ភ្នំពេញៈ ទោះបីអំបិលកំពត-កែប ត្រូវបានរដ្ឋាភិបាលសម្រេចដាក់បញ្ចូលទៅក្នុង «មុខទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (GI)» តាំងពីចុងខែមេសាក៏ដោយ ក៏ការចែកចាយ និងនាំចេញទៅទីផ្សារអន្តរជាតិក្រោមឈ្មោះផលិតផល GI គឺមិនទាន់កើតមានជាផ្លូវការនោះទេ ខណៈការប្រមូលផលអំបិលកំពត-កែប គិតត្រឹមចុងខែមេសា សម្រេចបានប្រហែល ៦,៧ ម៉ឺនតោន។ នេះបើតាម លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប។
ផលិតផលអំបិលកំពត-កែប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៦ ខែមេសា បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ «GI» រួមជាមួយផលិតផលចំនួន ២ ផ្សេងទៀតគឺ «ទឹកត្រីកំពតកែប» និង «បង្កងតាកែវ» ព្រមទាំងផលិតផលម៉ាកសមូហភាពចំនួន ៤ គឺ «ដូងខ្ទិះបាត់ដំបង», «នំបញ្ចុកសៀមរាប» «ក្រូចថ្លុងកោះពីរ» និង«អំបុកកំពង់ធំ»។
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែឧសភាថា ការប្រកាសដាក់ផលិតផល «អំបិលកំពត-កែប» ទៅក្នុងប្រភេទមុខទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (GI) បានធ្វើឱ្យអ្នកទទួលទាន អ្នកចែកចាយ និងក្រុមហ៊ុននាំចេញជាច្រើនបង្ហាញពីការចាប់អារម្មណ៍។ ទោះយ៉ាងណាមកដល់ពេលនេះសមាគមនៅមិនទាន់បានបញ្ចេញលក់ផលិតផល GI «អំបិលកំពត-កែប» លើទីផ្សារក្នុងស្រុក និងបរទេសនៅឡើយទេ ដោយសារក្រុមការងារសមាគមកំពុងធ្វើការផ្សព្វផ្សាយឱ្យបានស៊ីជម្រៅទៅដល់ប្រជាកសិករផលិតអំបិល និងអ្នកពាក់ព័ន្ធ ព្រមទាំងរៀបចំបោះពុម្ពសម្បកវេចខ្ចប់។
លោកថ្លែងថា៖ «ទោះអំបិលកំពតកែប ត្រូវបានសម្ពោធដាក់ក្នុងបញ្ជី GI រយៈពេលជិត ១ ខែមកហើយក៏ដោយ ក៏យើងនៅមិនទាន់បានបញ្ចេញលក់លើទីផ្សារទេ ដោយយើងត្រូវការពេលបន្ថែមទៀតដើម្បីរៀបចំផ្សព្វផ្សាយពីលក្ខណពិសេសនៃគុណភាព រសជាតិ និងការធានាសុវត្ថិភាពផ្សេងៗទៅដល់អ្នកប្រើប្រាស់ឱ្យយល់ដឹង»។ លោកបន្ថែមថា៖ «តាមផែនការនៅខែសីហា ខាងមុខ សមាគមនឹងរៀបចំសិក្ខាសាលាដើម្បីធ្វើការផ្សព្វផ្សាយអំពីអំបិល GI ដែលនឹងមានការចូលរួមពីអ្នកប្រើប្រាស់ និងជាពិសេសក្រុមហ៊ុននាំចេញអំបិលផងដែរ»។
លោកលើកឡើងថា ការដាក់អំបិលកំពត កែប ជាផលិតផល GI កំពុងផ្តល់ឱ្យភាពវិជ្ជមានច្រើនសម្រាប់អ្នកក្នុងផលិតកម្មនេះដែលមានដូចជា ការទទួលបានតម្លៃខ្ពស់ជាងមុន (អាចទ្វេដង) និងមានទីផ្សារក្នុងស្រុក និងក្រៅប្រទេសធំជាងមុន។ អំបិលកំពត-កែប ជាអំបិលធម្មជាតិ ដែលមានគុណភាពខ្ពស់ និងរសជាតិកម្រិតស្តង់ដា។
លោកបញ្ជាក់ថា៖ «ខ្ញុំរំពឹងថា នៅពេលដែលមានការវេចខ្ចប់ត្រឹមត្រូវ និងមានទីផ្សារក្រៅប្រទេសបញ្ជាទិញ អំបិលកំពត-កែប អាចនឹងបានតម្លៃចន្លោះពី ៣០ ០០០-៤០ ០០០ រៀល ក្នុង ១ បាវ (៥០ គីឡូក្រាម) ខណៈបច្ចុប្បន្នតម្លៃអំបិលនៅចន្លោះ ២៥ ០០០-៣០ ០០០ រៀល»។
ទាក់ទងនឹងការផលិត និងប្រមូលផលអំបិលក្នុងឆ្នាំ ២០២៣ នេះ លោក ណារិន ប្រាប់ថា បើតាមលោកដឹង ការប្រមូលផលមកដល់ពេលនេះ (ថ្ងៃទី២២ ខែឧសភា) គឺលើសពី ៦,៧ ម៉ឺនតោនហើយ ខណៈបើអាកាសធាតុអំណោយផល (អាកាសធាតុក្តៅខ្លាំង) ការផលិតអំបិលនឹងបន្តដល់ចុងខែមិថុនា។ គិតត្រឹមចុងខែមេសា ការលក់ចេញមានបរិមាណចន្លោះពី ៤-៥ ម៉ឺនតោន។
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានបដិសេធឆ្លើយតបនាថ្ងៃទី ២២ ខែឧសភា ដោយសារកំពុងជាប់ប្រជុំ ប៉ុន្តែកាលពីចុងខែមករា លោកធ្លាប់និយាយថា អំបិលកម្ពុជា ជាអំបិលធម្មជាតិ ដូច្នេះវាត្រូវពឹងផ្អែកខ្លាំងលើអាកាសធាតុ បើអាកាសធាតុក្តៅ និងមិនមានភ្លៀងធ្លាក់រយៈពេល ៣ ខែជាប់គ្នាគឺផលអំបិលអាចកើនដល់ជាង ១០ ម៉ឺនតោនដែលគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក និងមានសល់ក្នុងឃ្លាំងស្តុកទៀតផង។
ខេត្តកំពត និងខេត្តកែប គឺជាទីតាំងផលិតអំបិលនៅកម្ពុជា ដោយក្នុងឆ្នាំ ២០២២ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ មានចំនួន ៤ ៧៤៨ ហិកតា។ ផ្ទៃដីនេះ គឺនៅដដែលបើធៀបនឹងឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ធម្មតារដូវកាលផលិតអំបិល គឺចាប់ពីចុងខែធ្នូ ទៅដល់ពាក់កណ្តាលខែឧសភានៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះអាកាសធាតុក្តៅបានអូសបន្លាយការផលិតរហូតដល់ខែមិថុនា។ បើអាកាសធាតុអំណោយផលផ្ទៃដី ១ ហិកតា គេអាចផលិតអំបិលបានមធ្យម ២០ តោនក្នុងរយៈពេល ១ ឆ្នាំ៕