​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំង ២ ​នឹង​នូវ​ផ្តល់​បទពិសោធន៍​ក្នុងការ​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​ជាពិសេស​ប្រទេស​ចិន​ ទៅដល់​អ្នកប្រើប្រាស់​ប្រកបដោយ​ទំនុកចិត្ត និង​ភាពងាយស្រួល​

​រាជធានី​ភ្នំពេញ​, ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០២៣ – ធនាគារ​វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក ​បានប្រកាស​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន ​UnionPay International (UPI) ដែលជា​បណ្តាញ​ទូទាត់​ឈានមុខ​គេ​មួយ​នៅលើ​ពិភពលោក​។​ ភាពជា​ដៃគូ​នេះ​មាន​គោលបំណង​ពង្រីក​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ទៅដល់​អ្នកប្រើប្រាស់​ហើយក៏​ជាការ​បើកផ្លូវ​ដល់​ភាគី​ទាំង ២ ​ដើម្បី​ពង្រីក​កិច្ចសហការ​បន្ថែមទៀត​លើ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នាពេលខាងមុខ​។​

​កិច្ចសហការ​ដ៏​មាន​សារៈសំខាន់​នេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​ដោយ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ​ដោយមាន​ការចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ពី​សំណាក់​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​វី​ង និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក Huiming Cai​ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ​UnionPay International ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។​

​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ហាន​ប៉េង​ក្វាង​អគ្គនាយក​ធនាគារ​វី​ង ​និង​កញ្ញា​ លាង​ ចិន្តា ​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន​ UnionPay International​។ ​ហើយ​កិច្ចសហការ​នាពេលនេះ​ គឺ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ស្ថាប័ន​ទាំង ២ ​ក្នុង​ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ​ដើម្បី​ផ្តល់​បទពិសោធន៍​ទៅដល់​អ្នកប្រើប្រាស់​ឲ្យ​កាន់តែ​ប្រសើរ​។​ តាមរយៈ​កិច្ចសហការ​នេះ​ធនាគារ​វី​ង​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការរួមបញ្ចូល​ជំនាញ​ និង​វិសាលភាព​ដ៏​ទូលំទូលាយ​របស់ UPI ក្នុងការ​ផ្តល់​ជា​ជម្រើស​នូវ​ការផ្ទេរ​ប្រាក់​តាមរយៈ​ក​ម្ម​វិធី ​Wing Bank App ទៅដល់​អតិថិជន​ប្រកបដោយ​ភាព​លឿន​រហ័ស​ងាយស្រួល​សុវត្ថិភាព​ហើយ​តម្លៃ​សេវា​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​។

​លោក​ ហាន ប៉េង​ក្វាង អគ្គនាយក​ធនាគារ វី​ង ​បាន​ថ្លែងថា​៖ “​ធនាគារ វី​ង​ មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ចាប់​ដៃគូ​សហកា​រ​ជាមួយ​ក្រុមហ៊ុន​ UPI ដើម្បី​ផ្តល់​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស ដោយ​រំពឹងថា​ សេវាកម្ម​នេះ​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំង ២ ​ហើយក៏​ជាការ​បើកផ្លូវ​សិក្សា​លើ​កិច្ចសហការ​បន្ថែមទៀត​លើ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នាពេលខាងមុខ​”​។​

​លោក ​ហាន ប៉េង​ក្វាង​ បាន​បន្ថែមថា​៖ “​ភាពជា​ដៃគូ​ជាមួយ UPI នឹង​ជួយ​សម្រួល​ដល់​ធនាគារ​ វី​ង​ ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​ផ្ទេរប្រាក់​ប្រកបដោយ​ភាពរលូន​ និង​ងាយស្រួល​ទៅដល់​ពលរដ្ឋ​កម្ពុជា​ក៏ដូចជា​ប្រជាជន​ចិន ដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា់​។​

តាមរយៈ​ការពង្រីក​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​ដូចជា​ប្រទេស​ចិន ​និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​តាមរយៈ​បណ្តាញ​ទូទាត់​សកល​របស់​ក្រុមហ៊ុន ​UnionPay International ​ធនាគារ ​វី​ង ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ក្នុង​ការជួយ​សម្រួល​ទៅដល់​អតិថិជន​ជា​រូបវន្តបុគ្គល​​ និង​អាជីវកម្ម​ដែលមាន​តម្រូវការ​ហិរញវត្ថុ​ចាំបាច់​”​។​

​ធនាគារ​ វី​ង ​ផ្តោតលើ​ការផ្តល់​ដំណោះស្រាយ​តាម​ប្រព័ន្ធ​ឌីជីថល​ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ដោយមាន​គោលបំណង​ក្លាយជា​ធនាគារ​ដែល​អាច​ផ្តល់​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ ​ជាមួយនឹង​យុទ្ធសាស្ត្រ​អាជីវកម្ម​ដែលមាន​លក្ខណៈពិសេស​ដោ​យ​មាន​ភ្នាក់ងារ​ធ្វើ​ប្រតិបត្តិការ​តាម​ឌីជីថល​បានធ្វើ​ឲ្យ​ធនាគារ​វី​ង​ផ្តល់​សេវា​គ្របដណ្តប់​ ១០០ ភាគរយ​ នៅ​គ្រប់​ស្រុក​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​។​ កត្តា​នេះហើយ​បានធ្វើ​ឲ្យ​ធនាគារ​ វី​ង ​អាច​ជំរុញ​បរិ​យា​ប័ន្ន​ផ្នែក​ហិរញ្ញវត្ថុ​យេនឌ័រ​និង​ឌីជីថល​។​ ធនាគារ​ វី​ង ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​សុវត្ថិភាព ​និង​ភាពងាយស្រួល​ដល់​ប្រជាជន​គ្រប់រូប​ហើយ​ធនាគារ​បាន​ប្តេជ្ញា​លើ​ការជំរុញ​អត្ថប្រយោជន៍​នៃប្រតិបត្តិ​ការ​តាម​ប្រព័ន្ធ​ឌីជីថល​ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

​ក្រុមហ៊ុន​ UnionPay International គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន China UnionPay ​ដែល​ផ្តោតលើ​ការជំរុញ​កំណើន​ និង​ការគាំទ្រ​ដំណើរការ​អាជីវកម្ម​ UnionPay ​ដែលមាន​វត្ត​មាននៅ​ទូទាំង​ពិភពលោក​។​ ឆ្លងកាត់​តាមរយៈ​ការសហការ​ជាមួយនឹង​ដៃគូ​ជា​សមាជិក​ជាង​ ១ ៥០០​ ស្ថាប័ន ​នៅ​ទូទាំង​សកលលោក​សព្វថ្ងៃនេះ​ UnionPay ​បាន​គ្របដណ្តប់​សេវាកម្ម​របស់ខ្លួន​ដល់​ប្រទេស និង​តំបន់​ចំនួន​ ១៨១​ និង​ធនាគារ​ថ្នាក់ជាតិ​ និង​តំបន់​ចំនួន ​៧៩​ មាន​ចេញ​កាត ​UnionPay​។​ ក្រុមហ៊ុន​ UnionPay International ផ្តល់ជូន​អតិថិជន​ប្រើប្រាស់​កាត​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​នូវ​សេវាកម្ម​ទូទាត់​ប្រាក់​ឆ្លងដែន​ ដើម្បី​ធានាបាន​នូវ​គុណភាព​ខ្ពស់​ប្រសិទ្ធភាព​ខ្ពស ​និង​សុវត្ថិភាព​ខ្ពស់​។ ​ការផ្តល់ជូន​នេះ​បាន​ធានា​ដល់​ភាពងាយស្រួល​ដល់​សេវាកម្ម​ក្នុងប្រទេស​ ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​អ្នកប្រើប្រាស់​ UnionPay​ និង​ដៃគូ​ទូទាត់​ជាស​កល​។​

​ធនាគារ វី​ង ​និង​ក្រុមហ៊ុន UnionPay International មានការ​រំពឹង​យ៉ា​មុតមាំ​ចំពោះ​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហការ​លើ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នាពេលខាងមុខ​។ តាមរយៈ​ការសម្រេចបាន​នូវ​កិច្ចសហការ​នាពេលនេះ ស្ថាប័ន​ ២ ​នឹងសិក្សា​ពី​កាលានុវត្តភាព ដោយ​ផ្តល់នូវ​ដំណោះស្រាយ​ការទូទាត់​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បំពេញតម្រូវការ​ដែល​កំ​ពុង​រីកចម្រើន​របស់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​៕