
បុរសម្នាក់លីអង្ករដើម្បីលក់ជូនភ្ញៀវនៅក្នុងសង្កាត់ស្រះចក នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាមានបំណងស្នើប្រទេសចិនឱ្យផ្តល់កូតានាំចូលអង្ករពីកម្ពុជាចំនួនលើសពី ៤០ ម៉ឺនតោន ទៅកាន់ទីផ្សាររបស់ខ្លួននាពេលខាងមុខ ខណៈការអនុវត្តអនុស្សរណៈនៃការយោគយល់ (MoU) លើកទី៦ ដែលភាគីចិនផ្តល់ឱ្យកម្ពុជា ៤០ ម៉ឺនតោន កាលពីត្រីមាសទី៤ ឆ្នាំ ២០២១ រហូតមកដល់ពេលនេះបានបញ្ចប់រួចរាល់ហើយ។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់ លើកទី៦ រវាងភាគីកម្ពុជាដែលតំណាងដោយក្រុមហ៊ុន Green Trade និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជាមួយក្រុមហ៊ុនសាជីវកម្មនៃសាធារណរដ្ឋប្រជាមានិតចិន COFCO តាមប្រព័ន្ធអនឡាញកាលពីថ្ងៃ ១៧ ខែឧសភា ឆ្នាំ២ ០២៣ កម្ពុជាបានស្នើឱ្យភាគីចិនរៀបចំអនុស្សរណៈនៃការយោគយល់ លើកទី៧ ដើម្បីឱ្យកម្ពុជាអាចនាំអង្ករទៅប្រទេសចិនបានកាន់តែច្រើន។
CRF បានឱ្យដឹងថា៖ «ភាគីទាំង ២ បានពិភាក្សាលើលទ្ធភាពនៃការរៀបចំអនុស្សរណៈនៃការយោគយល់ លើកទី៧ នៅក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីបើកផ្លូវសម្រាប់ការនាំចេញអង្ករកម្ពុជាឱ្យកាន់តែច្រើនថែមទៀតទៅកាន់ប្រទេសចិន»។
តាមរយៈកិច្ចប្រជុំនោះ ភាគីទាំង ២ បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃភាពរីកចម្រើនលើវិស័យស្រូវអង្ករកម្ពុជា-ចិន ដែលភាគីចិនបានទិញអង្ករពីកម្ពុជា ក្នុងរយៈពេល ១០ ឆ្នាំនេះបានកើនឡើងពី ៦០០ តោននៅឆ្នាំ ២០១១ ទៅដល់ជាង ៣០ ម៉ឺនតោនក្នុង ១ ឆ្នាំ ដែលស្មើនឹង ១០ ភាគរយនៃការនាំចូលអង្ករសរុបរបស់ប្រទេសចិនក្នុង ១ ឆ្នាំ។
លោក ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ដែលជាក្រុមហ៊ុននាំអង្ករ «អង្កររំដួល» របស់កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកា ស្រូវអង្ករពិភពលោក នៅប្រទេសថៃរហូតទទួលបានពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ» ប្រចាំឆ្នាំ ២០២២ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៨ ឧសភា ថា កូតានាំចេញអង្ករចំនួន ៤០ ម៉ឺនតោន ដែលភាគីចិនបានផ្តល់ឱ្យកម្ពុជា ចាប់តាំងពីខែវិច្ឆិកា ២០២១ បានអស់ហើយកាលពីដើមខែឧសភា។ បច្ចុប្បន្នភាគីកម្ពុជាចង់ឱ្យមានការធ្វើអនុស្សរណៈយោគយល់គ្នា លើកទី ៧ ដើម្បីអាចនាំចេញអង្ករទៅចិនក្នុងបរិមាណ ៤០ ម៉ឺនតោន ឬលើសពីនេះ។
លោកបានប្រាប់ថា៖ «បន្ទាប់ពីការអនុវត្ត MoU លើកទី៦ បានបញ្ចប់នៅជំហានបន្ទាប់យើងរំពឹងថា MoU លើកទី៧ នឹងមានបរិមាណលើសពីចំនួន ៤០ ម៉ឺនតោន»។
លោកប្រាប់ទៀតថា បច្ចុប្បន្នការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ គឺកំពុងមានដំណើរការយ៉ាងល្អដោយពេលខ្លះថែមទាំងមិនមានអង្ករគ្រប់គ្រាន់សម្រាប់ការបញ្ជាទិញទៀតផង ព្រោះតែនៅពេលប្រមូលផលម្តងៗគឺមានការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងច្រើនពេក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» នាថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ បានលើកឡើងថា នៅក្នុងបរិបទបច្ចុប្បន្ន កម្ពុជាត្រូវតែខិតខំបង្កើនគុណភាពផលិតផលកសិកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអាចទទួលបានតម្លៃកាន់តែខ្ពស់ ដោយមិនសំដៅតែលើការជំរុញផលិតឱ្យបានច្រើនក្នុងតម្លៃទាបនោះទេ។
លោកបន្តថា ទៅថ្ងៃមុខកម្ពុជាផលិតបានល្មម (ផលកសិផល) តែទទួលបានប្រាក់ចំណេញច្រើនជាងមុន ពោលគឺយកផលចំណេញជាគោល។
លោកបញ្ជាក់ថា៖ «ទីផ្សារក្នុងស្រុកយើងរក្សាថ្លៃ ទីផ្សារក្រៅស្រុកយើងព្យាយាមលើកតម្លៃ ហើយការលើកតម្លៃនេះ គឺមានលទ្ធភាពធ្វើច្រើន»។
បើតាមលោក ទីណា ការលើកកម្ពស់គុណភាព និងតម្លៃផលិតផលរបស់កម្ពុជាគេអាចធ្វើឡើងតាមរយៈការផ្សព្វផ្សាយទៅកាន់ទីផ្សារអន្តរជាតិ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករ ១៧៦ ៥៨១ តោន ក្នុងនោះអង្ករក្រអូបគ្រប់ប្រភេទ ១៥២ ៣៤៧ តោន, អង្ករសគ្រប់ប្រភេទ ១៨ ៧៣៩ តោន, និងអង្ករចំហុយ ៥ ៤៩៥ តោន។ ក្នុងចំណោមអង្ករនាំចេញនោះ គឺនាំទៅប្រទេសចិនចំនួន ៨៤ ៧៧៣ តោន, សហភាពអឺរ៉ុប ៥៦ ៣១៣ តោន, ប្រទេសតំបន់អាស៊ាន ៩ ៩២០ តោន និងទិសដៅដទៃទៀតចំនួន ១៨ ប្រទេស មានបរិមាណសរុប ២៥ ៥៧៥ តោន។
របាយការណ៍ខាងលើឱ្យដឹងទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ កម្ពុជាក៏បាននាំចេញស្រូវចំនួន ១ ៥៦១ ៥១២ តោន ទៅប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៨៦០ ៥៥០ តោន)។
ទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បង្ហាញថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករសរុប ៦៣៧ ០០៤ តោន កើនឡើង ១៩ ៩៣៥ តោន ឬស្មើនឹង ៣,២៣ ភាគរយបើធៀបនឹងឆ្នាំ ២០២១។ ទឹកប្រាក់ដែលប្រទេសកម្ពុជាទទួលបានពីការនាំចេញអង្ករទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ គឺមានប្រមាណ ៤១៤,២៩ លានដុល្លារ៕