ភ្នំពេញៈ ក្តាមថ្ម ជាសត្វសមុទ្រ ១ ប្រភេទ ដែលកំពុងមានតម្រូវការ និងហាងឆេងខ្ពស់នៅលើទីផ្សារ ពិសេសនៅរាជធានីភ្នំពេញ។ ចំណែកឯរបរចិញ្ចឹមក្ដាមថ្មវិញ តែងត្រូវបានគេយល់ថា ជារបរដែលមានតែនៅតំបន់សមុទ្រ ក៏ប៉ុន្តែបច្ចុប្បន្ននេះរបរចិញ្ចឹមក្ដាមថ្ម ក៏គេអាចចិញ្ចឹមបានតាមបច្ចេកទេសទំនើបមិនរើសទីតាំងដោយសារការដាក់ចិញ្ចឹមនៅក្នុងប្រអប់ដាច់ដោយឡែកពីគ្នា ហើយថែមទាំងមិនតម្រូវឱ្យម្ចាស់កសិដ្ឋានជីកស្រះ ឬធ្វើអាងឡើយ។
ជាវិស្វករដែលធ្វើការក្នុងវិស័យសំណង់ ដោយគ្មានជំនាញកសិកម្មសោះ តែយុវជនខ្មែរ ១ រូបសម្លឹងឃើញឱកាស និងបានសម្រេចចិត្តផ្លាស់ប្តូរអាជីពទៅបើកកសិដ្ឋានចិញ្ចឹមក្តាមថ្មក្នុងប្រអប់តាមបែបបច្ចេកទេស ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុវជន ឧត្តម ទិត្យា ដែលជាម្ចាស់កសិដ្ឋាន «ក្តាមថ្មភ្នំពេញ» បានប្រាប់ឱ្យដឹងថា អាជីវកម្មរបស់លោកមិនធំពេកទេ ដោយលោកបានចាប់ផ្តើមដំបូងជាលក្ខណៈគ្រួសារ ពោលគឺដំណើរការនៅក្រោយផ្ទះ ដោយសារមានដីទំនេរស្រាប់ផង និងដោយសារអាជីវកម្មក្ដាមថ្មនៅក្នុងប្រអប់ វាមិនទាមទារទីតាំងធំពេកទេ គឺត្រឹម ៦០ ម៉ែត្រការ៉េតែប៉ុណ្ណោះ។
លោក ឧត្តម ទិត្យា បានរៀបរាប់ឱ្យដឹងពីចំណុចចាប់ផ្តើមអាជីវកម្មរបស់លោកថា៖ «តាមពិតទៅចំណុចសំខាន់ច្រើនមែនទែន តែដំបូងឡើយផ្ដើមចេញពីការទៅហូបគុយទាវ ខ្ញុំហៅគុយទាវគ្រឿងសមុទ្រ ប៉ុន្តែភាគច្រើនមានតែបង្គា និងមឹក អត់មានក្ដាម ហើយចំណែកនៅតាមហាងគ្រឿងសមុទ្រ ក៏អ៊ីចឹង មានតែមឹកបង្គាៗ»។
លោកបន្តថា៖ «ដល់អ៊ីចឹង ខ្ញុំក៏មានគំនិតចង់នាំយកក្ដាមថ្មឱ្យមានវត្តមានលើទីផ្សារ ដល់ពេលខ្ញុំស្រាវជ្រាវមើលទៅ នៅភ្នំពេញដូចជាមិនមានច្រើនទេ ណាមួយសម្រាប់អាជីវកម្មនេះ អាចនិយាយបានថា ខ្ញុំចាប់ផ្ដើមបានមុនគេបន្តិច»។
សម្រាប់ជំនាញនេះដែរ យុវជន ឧត្តម ទិត្យា ថា លោកគ្មានជំនាញកសិកម្មទាល់តែសោះ ដែលធាតុពិត លោកគឺជាវិស្វករធ្វើការខាងសំណង់តែលោកចេះតែឆ្លៀតគិតមើលទៅ ក៏យល់ឃើញថា ការចិញ្ចឹមក្តាមវាទំនង ក៏ចង់ចាប់ផ្តើមអាជីពនេះ។
ក្រោយសម្លឹងឃើញឱកាស និងមានគោលដៅច្បាស់លាស់ លោកបានគិតទុកតាំងពីពេលនៅធ្វើការឱ្យគេ។ សម្រាប់បច្ចេកទេសចិញ្ចឹម គឺលោករៀនតាមរយៈអនឡាញ ដែលជាការបង្រៀនពីក្រៅប្រទេស ដូចជាម៉ាឡេស៊ី និងហ្វីលីពីន។
លោកបញ្ជាក់ថា៖ «ដោយសារពេលនោះជាពេលរាលដាលនៃមេរោគកូវីដ ១៩ គេបើកបង្រៀនតាមអនឡាញគឺខ្ញុំរៀនតាមអនឡាញសុទ្ធសាធ ហើយចម្ងល់វិញ គឺមានច្រើនខ្លាំងមែនទែន ទម្រាំខ្ញុំអាចឆ្លងផុតដំណាក់កាលបច្ចេកទេសបាន»។
ទាក់ទិននឹងបច្ចេកទេសចិញ្ចឹមដដែលនេះម្ចាស់កសិដ្ឋានក្តាមថ្មភ្នំពេញ បានឱ្យដឹងថា សម្រាប់ក្ដាមថ្មដែលលោកចិញ្ចឹមនៅភ្នំពេញនេះ មិនមែនចិញ្ចឹមតាំងពីតូចតែម្តង ឬបង្កាត់ពូជថ្មីទេ ពោលគឺជាការនាំយកក្ដាមនៅសមុទ្រខ្មែរ ដូចជាពីខេត្តព្រះសីហនុ និងខេត្តកោះកុងគឺលោកយកក្ដាមណាដែលស្ទើរសាច់ ឬក៏ពេញសាច់ហើយ មកដាក់ក្នុងប្រអប់ដូចជាកន្លែងស្តុកទៅវិញទេ បន្ទាប់មកទើបលោកយកទៅលក់ ឬបោះលក់បន្តវិញ។
ចំពោះលក្ខណពិសេសរបស់អាជីវកម្មក្ដាមថ្មរបស់លោក ឬអាជីវកម្មក្ដាមថ្មក្នុងប្រអប់តាមបច្ចេកទេសទំនើបនេះ លោក ឧត្តម ទិត្យា បានឱ្យដឹងថា វាមានលក្ខណពិសេសច្រើន ពិសេសគឺអនាម័យ ហើយបើគិតតែត្រឹមរឿងតម្លៃមួយ គឺអាចប្រកួតប្រជែងជាមួយអ្នកនៅសមុទ្របានទៀតផង។
សម្រាប់តម្រូវការវិញលោក ឧត្តម ទិត្យា បានឱ្យដឹងថា៖ «អាចនិយាយថា កំពុងមានតម្រូវការខ្ពស់ ដោយសារមិនមានកសិដ្ឋានបែបនេះច្រើន ឬពិបាករកដូចនៅតាមផ្សារកាលណាអតិថិជនគាត់រកអត់បានវាថ្លៃ ហើយទុកមិនបានយូរទៀតដោយសារវាជារបស់រស់»។
លោកបានបន្តថា ទៅមុខលោកក៏មានគម្រោងធ្វើឱ្យតាមហាងលក់នានានៅភ្នំពេញត្រូវតែមានក្ដាមថ្មលក់ មិនអាចមានតែមឹក និងបង្គាដូចបច្ចុប្បន្ននោះទេ។
លោកឧត្តម ទិត្យាបានបន្តថ្លែងថា បច្ចុប្បន្ននេះកសិដ្ឋានរបស់លោកមានចំនួន ១ ពាន់ប្រអប់ ដែលអាចផ្គត់ផ្គង់ក្តាមថ្មជាច្រើនប្រភេទដូចជាក្តាមលេខ១ លេខ ២ លេខ ៣ ក្ដាមធំ ក្ដាមសេះ ក្ដាមពង និងមានតម្លៃចាប់ពី ២ ម៉ឺនរៀល ដល់ ១២ ម៉ឺនរៀលក្នុង ១ គីឡូក្រាម។
បន្ថែមពីលើនេះ លោកបានឱ្យដឹងពីប្រភេទអតិថិជនរបស់លោកថា៖ «សម្រាប់បច្ចុប្បន្ននេះ ខ្ញុំកំពុងពិនិត្យទីផ្សារបន្ថែមផង និងមានម៉ូយស្រាប់ផង ដែលពួកគាត់ភាគច្រើនជាភោជនីយដ្ឋាន អ្នកលក់គ្រឿងសមុទ្រ និងពិសេសអតិថិជនដែលគាត់មកទិញផ្ទាល់តែម្ដង ដូចនៅភ្នំពេញយើងគាត់រកភ្លាមៗគឺរកមិនបានទេ ភ្លាមៗ ស្រស់ៗ ចំហុយចេញជាទឹក យកទៅពិសាភ្លាមៗគឺអត់មានទេ ពោលគឺមានតែយើង ហ្នឹងហើយដែលជាចំណុចពិសេស»។
ជាប្រភេទអាជីវកម្មកម្រ និងមានតម្រូវការខ្ពស់ លោក ឧត្តម ទិត្យា បានឱ្យដឹង និងរំពឹងថា វាអាចទាញចំណូលបានដល់ខ្ទង់ម៉ឺនដុល្លារឯណោះក្នុង ១ ខែ ប៉ុន្តែវាអាស្រ័យទៅលើគំរូអាជីវកម្មផងដែរ។
លោកឧត្តម ទិត្យា បានបកស្រាយថា៖ «ឧបមាថា កសិដ្ឋានខ្ញុំមាន ១ ពាន់ប្រអប់ ថ្ងៃនេះខ្ញុំដាក់ ៥០០ ក្ដាមខាងភោជនីយដ្ឋានគេយកទៅបាត់អ៊ីចឹងខ្ញុំដាក់ ៥០០ ក្ដាមចូលទៀត ដូច្នេះ ១ ថ្ងៃ យើងអាចលក់សឹងតែ ៣០០-៤០០ គីឡូក្រាមក៏បានដែរ អ៊ីចឹងដូចថា ក្ដាម ១ តម្លៃ ២០ ដុល្លារ គុណនឹង ៣០០គីឡូប៉ុន្មានទៅ នេះហើយជាមូលហេតុដែលខ្ញុំថា អាជីវកម្មនេះ អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារ»។
ម្ចាស់កសិដ្ឋានក្តាមថ្មភ្នំពេញលើកឡើងថា វាជាអាជីវកម្មថ្មីនៅក្នុងស្រុកយើង អ៊ីចឹងវាជាអាជីវកម្មមួយដែលនឹងអាចដើរទៅមុខយូរទៀត ហើយវាក៏ល្អសម្រាប់អ្នកចង់ចិញ្ចឹមបន្ត ឬក៏បន្ថែមជំនាញព្រោះការងារនេះវាមិនរវល់អ្វីច្រើនទេ សម្រាប់អ្នកធ្វើការ ពេលថ្ងៃធ្វើការធម្មតាពេលយប់ចាំថែទាំវាចុះ៕