ភ្នំពេញៈ ធនាគារពិភពលោក (WB) បានកែតម្រូវការព្យាករសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាដល់ ៥,៥ ភាគរយនៅឆ្នាំ ២០២៣ នេះពី ៥,២ ភាគរយ កាលពីខែមេសា ដែលបានឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច បើទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ។
ទោះយ៉ាងនេះក្តី កំណើននេះប្រឈមនឹងហានិភ័យធ្លាក់ចុះដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការខាងក្រៅ ដែលនឹងធ្វើឱ្យផលិតកម្មនាំមុខដោយការនាំចេញរបស់កម្ពុជាអាចចុះខ្សោយ ហើយការរឹតបន្តឹងហិរញ្ញវត្ថុសកលក៏អាចប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជាដែលពឹងអាស្រ័យខ្លាំងទៅលើទុនមកពីក្រៅសម្រាប់ការវិនិយោគ។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែឧសភា ឆ្នាំ ២០២៣ «ការស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ ១៩» លោកស្រី Maryam Salim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ការស្ទុះងើបឡើងវិញសេដ្ឋកិច្ចរបស់កម្ពុជាបានរឹងមាំនៅឆ្នាំ ២០២២ ជាមួយនឹងកំណើនពិតប្រាកដកើនដល់ ៥,២ ភាគរយ។
លោកស្រីឱ្យដឹងថា សេដ្ឋកិច្ចកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្ទុះងើបឡើងវិញយ៉ាងរឹងមាំ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២៣ ត្រូវបានព្យាករថា នឹងកើនឡើងបន្ថែមទៀតដែលកើនឡើងដល់ ៥,៥ ភាគរយ។ ទោះយ៉ាងណាក៏ដោយចក្ខុវិស័យគឺស្ថិតក្រោមហានិភ័យធ្លាក់ចុះ។
លោកស្រីបន្តថា៖ «វិបត្តិតម្លៃប្រេងជាថ្មីអាចបង្កឱ្យមានអតិផរណា និងកាត់បន្ថយការប្រើប្រាស់ក្នុងស្រុក។ សម្រាប់កត្តាក្នុងស្រុក ការផ្តោតលើឥណទានក្នុងស្រុកក្នុងវិស័យសំណង់នៅតែជាហានិភ័យសំខាន់មួយចំពោះស្ថិរភាពហិរញ្ញវត្ថុ»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីពាក់កណ្តាលខែមេសាបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានអត្រា ៥,៨ ភាគរយនៅក្នុងឆ្នាំ ២០២៣ និង ៦,២ ភាគរយឆ្នាំ ២០២៤។ កំណើននេះ នឹងត្រូវបានគាំទ្រដោយកំណើននៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម ដែលភាគច្រើនត្រូវបានជំរុញដោយការបើកដំណើរការឡើងវិញនៃប្រទេសចិន នាចុងឆ្នាំ ២០២២។
ប្រធានបេសកកម្មរបស់ IMF ទទួលបន្ទុកកម្ពុជា លោក Dvide Furceri បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែមេសាថា ទោះបីជាការព្យាករកំណើននៅក្នុងឆ្នាំ ២០២៣ មានភាពរឹងមាំ ប៉ុន្តែវានៅតែមានភាពមិនច្បាស់ជាច្រើននៅក្នុងចក្ខុវិស័យនេះ។
លោកប្រាប់ថា៖ «យើងមានហានិភ័យធ្លាក់ចុះដ៏សំខាន់ដែលទាក់ទងនឹងការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅអាមេរិក និងអឺរ៉ុប។ ប៉ុន្តែវាក៏មានសក្ដានុពលកើនឡើងដែរ ដោយសារវិស័យទេសចរណ៍អាចដំណើរការបានល្អជាងការព្យាករ»។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងក្នុងបទបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលនាំមុខដោយការផលិត ដោយការនាំចេញ ដែលមានកត្តាជំរុញកំណើនបានវិវត្តទៅរកវិស័យសេវាកម្ម និងវិស័យកសិកម្ម។ មានការកើនឡើងប្រាក់ចំណូលនៅក្នុងស្រុក ដូច្នេះកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ ៥,៥ ភាគរយក្នុងឆ្នាំ ២០២៣ នេះ។
លោកបានចង្អុលបង្ហាញថា ការត្រឡប់មកវិញជាថ្មីនៃភ្ញៀវទេសចរបរទេសចំនួន ០,៨៣ លាននាក់ចន្លោះពីខែមករា-ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងនោះការមកដល់តាមផ្លូវអាកាសបានកើនឡើងដល់ ៣៧,៥ ភាគរយ ក្នុងឆ្នាំ ២០២៣ ពី ៣០,១ ភាគរយកាលពីឆ្នាំ ២០២២ ខណៈអតិផរណាបានត្រឡប់ទៅកម្រិតមុនវិបត្តិចំនួន ២,២ ភាគរយក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។ ការនាំចេញទំនិញសរុបបានថយចុះ ១៤,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៣ ធៀបនឹងអត្រាមធ្យម ៦,៧ ភាគរយក្នុងឆ្នាំ ២០១៩។ ក្នុងអត្រានេះ គឺចំនួន ៩៥ ភាគរយដោយសារការថយចុះនៃការនាំចេញទៅអាមេរិក និងសហភាពអឺរ៉ុប។
លោកបានបន្តថា ការធ្លាក់ចុះនៃការនាំចេញសម្លៀកបំពាក់កាត់ដេរ ទំនិញអ្នកដំណើរ និងស្បែកជើង ត្រូវបានស្តែងចេញឱ្យឃើញច្បាស់ដែលរួមចំណែក ១១,៨ ភាគរយចំណុចនៃអត្រា ១៤,២ ភាគរយដែលឆ្លុះបញ្ចាំងពីការឡើងចុះនៃតម្រូវការផលិតផលធៀបនឹងការឡើងចុះនៃចំណូលនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ខុសពីឆ្នាំមុន តម្លៃគម្រោងដែលទទួលបានហិរញ្ញប្បទានពី FDI ដែលត្រូវបានអនុម័តនៅឆ្នាំនេះមានការថយចុះ ពោលគឺមានចំនួនត្រឹមតែ ១៥៦ លានដុល្លារ ឬថយចុះ ៩២,៣ ភាគរយចន្លោះពីខែមករា-កុម្ភៈ ឆ្នាំ ២០២៣។ ទោះយ៉ាងណាវាឆាប់ពេកក្នុងការទាញសេចក្តីសន្និដ្ឋានបែបនេះ ដ្បិតការបើកប្រទេសចិនឡើងវិញអាចនាំឱ្យលំហូរ FDI មានការកើនឡើង៕