកយល់ដឹងច្បាស់អំពីវិស័យសក្តានុពល និងគោលនយោបាយនានារបស់រដ្ឋាភិបាល ដើម្បីផ្តល់ជាធាតុចូលដល់ពួកគេក្នុងការពិចារណា»។
បើតាមលោក ម៉េងតិច នៅពេលដែលខាងភាគីហុងកុងដាក់សំណើជាផ្លូវការ លោកនឹងធ្វើការជាមួយក្រសួងពាណិជ្ជកម្ម លើសំណើនេះ ព្រោះរាល់ការបង្កើតការិយាល័យតំណាងរបស់ CCC គឺត្រូវមានការឯកភាពពីរដ្ឋាភិបាលផងដែរ។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ហុងកុងមានទឹកប្រាក់ជាង ៩៤៦ លានដុល្លារកាលពីឆ្នាំ ២០២២ ធ្លាក់ចុះជាង ១ ភាគរយបើធៀបនឹងឆ្នាំ ២០២១៕