​ភ្នំពេញៈ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន ២ ដែល​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​បាន​រាយ​ការណ៍​ពី​ភាពរឹងមាំ​នៃ​ប្រាក់ចំណូល​បាន​ពី​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២៣ បើទោះបី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បានអូសបន្លាយ​ពេល​យូរ និង​ការកើនឡើង​នៃ​អតិផរណា​ក៏ដោយ​។​

​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​បាន​ពី​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ (PPBBank)​ ដែល​ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) នៅ​ថ្ងៃទី​ ១៨ ខែឧសភា គឺ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ប្រាក់ចំណេញ​មុនពេល​បង់ពន្ធ​មាន​ចំនួន ២៧ ០៧៨​ លាន​រៀល (២២ ​ភាគរយ​ទាប​ជាង​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២២)​។ ការធ្លាក់ចុះ​ប្រាក់ចំណេញ​ភាគច្រើន​ដោយ​សារ​ការកើនឡើង​ការចំណាយ​លើ​ការប្រាក់​នៃ​ប្រាក់​បញ្ញើ​។​

​នៅ​ត្រីមាស​ទី ​១ ឆ្នាំ ​២០២៣ ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​រយៈ​ពេលនេះ​មាន​ចំនួន ២១ ២២៦​ លាន​រៀល គឺ ២៣​ ភាគរយ​តិចជាង​កាលពី​ត្រីមាស​ទី ​១ ឆ្នាំមុន​ដែល​ភាគច្រើន​ដោយសារតែ​ការផ្លាស់ប្តូរ​ដូចដែល​បានលើកឡើង​នៅក្នុង​ផ្នែក​ទី ​៤ (​ប្រាក់​ចំ​​ណេ​ញ​[​ខាត​] មុនពេល​វិភាគ​ពន្ធ​) ហើយ PPCBank បាន​កត់ត្រា​ការធ្លាក់ចុះ​ប្រាក់ចំណូល​ការប្រាក់​សុទ្ធ​ចំនួន ៤៧ ៤៨៤​ លាន​រៀល​ដែល​តំណាង​ឱ្យទាប​ជាង ៩,៣​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។​

​ធនាគារ​នេះ​ឱ្យដឹងទៀតថា ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយ​សារ​តែ​ជម្លោះ​ឆ្នាំ​ ២០២២ រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ ជម្លោះ និង​ការដាក់ទណ្ឌកម្ម​នានា​បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។ បន្ថែម​ពីលើ​នេះ​ការប្រកាស​ក្ស័យធន​របស់​ធនាគារ​អា​មេ​រិ​ក​នាពេល​ថ្មីៗ​នេះ​បានធ្វើឱ្យ​ទីផ្សារ​ចលា​ច​ល ដែល​ប៉ះពាល់​ខ្លាំង​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ខ្សោយ ហើយ​កំពុង​ជម្នះ​នឹង​ផលវិបាក​ដោយ​យថាហេតុ ដោយសារតែ​ការកើនឡើង​អត្រា​ការប្រាក់ និង​អត្រា​អតិផរណា​ខ្ពស់​។​

​លោក YIM Yong Taick ប្រធាន​ធនាគារ PPCBank បានឱ្យដឹង​ក្នុង​ឯកសារ​នេះ​ថា ឆ្នាំ​ ២០២៣ អាចជា​ឆ្នាំ​ដ៏​ពិបាក​មួយ​ផ្សេងទៀត​ទោះបីជា​ទើបតែ​រួច​ផុតពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ក៏ដោយ​។ លោក​ឱ្យដឹងថា ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋ​​កិច្ច​ឆ្នាំ​ ២០២៣ ពី ៦,៦​ ភាគរយ មក​ត្រឹម ​៥,៦​ ភាគរយ​។​

​លោក​លើកឡើងថា​៖ «​យើង​នឹង​បន្ត​ពង្រីក​វិសាលភាព​របស់​យើង​ទៅកាន់​អតិថិជន​ទូទាំង​​ប្រទេស​។ ដើម្បី​បង្កើត​ប្រវត្តិ​ប្រ​កប​ដោយ​ជោគជ័យ​នៅ​អាស៊ី​អាគ្នេយ៍ ផ្នែក​ឧស្សាហកម្ម​ហិ​រញ្ញ​វត្ថុ​ដោយ​ការកសាង​ប្រព័ន្ធ IT ដែល​អាច​បត់បែន​បាន និង​មូលដ្ឋាន​ឌី​ជី​ថ​លូ​ប​នីយកម្ម​ក្នុង​រយៈពេល​ខ្លី មាន​សុវត្ថិភាព និង​បង្កើន​សមត្ថភាព​ប្រកួត​ប្រ​​ជែង​តាមរយៈ​ការផ្លាស់ប្តូរ​ក្នុង​ពាក់កណ្តាល​អាណត្តិ​»​។​

​ចំណែក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​​វត្ថុ ប្រា​សាក់ ភីអិលស៊ី ដែល​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​ក៏បាន​រាយការណ៍​ថា នៅត្រឹម​ចុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២៣ ទ្រព្យសកម្ម​របស់ខ្លួន​មាន​ចំនួន​សរុប​ ៥,១៥​ ពាន់​លាន​ដុល្លារ​កើនឡើង ១៣,២០​ ភាគរយ​បើ​ធៀប​ទៅនឹង​ត្រីមាស​ដូចគ្នា​ឆ្នាំ​ ២០២២​។ សមតុល្យ​ប្រាក់​បញ្ញើ​បាន​កើន​ឡើងដល់ ២,៨៣ ​ពាន់​លាន​ដុល្លារ ហើយ​ផលប​ត្រ​កម្ចី​សរុប​មាន​ចំនួន​ដល់ ៤,៥៣ ពាន់​លាន​ដុល្លារ​។ ភាគហ៊ុន​របស់​ម្ចាស់​ភាគហ៊ុន​ក៏បាន​កើនឡើង​ផងដែរ​និង​បាន​កើន​ឡើងដល់ ៨៩១ លាន​ដុល្លារ​។ ដើមទុន​ចុះបញ្ជី ៤០០​ លាន​ដុល្លារ​ក្នុង​រយៈពេល​រាយការណ៍​។​

​លោក JUN Kwi Sang ប្រធាន​គ្រឹះស្ថាន​ប្រា​សាក់ បានឱ្យដឹងថា ក្នុង​ផ្នែក​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រា​សាក់​ជាថ្មី​ម្តងទៀត​បានបង្ហាញ​នូវ​ការរីកចម្រើន​យ៉ាងខ្លាំង​លើ​គ្រប់​ប៉ារ៉ាម៉ែត្រ​សំខាន់ៗ​រួមទាំង​ទ្រព្យសកម្ម​សរុប​ប្រាក់​បញ្ញើ និង​ប្រាក់កម្ចី​ប្រាក់ចំណេញ​ក៏ដូចជា បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ផងដែរ​។​

​លោក​លើកឡើងថា​៖ «​យើង​បាន​រៀនសូត្រ​ច្រើន​ពី​បញ្ហា​ប្រ​​ឈម​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ដែល​ធ្វើឱ្យ​ប្រា​សាក់​ក្លាយ​ជា​គ្រឹះស្ថាន​មួយ​ដ៏​រឹងមាំ និង​ស្ថិរភាព​សម្រាប់​កំណើន​ប្រកប​ដោយ​និរន្តរភាព​រយៈពេល ២៧ ​ឆ្នាំ​។ លទ្ធផល​ទាំងនេះ​ត្រូវបាន​ជំរុញ​ដោយ​ការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នៃ​យុទ្ធសាស្ត្រ​អាជីវកម្ម​ដ៏​ត្រឹមត្រូវ ការផ្តល់ជូន​ផលិតផល​ហិរញ្ញវត្ថុ និង​សេវា​កម្ម​ដែល​សមស្រប​ទៅនឹង​អតិ​ថិ​ជន​គោលដៅ​»៕