
កម្មករ-កម្មការិនីកំពុងធ្វើការក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ ត្រូវបានកម្ពុជាទទួលបានពីការនាំចេញទំនិញទៅទីផ្សារអាមេរិកនៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣ ដោយធ្លាក់ចុះជាង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈចំនួនទឹកប្រាក់នាំចេញក្នុងខែមេសា បានធ្លាក់ចុះដល់ ១៩ ភាគរយ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា នៅក្នុងរយៈពេល ៤ ខែកន្លងមក កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអាមេរិក នៅក្នុងទឹកប្រាក់សរុប ២,៤៥០ ពាន់លានដុល្លារ ថយចុះ ១៦,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានចំនួន ២៩២៤ លានដុល្លារ។ ចំណែកកម្ពុជានាំចូលទំនិញពីអាមេរិក មានទឹកប្រាក់ ៧៥ លានដុល្លារធ្លាក់ចុះ ២៨,១ ភាគរយពីចំនួន ១០៤ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែឧសភា ថា មូលហេតុដែលធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ពិសេសការនាំចេញរបស់កម្ពុជាធ្លាក់ចុះច្រើនក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺដោយសារតែសេដ្ឋកិច្ចអាមេរិកកំពុងជួបបញ្ហាជាច្រើនដូចជា ជម្លោះភូមិសាស្ត្រនយោបាយជាមួយប្រទេសធំៗ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន បញ្ហាអតិផរណាក្នុងប្រទេស និងភាពយឺតយ៉ាវនៃអត្រាកំណើនសេដ្ឋកិច្ចជាដើម។ នៅពេលសេដ្ឋកិច្ចមានបញ្ហា ប្រជាជននឹងរឹតត្បិតការចំណាយលើផលិតផលមិនមែនជាតម្រូវការចាំបាច់ ដែលនេះជាមូលហេតុធ្វើឱ្យការបញ្ជា ទិញពីអាមេរិកធ្លាក់ចុះ។
លោកថ្លែងថា៖ «ដោយសារសេដ្ឋកិច្ចអាមេរិកមិនសូវល្អ ដូច្នេះការបញ្ជាទិញទំនិញពីក្រៅប្រទេសប្រាកដជាធ្លាក់ចុះ បើទោះបីទំនិញផលិតនៅកម្ពុជាទទួលបានភាពអនុគ្រោះពន្ធនាំចូលទៅទីផ្សារអាមេរិកក៏ដោយ»។
បើតាមលោក លឹម ហេង ភាគច្រើននៃទំនិញដែលកម្ពុជានាំទៅទីផ្សារអាមេរិក គឺសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ បន្ទះសូឡា និងផលិតផលកសិកម្ម ចំណែកទំនិញដែលអាមេរិកនាំមកកម្ពុជាមានដូចជា រថយន្ត គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងបរិក្ខារពេទ្យ ជាដើម។
លោកប្រាប់ទៀតថា បច្ចុប្បន្នក្រៅពីទីផ្សារសក្តានុពលដែលមានស្រាប់ រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាក៏កំពុងខិតខំពង្រីកការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិននៅតាមបណ្តាប្រទេសជាច្រើនឱ្យងាកមកបញ្ជាទិញពីកម្ពុជា ឬមកបើកអាជីវកម្មនៅកម្ពុជាផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី ៦ និងទី ៧ ខែឧសភា សភាពាណិជ្ជកម្មកម្ពុជា ទើបបានធ្វើពិធីបើកដំណើរការជាផ្លូវការនូវការិយាល័យតំណាងរបស់ខ្លួននៅក្នុងទីក្រុងមែលប៊ន និងនៅទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី បន្ទាប់ពីការិយាល័យតំណាងចំនួន ២ ដែលមានរួចមកហើយនៅក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា និងនៅទីក្រុងសេនដៃ ប្រទេសជប៉ុន។
កាលពីដើមខែឧសភា នេះប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលផលិតផលបន្ទះសូឡាផលិតនៅក្នុងប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម (CMTV) ដែលប្រទេសអាមេរិកផ្តល់ឱ្យកាលពីឆ្នាំ ២០២២ ក៏ត្រូវបានព្រឹទ្ធសភាអាមេរិក សម្រេចដកហូតយកទៅវិញផងដែរ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) កាលពីឆ្នាំ ២០២១ កម្ពុជា បាននាំចេញបន្ទះសូឡាទៅក្រៅប្រទេស ៥៤ ៣១៩,៨៣ តោន កើនជាង ២៧ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលស្មើនឹងទឹកប្រាក់ ២៧៤ លានដុល្លារ។ ក្នុងនោះការនាំចេញទៅអាមេរិក មានប្រមាណជាង ៥៣ម៉ឺនតោន កើនជាង ៣៣ ភាគរយ ដោយគិតជាប្រាក់ជិត ២៥៧ លានដុល្លារ។
ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជាង ៩,២៨១ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ៧, ៨២៦ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជិត ៨,៩៦៩ ពាន់លានដុល្លារ កើនឡើង ១៩,៧ ភាគរយ និងនាំចូលមានចំនួនជាង ៣១២ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពជាង ៨,៦៥៦ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕