
ទិដ្ឋភាពកំពង់ផែស្វយ័តភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងកូរ៉េខាងត្បូង ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣ មានតម្លៃជិត ២៤០ លានដុល្លារ ធ្លាក់ចុះជិត ២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ប៉ុន្តែទោះយ៉ាងណាការនាំទំនិញពីកម្ពុជាទៅទីផ្សារកូរ៉េនៅតែរក្សាបានភាពវិជ្ជមានដោយកើនជិត ២០ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា-មេសា ឆ្នាំ ២០២៣ ការនាំចេញ និងនាំចូលទំនិញរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ២៣៩,១៦ លានដុល្លារ ធ្លាក់ចុះ ១៩,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ២៩៧,៩៦ លានដុល្លារ។
នៅក្នុងនោះទំនិញកម្ពុជានាំទៅទីផ្សារកូរ៉េ ៩០,៦ លានដុល្លារ កើនឡើង ១៩,៣ ភាគរយ និងទំនិញនាំចូលពីប្រទេសកូរ៉េ ១៤៨,៥៦ លានដុល្លារ ធ្លាក់ចុះ ៣៣,១ ភាគរយ។ បើតាមទិន្នន័យ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៣ មានឱនភាព ៥៧,៩៧ លានដុល្លារ។ កូរ៉េ ជាដៃគូពាណិជ្ជកម្មធំជាងគេទី ១១ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក និងវៀតណាម។
ទិន្នន័យបានឱ្យដឹងទៀតថា សម្រាប់ខែមេសា ឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺមានទឹកប្រាក់សរុប ៥៧,៥៥ លានដុល្លារ ថយចុះ ៩,៣៦ ភាគរយបើធៀបខែមេសា ឆ្នាំ ២០២២ ដោយកម្ពុជានាំចេញ ១៨,០៦ លានដុល្លារ កើនឡើង ២៣,៨ ភាគរយ និងនាំចូល ៣៩,៤៩ លានដុល្លារ ធ្លាក់ចុះ ១៩,៣ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា បញ្ហាស្មុគស្មាញដែលកើនឡើងជាបន្តបន្ទាប់នៅលើពិភពលោកបានធ្វើឱ្យចរន្តពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះស្ទើរគ្រប់ប្រទេសទាំងអស់។ ក្តីបារម្ភពីហានិភ័យនៃកំណើនសេដ្ឋកិច្ចពិភពលោកបានធ្វើឱ្យរដ្ឋាភិបាល និងប្រជាជននៃប្រទេសនីមួយៗរឹតបន្តឹងការចំណាយដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទំនិញ និងការបញ្ជាទិញផ្សេងៗត្រូវធ្លាក់ចុះ។
លោកបន្តថា ទោះបីយ៉ាងណាទឹកប្រាក់កម្ពុជានាំចេញទៅប្រទេសកូរ៉េ គឺនៅតែវិជ្ជមាន ដែលអាចបណ្តាលមកពីទំនិញកម្ពុជាមានតម្រូវការច្រើន និងភាពចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ (ស្បៀងអាហារ និងផ្លែឈើ ជាដើម)។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែឧសភាថា៖ «ការធ្លាក់ចុះចំនួនទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ អំឡុងពេលនេះ គឺមិនមែនជាក្តីបារម្ភទេ ព្រោះនិន្នាការនេះបានកើតមានស្ទើរគ្រប់ប្រទេស ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការរក្សាភាពវិជ្ជមានរបស់កម្ពុជាក្នុងការនាំទំនិញទៅកាន់កូរ៉េ។ បច្ចុប្បន្នផលិតផលកសិកម្មកម្ពុជាកាន់តែច្រើនមានវត្តមាននៅលើទីផ្សារកូរ៉េ»។
លោកបន្ថែមថា តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលប្រទេសទាំង ២ ជាសមាជិក លោករំពឹងថា ទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ និងកាន់តែប្រសើរ។ លោកបន្តថា ភាគច្រើននៃទំនិញកម្ពុជានាំទៅកូរ៉េ គឺជាផលិតផលវាយនភណ្ឌ គ្រឿងបង្គុំអេឡិចត្រូនិក និងកសិផល ចំណែកកូរ៉េនាំមកកម្ពុជា រួមមាន រថយន្ត ឧបករណ៍អេឡិចត្រូនិក អគ្គិសនី ចំណីអាហារ ភេសជ្ជៈ និងថ្នាំពេទ្យ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងជំនួបជាមួយលោក PARK Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៣ បានលើកឡើងថា ប្រទេសកូរ៉េបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងសន្តិភាព ស្តារ ក៏ដូចជារួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។ ចំពោះលំហូរទុន និងទំហំនៃការវិនិយោគឯកជនពីប្រទេសកូរ៉េខាងត្បូង បានកើនឡើងជាបន្តបន្ទាប់។
លោកអះអាងថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបចូលជាធរមានកាលពីដើមខែធ្នូ ឆ្នាំ ២០២២ នឹងជួយបង្កើនទំហំពាណិជ្ជកម្មការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ ឱ្យកាន់តែមានភាពប្រសើរ។ ម្យ៉ាងទៀតតាមរយៈកិច្ចព្រមព្រៀងស្ដីអំពីការលុបបំបាត់ការយកពន្ធត្រួតគ្នារវាងកម្ពុជា-កូរ៉េ ក៏នឹងក្លាយជាឧបករណ៍ជួយបង្កបរិយាកាសនៃការវិនិយោគពីប្រទេសកូរ៉េ ឱ្យកាន់តែល្អប្រសើរ និងទាក់ទាញវិនិយោគិនឱ្យកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់កូរ៉េ បានមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្របង្គុំរថយន្តម៉ាកល្បីៗនៅប្រទេសកម្ពុជា។
ក្នុងឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៧៨,៩២ លានដុល្លារ កើនឡើង ០,៦ ភាគរយបើធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅប្រទេសកូរ៉េ ២៣៣,៦៣៨ លានដុល្លារ កើនឡើង ២០,៤ ភាគរយ និងកូរ៉េនាំចូលមកវិញ ៥៤៥,២៩ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ៕