ព្រះសីហនុៈ នាវា​ទេសចរណ៍​អ៊ីតាលី Costa Serena បាន​ចូលចត​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ ២០២៣ ក្រោយពី​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ដោយ​មាន​ចំនួន​អ្នក​ទេសចរណ៍​ចំនួន ១ ៦៧១ នាក់។​

នាវា​នេះ​មាន​បណ្ដោយ​ប្រវែង ២៩០,២០ ម៉ែត្រ និង​ទទឹង​មាន​ប្រវែង ៣៥,៥០ ម៉ែត្រ​បាន​ចូលចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​វេលា​ម៉ោង ១៤:១៥ នាទី​រសៀល មាន​ចំនួន​ភ្ញៀវ ១ ៦៧១ នាក់​មកពី ៣៧ សញ្ជាតិ ហើយ​នាវិក​ចំនួន ១ ០៦១ នាក់​មាន​ចំនួន ៣៣ សញ្ជាតិ​ផងដែរ។

នាវា​នេះ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ និង​ចាកចេញ​ទៅកាន់​ប្រទេស​ថៃ​វិញ​នៅវេលា​ម៉ោង ១២:00 នាទី​ថ្ងៃទី ១៨ ខែ​ឧសភា​ឆ្នាំ ២០២៣។ ចំនួន​សញ្ជាតិ​ដែលមាន​ច្រើ​នជាងគេ​គឺ​ជនជាតិ ថៃ ១ ៤៦២ នាក់ និង​ចិន ២៨ នាក់​។ នេះ​បើ​យោងតាម​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ។

ក្រុមការងារ ការិយាល័យ​ព័ត៌មាន​ទេសចរណ៍​និង​ផ្សព្វផ្សាយ​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏បាន​ចូលរួម​ទទួល​ស្វាគមន៍​ដំណើរ​មកដល់​នាវា​ទេសចរណ៍​នេះ​ផងដែរ៕​