ភ្នំពេញៈ ចម្លាក់ជារចនាប័ទ្មបែបសិល្បៈខ្មែរដូចជា ចម្លាក់ទេពប្រណម្យ ក្បាច់នាគ ភ្ញីទេស ក្បាច់រាហុ៍ចាប់ចន្ទ្រ ក្បាច់ហនុមាន ភាគច្រើនគេឃើញតែនៅលើឈើតែប៉ុណ្ណោះ ប៉ុន្តែមានស្ត្រីជាសហគ្រិនវ័យក្មេងម្នាក់បានប្រើជំនាញឆ្លាក់លើដែកស្មិត កែច្នៃជាទ្វារផ្ទះ បង្កាន់ដៃ ទ្វាររបង កៅអី សាឡុងដែក និងធ្លាប់ទទួលបានមេដៃមាសសហគ្រិនឆ្នើមពីលោកនាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ទៀតផង។
ក្នុងសម្តីស្រទន់លះៗ និងនិយាយមួយៗ តែបង្ហាញពីភាពម៉ឺងម៉ាត់ នោះហើយគឺអ្នកស្រី លី ផល្លី អាយុ ៣៦ ឆ្នាំ ជាម្ចាស់សិប្បកម្មវីនហេងរចនាដែកស្មិតដែលបាន និងកំពុងរចនាឧបករណ៍ទាំងនោះទៅតាមបែបសិល្បៈខ្មែរ។
អ្នកស្រីបានប្រាប់ឱ្យដឹងថា អ្នកស្រីមានកំណើតនៅរាជធានីភ្នំពេញក្នុងគ្រួសារមួយដែលធ្លាប់រស់នៅក្នុងសំណង់អនាធិបតេយ្យ។ ដោយសារតែជីវភាពគ្រួសារមិនសូវធូរធារដូចគេឯង តែស្រឡាញ់ការសិក្សារៀនសូត្រនៅពេលអ្នកស្រីកំពុងរៀនថ្នាក់ទី ៩ ក៏ចាប់ផ្តើមស្វែងរកការងារធ្វើបណ្តើររៀនបណ្តើរ។ ក្នុងជីវិតការងារដំបូងគឺអ្នកស្រីធ្វើជាអ្នកដើរចែកខិត្ដប័ណ្ណតាមផ្លូវសាធារណៈ និងឆ្លៀតពេលពីការសិក្សានៅសាលាធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសផង ដើម្បីរកប្រាក់មកជួយផ្គត់ផ្គង់ឪពុកម្តាយ។
អ្នកស្រីបន្តថា ក្រោយបញ្ចប់ថ្នាក់ទី១២ អ្នកស្រីបានបន្តរៀននៅសាកលវិទ្យាល័យទៀតលើជំនាញគ្រប់គ្រងអាជីវកម្ម ប៉ុន្តែដោយចង់ជួយរំលែកបន្ទុកឪពុកម្តាយអ្នកស្រីក៏បានចរចាជាមួយសាលាដើម្បីបានធ្វើជាអ្នកអនាម័យ និងជួយផ្នែករដ្ឋបាលក្នុងសាលាដើម្បីប្តូរនឹងតម្លៃបង់សាលា។
អ្នកស្រីថ្លែងថា៖ «ខ្ញុំធ្វើកិច្ចការ ២ នៅក្នុងសាលា គឺទី១ ធ្វើអនាម័យនៅក្នុងបន្ទប់ទឹកហើយចប់ពីការងារអនាម័យក៏យើងមកធ្វើជាបុគ្គលិករដ្ឋបាលជួយរៀបចំឯកសារជាដើម»។
ងាកមកនិយាយពីការចាប់ផ្តើមការងារសិប្បកម្មផលិតគ្រឿងសំណង់ផ្ទះពីដែកស្មិតវិញ អ្នកស្រីផល្លីបានប្រាប់ថាសិប្បកម្មនេះបានដំណើរការនៅក្នុងឆ្នាំ ២០១៥ ហើយពេលនោះក្បាច់រចនាភាគច្រើន គឺអ្នកស្រីផ្តោតតែទៅលើម៉ូដឬក្បាច់បែបអឺរ៉ុបប៉ុណ្ណោះ។
ក៏ប៉ុន្តែដោយសារអ្នកស្រីស្រឡាញ់សិល្បៈខ្មែរ និងចង់អភិរក្សទម្រង់សិល្បៈខ្មែរក៏ប្តូរមកជារចនាប័ទ្មបែបសិល្បៈខ្មែរវិញ។ ដូចជាចម្លាក់ទេពប្រណម្យក្បាច់នាគ ភ្ញីទេស ក្បាច់រាហុ៍ចាប់ចន្ទ្រ ក្បាច់ហនុមាន និងមានរចនាម៉ូដបែបសិល្បៈខ្មែរជាច្រើនទៀត។
អ្នកស្រី ផល្លី បញ្ជាក់ថា ការផ្លាស់ប្តូរពីរចនាប័ទ្មម៉ូដបរទេសមកជារចនាប័ទ្មបែបសិល្បៈខ្មែរវិញនេះដោយសារតែអ្នកស្រីចង់បង្កើតស្នាដៃអ្វីមួយដែលអាចរក្សាទុកនូវក្បាច់រចនាបែបសិល្បៈខ្មែរ។ ម្យ៉ាងទៀតដោយសារម៉ូដបែបអឺរ៉ុបវាជាក្បាច់ទូទៅដែលស្ទើរក្លាយជាម៉ូដសាមញ្ញអស់ទៅហើយ ហើយណាមួយវាមិនមែនជាអត្តសញ្ញាណរបស់ខ្មែរផង។ រីឯការចម្លាក់ក្បាច់ចេញជារូបរាងនៅលើដែកស្មិតនេះ គឺមុនដំបូងត្រូវឌីហ្សាញក្នុងកុំព្យូទ័រសិនដោយក្បាច់ទាំងនោះត្រូវបានដកស្រង់ចេញពីតាមជញ្ជាំងប្រាសាទរួមទាំងការស្រាវជ្រាវបន្ថែមតាមអ៊ីនធឺណិតជាដើម។
អ្នកស្រីបានរៀបរាប់ថា៖ «មុនពេលដែលយើងធ្វើចេញជារូបរាងក្បាច់នេះឡើងគឺយើងត្រូវឆ្លងកាត់ការឌីហ្សាញសិន ព្រោះយើងមានក្រុមឌីហ្សាញរបស់យើង។ក្រុមគាត់គូររចនាអីផ្សេងៗរួចរាល់អស់ទើបបានគាត់បំបែកគ្រឿងផ្គុំមួយៗលម្អិត បន្ទាប់មកទើបយើងចាប់ផ្តើមយកទៅកន្លែងជាង ដើម្បីឱ្យគាត់ផលិតតាមប្លង់របស់យើង។ ក្បាច់ចម្លាក់ទាំងអស់ហ្នឹងយើងធ្វើចេញពីសន្លឹកដែកលាត រួចយើងយកមកអង្គុយដំឆ្លាក់ទៅតាមទម្រង់ដែលយើងបានឌីហ្សាញហ្នឹងទៅ»។
បើតាមអ្នកស្រី ផល្លី ការរចនារូបចម្លាក់នៅលើដែកស្មិតដែលមើលទៅមានរូបរាងរស់រវើកនោះ គឺមិនមែនជាការងាយស្រួលដូចចម្លាក់នៅលើឈើទេ។ ដូច្នេះអ្នកធ្វើត្រូវដាក់ចិត្តផ្តោតអារម្មណ៍ហើយប្រសិនបើជាងគ្មានជំនាញមិនយល់ដឹងពីក្បាច់ចម្លាក់បែបសិល្បៈខ្មែរខ្លះៗទេក៏មិនងាយស្រួលក្នុងការធ្វើដែរ។
ចំពោះអតិថិជនដែលកំពុងពេញនិយមក្នុងការប្រើប្រាស់ដែកស្មិតដែលកែច្នៃជាទ្វាររបងផ្ទះឬជាបង្កាន់ដៃដែលរចនាចម្លាក់បែបក្បាច់សិល្បៈខ្មែរនេះ គឺភាគច្រើនគាត់មានមុខរបរជាមន្ត្រីរាជការរស់នៅផ្ទះជាលក្ខណៈវីឡា ឬភូមិគ្រឹះដែលតែងតែនិយមរចនាប័ទ្មបែបនេះ។
អ្នកស្រី ផល្លី បានបន្ថែមថា អ្នកប្រើប្រាស់គ្រឿងដែកដែលមានរំលេចចេញជាក្បាច់ចម្លាក់បែបសិល្បៈខ្មែរនេះ មិនត្រឹមតែបានប្រើប្រាស់ប៉ុណ្ណោះទេ តែពួកគាត់ថែមទាំងបង្ហាញពីការតភ្ជាប់ជីវិតបែបសិល្បៈពិតៗផងដែរ។ ជាមួយនេះដែរចម្លាក់បែបក្បាច់សិល្បៈខ្មែរដែលអ្នកស្រីធ្វើជូនអតិថិជនវិញ គឺសុទ្ធតែផ្សារភ្ជាប់ជាមួយនឹងអត្ថន័យនៃការរចនាម៉ូដនីមួយៗដែលត្រូវដាក់ប្រើប្រាស់នៅក្នុងផ្ទះ។
អ៊ីចឹងនៅពេលដែលគាត់យកទៅប្រើ គឺគាត់យល់ថា វត្ថុដែលគាត់កំពុងប្រើហ្នឹងវាមានអត្ថន័យបែបណា? ហើយប្រសិនបើដាក់ក្បាច់ចម្លាក់មួយទៅលើជញ្ជាំង ឬលើបង្កាន់ដៃជណ្ដើររបស់គាត់គឺបានផ្តល់ជាអត្ថន័យស័ក្ដិសមទៅនឹងផ្ទះរបស់គាត់ឬស័ក្ដិសមនឹងឋានៈដែលគាត់កំពុងតែមានដែរឬទេ?
ចំពោះគុណភាពវិញអ្នកស្រីប្រាប់ថាចម្លាក់រចនាបែបសិល្បៈលើដែកស្មិតនេះ គឺអាចប្រើប្រាស់បានពេញ ១ ជីវិត ហើយបច្ចុប្បន្នក៏មានខ្មែររស់នៅបរទេសចង់យកទៅប្រើប្រាស់ជាគ្រឿងសំណង់សម្រាប់លម្អផ្ទះដែរ តែមិនដឹងថានឹងត្រូវវេចខ្ចប់បែបណាពីព្រោះឧបករណ៍ជាទ្វារជាចម្រឹងបង្អួចឬទ្វារចូលបន្ទប់ជាដើម សុទ្ធតែធ្ងន់ៗ។
ចំណែកចំណេះជំនាញ និងការងារវិញ អ្នកស្រីប្រាប់ដែរថា បច្ចុប្បន្នអ្នកស្រីមានបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម និងជាសមាជិកកាយរឹទ្ធិនារី ជាសមាជិកសហគ្រិនវ័យក្មេង រួមនឹងសមាជិកស្ថាប័នឯកជនមួយចំនួនទៀត។
អ្នកស្រីបញ្ជាក់ថា ជារឿយៗ អ្នកស្រីត្រូវបានគេអញ្ជើញឱ្យធ្វើជាវាគ្មិនទាក់ទងនឹងការចែករំលែកភាពជាអ្នកដឹកនាំជាពិសេសកាលពីឆ្នាំ ២០២២ កន្លងទៅ អ្នកស្រីធ្លាប់ទទួលបានមេដាយមាសសហគ្រិនឆ្នើមពីលោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៀតផង។
អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំបង្កើតអាជីវកម្មមកមិនមែនគ្រាន់តែចង់បានប្រាក់ចំណេញទេ តែខ្ញុំពុះកញ្ជ្រោលខ្លាំងក្នុងការជំរុញឱ្យរចនាប័ទ្មបែបសិល្បៈខ្មែរល្បីល្បាញទាំងក្នុង និងក្រៅប្រទេសដែលពេលអនាគតទៅនៅទីណាក៏មានរចនាប័ទ្មខ្មែរដែរ។ អ្វីដែលខ្ញុំចង់បានលើសពីលុយគឺចង់បន្សល់ទុកនូវចម្លាក់បែបសិល្បៈខ្មែរ ហើយខ្ញុំក៏កំពុងបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយដែរ ប្រសិនបើគាត់ជាបុគ្គលម្នាក់មានភាពជាសហគ្រិនដែរ គឺគាត់អាចយកជំនាញនេះទៅប្រកបអាជីវកម្មបន្តទៀតបាន»។
ពាក់ព័ន្ធរចនាចម្លាក់នេះដែរ លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ថា បច្ចុប្បន្ននេះមានចម្លាក់បែបជាសិល្បៈខ្មែរផ្សេងៗនៅលើឈើ និងលើផ្ទាំងគំនូរក៏ដូចជានៅលើដែកស្មិតជារូបទេពប្រណម្យភ្ញីទេស នៅលើដែកទ្វារ បង្អួច ឬដែកបង្កាន់ដៃជណ្តើរផ្ទះអីនោះ គឺអាចចាត់ទុកអ្នកដែលបានចូលរួមរចនារូបភាពបែបសិល្បៈទាំងនេះថា ជាអ្នកចូលរួមអភិរក្សវប្បធម៌ខ្មែរហើយ។
លោកបានបញ្ជាក់យ៉ាងខ្លីថា៖ «សំខាន់ឱ្យតែធ្វើត្រឹមត្រូវតាមក្បួនខ្នាតខ្មែរ»៕