
វិភាគដោយ៖ លោក ញឹម កុសល អនុប្រធានចាត់ការទូទៅ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

តម្លៃប្រេងបានចាប់ផ្តើមទំនោរធ្លាក់ចុះពេញ ១ ខែ នៃខែមេសា ពីកម្រិតខ្ពស់ បំផុត ៨៣,៣០ ដុល្លារ (ក្នុង ១ បារ៉ែល) ដល់កម្រិតទាបបំផុត ៦៣,៦៥ ដុល្លារ នៅដើមខែឧសភា ហើយសម្ទុះចាប់ផ្តើមស្ទុះងើបឡើងវិញ បន្ទាប់ពីឈានដល់កម្រិតតម្លៃទាបដ៏រឹងមាំ ៦៤ ដុល្លារ នៅពាក់កណ្តាលខែមីនា។
វគ្គជួញដូរនៅថ្ងៃចន្ទសប្តាហ៍នេះ តម្លៃប្រេងឆៅបានដំណើរការយ៉ាងល្អ ក្នុងសម្ទុះកើនឡើង ១,៥% ពីកម្រិតទាប ៦៩,៤០ ដុល្លារ ដល់កម្រិតខ្ពស់ ៧១,៦៥ ដុល្លារ។ ប៉ុន្ដែតម្លៃប្រេងឆៅអាចប្រឈមនឹងការលំបាកក្នុងការបង្កើតនិន្នាការកើនឡើង ខណៈដែលរបាយការណ៍ កាលពីសប្តាហ៍មុនស្តីពីស្តុកប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន ៣ លានបារ៉ែល និងបានបន្ថែមការព្រួយបារម្ភអំពីកំណើនរបស់សហរដ្ឋអាមេរិក បន្ទាប់ពីទិន្នន័យនៃការលក់រាយ បានកើនឡើង ០,៤% ទាបជាងការរំពឹងទុក ០,៤%។
ចំណែកទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ប្រេងឆៅ ដ៏ធំបំផុតរបស់ពិភពលោក ដែលបានចេញផ្សាយនៅសប្តាហ៍នេះ ប្រហែលជានឹងរារាំងទីផ្សារមិនឱ្យកើនឡើងដើម្បីបង្កើតសម្ទុះកើនឡើង ខណៈដែលផលិតកម្មឧស្សា-ហកម្មបានបង្ហាញពីភាពប្រសើរឡើង។
តាមលក្ខណៈបច្ចេកទេសវិញ តម្លៃប្រេងនៅថ្ងៃពុធកំពុងជួញដូរក្នុងតម្លៃប្រហែល ៧០ ដុល្លារ។ តម្លៃអាចចុះទាបបន្ថែមទៀត ដើម្បីមកប៉ះនឹងកម្រិតតម្លៃទាប ៦៤ ដុល្លារ ខណៈពេលដែលទីផ្សារអាចបញ្ជាក់ពីការកើនឡើងនៅពេល ដែលតម្លៃអាចបំបែកកម្រិត ៧៣,៨៥ ដុល្លារ ហើយនឹងអាចឡើងដល់ ៧៩,៥ ដុល្លារ៕
