ភ្នំពេញៈ ផ្នែកឯកជនអះអាងថា ការដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (Authorized Economic Operator Programme-AEO) របស់រដ្ឋាភិបាលកម្ពុជា គិតចាប់ពីដើមខែឧសភាតទៅ គឺបង្កនូវភាពងាយស្រួលបន្ថែមទៀតសម្រាប់វិនិយោគិន ហើយក៏ជាយុទ្ធសាស្ត្រល្អមួយក្នុងការជួយទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនផងដែរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីចុងខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី «ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត» ដោយបានលើកឡើងថា ដើម្បីចូលរួមអនុវត្តកាតព្វកិច្ចរបស់កម្ពុជាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីលើកទឹកចិត្តដល់ធុរជនមានអនុលោមភាពខ្ពស់ ស្របតាមគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់រាជរដ្ឋាភិបាលក៏ដូចជាឧត្តមានុវត្តអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចដាក់ឱ្យអនុវត្ ត«កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត» ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ តទៅ។
លិខិតបន្តថា កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតគឺជាកម្មវិធីមួយនៃភាពជាដៃគូរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងផ្នែកឯកជន ដើម្បីសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ និងសុវត្ថិភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់សកល។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «តាមរយៈកម្មវិធីនេះ [ប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត] នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ និងការលើកទឹកចិត្តជាច្រើនពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងការអនុវត្តនីតិវិធីគយ ឬការបំពេញបែបបទគយ រួមទាំងអត្ថប្រយោជន៍ពីការចុះកិច្ចព្រមព្រៀងទទួលស្គាល់ប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតទៅវិញទៅមក (Mutual Recognition Agreements MRA) ជាមួយបណ្តាប្រទេសដៃគូនានានៅលើពិភពលោកផងដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ឧសភាថា ការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់របស់រដ្ឋាភិបាលទៅលើនីតិវិធី ប្រព័ន្ធ និងមធ្យោបាយបង់ពន្ធ និងការនាំចេញ-នាំចូលទំនិញជាមួយបណ្តាប្រទេសដៃគូ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាយុទ្ធសាស្ត្រចម្បងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងបរទេសឱ្យបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ លោកបន្ថែមថា ពេលស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចពិភពលោកល្អប្រសើរ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាប្រាកដជានឹងហក់ឡើងខ្ពស់។
លោកថ្លែងថា៖ «ការដាក់ឱ្យអនុវត្តកម្មវិធីនេះ គឺជាអ្វីដែលផ្នែកឯកជនចង់បានជាយូរមកហើយព្រោះកម្មវិធីនេះដើរស្របនឹងការវិវឌ្ឍរបស់ពិភពលោកទាក់ទងទៅនឹងការបង់ពន្ធគយ និងចរាចរណ៍ទំនិញអន្តរជាតិ។ នៅពេលនីតិវិធីទំនិញឆ្លងកាត់ព្រំដែនកាន់តែងាយសកម្មភាពពាណិជ្ជកម្មអន្តរជាតិក៏មានទំហំកាន់តែធំដែរ»៕