ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន នៅក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំ ២០២៣ សម្រេចបានក្នុងទឹកប្រាក់ជិត ៣,៩ ពាន់លានដុល្លារ ធ្លាក់ចុះតិចតួច បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈការនាំទំនិញពីកម្ពុជាទៅទីផ្សារប្រទេសចិន កើនឡើងជិត ៤ ភាគរយ។
យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទឹកប្រាក់សរុប ៣ ៨៩៤,០១លានដុល្លារ ធ្លាក់ចុះ ០,៩ភាគរយ បើធៀបនឹង ៣ ៩៣០,៧១លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងចំនួនខាងលើ គឺការនាំទំនិញពីកម្ពុជាទៅប្រទេសចិនមានទឹកប្រាក់ ៤៣៩,៥៤លានដុល្លារ កើនឡើង ៣,៧ភាគរយ ពីចំនួន ៤២៣,៧២លានដុល្លារ និងទំនិញចិននាំមកកម្ពុជា ៣ ៤៥៤,៤៧លានដុល្លារ ធ្លាក់ចុះ ១,៥ភាគរយពីចំនួន ៣ ៥០៦,៩៩លានដុល្លារ។ តាមរយៈចំនួនទឹកប្រាក់ខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាជាមួយនឹងប្រទេសចិន គឺមានឱនភាព ៣ ០១៤,៩២លានដុល្លារ។
សម្រាប់ខែមេសា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទឹកប្រាក់សរុប ១ ០៣១,៥៩លានដុល្លារ ធ្លាក់ចុះ ២,៤ភាគរយធៀបខែមេសា ឆ្នាំ២០២២ ដែលមានចំនួន ១ ០៥៧,២៨លានដុល្លារ។ ទឹកប្រាក់កម្ពុជានាំទៅប្រទេសចិន គឺ ១០១,៩លានដុល្លារ កើនឡើង ៨,៨ភាគរយ និងទំនិញនាំមកពីប្រទេសចិន ៩២០,៧លានដុល្លារ ធ្លាក់ចុះ ៣,៦ភាគរយ។
ចំនួនទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅប្រទេសចិន ក្នុងរយៈពេល ៤ខែនៃឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង ៤ខែដើមឆមាសទី២ ឆ្នាំ២០២២ គឺកើនឡើង ១៦,៨ភាគរយ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៨ ខែឧសភាថា ទោះបីការធ្វើពាណិជ្ជកម្មអន្តរជាតិនាអំឡុងពេលជិត ១ឆ្នាំមកនេះបានធ្លាក់ចុះនៅស្ទើរគ្រប់ប្រទេស ក៏ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន មិនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទេ។ ការរក្សាបានលំនឹងនេះ គឺដោយសារតែរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង២ មានទំនាក់ទំនងល្អជាមួយគ្នា។ លោកបន្តថា អ្វីដែលគួរកត់សម្គាល់ គឺទឹកប្រាក់នៃការនាំចេញរបស់កម្ពុជា គឺមិនបានធ្លាក់ឡើយ។ ចំពោះមូលហេតុនៃកំណើននេះ អាចដោយសារតែការនាំចេញកសិផលមានកាន់តែច្រើន។
លោកលើកឡើងទៀតថា តាមតួលេខ គឺការនាំចេញរបស់កម្ពុជាទៅប្រទេសចិនកំពុងកើនឡើង និងការនាំទំនិញពីចិនមកកម្ពុជាធ្លាក់ចុះ ប៉ុន្តែប្រសិនបើគេមើលទៅលើតុល្យភាពទំហំទឹកប្រាក់ទ្វេភាគី គឺកម្ពុជាមានតែងជាង ១០ភាគរយប៉ុណ្ណោះ ខណៈទឹកប្រាក់ចិននាំទំនិញមកកម្ពុជាមានរហូតដល់ជាង ៨០ភាគរយ។
ក្នុងនាមជាអ្នកសេដ្ឋកិច្ច លោក វណ្ណៈ បានបញ្ជាក់ថា៖«កម្ពុជាក៏ត្រូវខិតខំពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបានខ្លាំង និងមានលក្ខណៈចម្រុះបន្ថែមទៀត ដើម្បីអាចមានឱកាសបង្ហាញវត្តមានកាន់តែច្រើននៅទីផ្សារប្រទេសចិន និងប្រទេសផ្សេងៗទៀត»។
ចំណែកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា មូលហេតុដែលទឹកប្រាក់នៃការនាំទំនិញពីចិន មកកម្ពុជាមានចំនួនច្រើនលើសលប់ពីការនាំចេញរបស់កម្ពុជា គឺដោយសារតែប្រទេសចិន គឺជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់សម្រាប់ដំណើរការរោងចក្រផលិតកម្មនៅកម្ពុជា។ ក្រៅពីវត្ថុធាតុដើមសម្រាប់រោងចក្រកែច្នៃ កម្ពុជាក៏បាននាំចូលផលិតផលចិនមកបំពេញតម្រូវការប្រើប្រាស់នៅក្នុងស្រុកផងដែរ ដូចជា គ្រឿងសំណង់ សម្ភារការិយាល័យ គ្រឿងអគ្គិសនី-អេឡិចត្រូនិក និងផលិតផលប្រើប្រាស់បប្រចាំថ្ងៃជាច្រើនទៀត។
លោកប្រាប់ថា៖«វាមិនមែនជារឿងអវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជានោះទេ ដែលទឺកប្រាក់នាំចូលទំនិញពីចិនច្រើនលើសលប់ ធៀបនឹងការនាំចេញរបស់កម្ពុជា ព្រោះផលិតផលដែលនាំចូលពីចិនមានភាគច្រើន គឺជាគ្រឿងផ្សំ ឬវត្ថុធាតុដើមសម្រាប់យកមកកែច្នៃជាផលិតផលសម្រេចសម្រាប់នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ»។
លោកប្រាប់ទៀតថា ចំនួនទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅប្រទេសចិនត្រូវបានរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត ខណៈកាលពីពេលថ្មីៗនេះប្រទេសចិន ទើបអនុញ្ញាតឱ្យកម្ពុជានាំម្រេចជាផ្លូវការទៅទីផ្សាររបស់ខ្លួន បន្ថែមលើកសិផលដែលបានអនុញ្ញាតកន្លងមកដូចជា ចេកស្រស់ ស្វាយស្រស់ និងផ្លែមៀន ជាដើម។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុប ១១ ៦៨៦,១៦៤លានដុល្លារ កើនឡើង ៤,៤ភាគរយធៀបឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន ១ ២៤០,៦៣លានដុល្លារ ថយចុះ ១៧,៩ភាគរយ និងទំនិញកម្ពុជានាំចូលពីចិន មាន ចំនួន ១០ ៤៤៥,៥៣៣លានដុល្លារ កើន ៧,៩ភាគរយ៕