ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសម្ពោធបើកឱ្យដំណើររោងចក្រ General Tires Technology ដែលផលិតសម្បកកង់រថយន្តដំបូង និងធំជាងគេបង្អស់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាការវិនិយោគរបស់វិនិយោគិនមកពីខេត្តជាំងស៊ូ ប្រទេសចិន ដោយប្រើទុនវិនិយោគប្រមាណ ៣០០ លានដុល្លារ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់រថយន្ដដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា រោងចក្រផលិតសម្បកកង់រថយន្តដំបូងគេ និងធំជាងគេបង្អស់ក្នុងខេត្តព្រះសីហនុ មិនមែនជារោងចក្រចុងក្រោយសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនេះទេ តែនៅមានក្រុមហ៊ុនជាច្រើនទៀតមានបំណងមកបើករោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនេះ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំគឺជាឆ្មបបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដោយផ្ទាល់តាមរយៈការមកបើកការដ្ឋានក្នុងឆ្នាំ ២០០៨ បន្ទាប់មកក៏បានចុះហត្ថលេខា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទទួលខុសត្រូវ និងគាំទ្រតំបន់សេដ្ឋកិច្ចពិសេសនេះ។ ខ្ញុំសូមអរគុណដល់ប្រធានតំបន់សេដ្ឋកិច្ចពិសេស ដែលបានធ្វើការវិនិយោគហើយខ្ញុំក៏ធ្លាប់មកនេះ ចូលរួមស្វាគមន៍រោងចក្រទី ១០០ តែឥឡូវនេះកើនដល់ ១៧៥ ដែលដោះស្រាយការងារជូនពលរដ្ ឋ២ ម៉ឺននាក់»។
លោកបានបញ្ជាក់ទៀតថា៖ «នៅមានក្រុមហ៊ុនជាច្រើនទៀត ដូចជាក្រុមហ៊ុនចិនជាដើម ដែលប៉ុនប៉ងមកវិនិយោគបើករោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនេះដោយដោះស្រាយការងារធ្វើបាន យើងដោះស្រាយការលំបាកបាន។ ខ្ញុំជាមួយនឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជានិច្ចកាលរួមគ្នាធ្វើការថែទាំតំបន់សេដ្ឋកិច្ចពិសេសនេះ ពង្រឹងតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញ ដែលមានសក្តានុពល ដើម្បីការងារធ្វើ និងផលិតផលសម្រាប់ការនាំចេញ»។
នាឱកាសនោះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានលើកឡើងដែរថា រោងចក្រ General Tires Technology នេះ ជាប្រភេទរោងចក្រប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលស្របនឹងគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលជាឧស្សាហកម្មមានតម្លៃខ្ពស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុង ១ ឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។
លោកអ៊ិត សំហេង បានបញ្ជាក់ ថា៖ «រោងចក្រនេះ ក៏អាចផលិតសម្បកកង់រថយន្តគ្រប់ប្រភេទជិត ១,៣ លានគ្រឿងក្នុង ១ ឆ្នាំៗ ដែលអាចប្រើប្រាស់កម្លាំងពលកម្មប្រមាណ ១ ១៥០ នាក់។ យើងសូមអបអរសាទរចំពោះរោងចក្រកៅស៊ូកង់ថ្មី ដែលមានវត្តមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ»។
តាមរបាយការណ៍ដែលបញ្ជាក់ដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ ២០២៣ មានរោងចក្រសហគ្រាសសរុប៦ ១២ មានកម្មករនិយោជិត ៧ ម៉ឺននាក់ បាននិងកំពុងដំណើរការ ក្នុងនោះមាន តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ,តំបន់សេដ្ឋកិច្ចពិសេសចេជាងហ្គ័រជី និងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោក គួច ចំរើន បានបញ្ជាក់ថា យោងតាមលោក ឈិន ជានកាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់របាយការណ៍ទៅកាន់ក្រសួងការងារ ហើយលោកកំពុងជំរុញការកសាង និងអភិវឌ្ឍគម្រោង ដើម្បីជំរុញកំណើនរោងចក្រក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុឱ្យបាន ៣០០ រោងចក្រ ដែលនឹងប្រើប្រាស់កម្លាំងពលកម្ម ១០ ម៉ឺននាក់ ជាឧស្សាហកម្មបៃតង ប្រកបដោយបរិយាប័ន្ន និងភាពសុខដុមរមនា។
គិតត្រឹមខែឧសភា ឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រសហគ្រាសចំនួន ១៧៥ ដែលផលិតសម្ភារសំណង់ សម្ភារប្រើប្រាស់ គ្រឿងបន្លាស់រថយន្ត សម្បកកង់រថយន្ត ផលិតផលសូឡា សម្ភារពេទ្យ កាបូប វ៉ាលីស សម្លៀកបំពាក់ និងស្បែកជើង...។
ក្រុមហ៊ុនទាំងនោះ មកពីប្រទេសចិន បារាំង អៀរឡង់ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម អាមេរិក អាល្លឺម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា ជាដើម។ រីឯទំហំប្រាក់នាំចេញ-នាំចូលមានប្រមាណ ២ ៥០០ លានដុល្លារ នៅក្នុងឆ្នាំ ២០២២ និងបានផ្តល់ការងារដល់កម្មករនិយោជិតប្រមាណ ៣ ម៉ឺននាក់៕