ព្រះសីហនុៈ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់រថយន្តនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ខេត្តចំនួន ៤ ជាប៉ូលសេដ្ឋកិច្ចទី៤ នៃសហប្រតិបត្តិការត្បូងពេជ្រ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំ និងឯកឧត្តម ស៊ី ជីនភីង បានឯកភាពគ្នា គឺសហប្រតិបត្តិការត្បូងពេជ្រ ដែលមានគោលដៅកិច្ចសហប្រតិបត្តិការនយោបាយ គុណភាព និងសមត្ថភាព ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ ការផ្លាស់ប្តូរប្រជាជន និងប្រជាជនអភិវឌ្ឍន៍របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាកម្ពុជា»។ លោកបានបន្តថា៖ «កន្លែងយើងជាកន្លែងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា គឺនៅចំគោលដៅកន្លែងហ្នឹងតែម្តង (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) ប៉ុន្តែនៅច្រករបៀងមួយទៀត គឺមច្ឆា និងអង្ករ ដែលខ្ញុំនឹងដាក់ខេត្ត ៤ គឺមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ទៅជាប៉ូលសេដ្ឋកិច្ចទី៤»។
បើតាមការពន្យល់របស់លោក ហ៊ុន សែន មានលក្ខខណ្ឌចំនួន ៣ ដែលនាំឱ្យកម្ពុជាក្លាយជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងការអភិវឌ្ឍ, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន។ បន្ថែមពីលើនោះ គំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកបន្តថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នាំឱ្យកើតមានសមិទ្ធផលជាច្រើន មានដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿន, ការតភ្ជាប់ខ្សែអ៊ីនធឺណិតកប់ក្រោមបាតសមុទ្រ និងផ្លូវ ស្ពានជាច្រើនខ្សែ។ នាពិធីនោះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា លោកបានឆ្លើយទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង រួចហើយថា លោកនឹងចូលរួមកិច្ចប្រជុំលើកទី ៣ អំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅខែតុលា នៅប្រទេសចិន ដែលនៅពេលនោះការចូលរួមរបស់លោក គឺអាចក្នុងនាមក្របខ័ណ្ឌរាជរដ្ឋាភិបាលថ្មី ព្រោះក្រោយបោះឆ្នោតនីតិកាលទី៧។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនេះដែរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានថ្លែងថា ឆ្នាំនេះជាឆ្នាំមិត្តភាពចិនកម្ពុជា នៅពេលលោក ហ៊ុន សែន បានបំពេញទស្សនកិច្ច នៅប្រទេសចិន នាខែកុម្ភៈ ឆ្នាំនេះ លោក ហ៊ុន សែន និងលោកស៊ី ជីនភីង បានរួមគ្នា បើកសករាជថ្មី នៃការកសាងសហគមន៍វាសនារួម ចិន និងកម្ពុជា និងបានឯកភាពបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយមានវិស័យអាទិភាពចំនួន ៦។
វិស័យអាទិភាពទាំងនោះ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ, គុណភាព និងសមត្ថភាព, ផលិតកម្មកសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ លោក វ៉ាង វិនធាន បានបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគម្រោងគំរូ សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងខ្សែក្រវាត់ ១ និងផ្លូវ ១ រវាងចិន និងកម្ពុជា បន្ទាប់ពីការខិតខំប្រឹងប្រែង និងការទទួលផ្លែផ្កា ក្នុងរយៈពេល ១០ ឆ្នាំ។ តំបន់សេដ្ឋកិច្ចពិសេសនេះ បានក្លាយជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ និងជាចានបាយមាសសម្រាប់អ្នកស្រុកនៅទីនេះធ្វើការ ដើម្បីក្លាយជាអ្នកមាន។
លោកបានបញ្ជាក់ថា៖ «សង្ឃឹមថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស អាចចាប់យកឱកាសនៃការកសាងសហគមន៍ជោគវាសនារួម ចិន និងកម្ពុជា ក្នុងយុគសម័យថ្មីនេះ ហើយខិតខំបង្កើតទម្រង់ ២.០ នៃតំបន់សេដ្ឋកិច្ចពិសេស ដើម្បីរួមគ្នាបង្កើតសន្តិភាពថ្មី ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជា»៕