ភ្នំពេញៈ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ ទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់សរុបជិត ១,៤ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៣ ធ្លាក់ចុះជិត ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិនាំចេញទំនិញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ពីខែមករា-ខែមេសា ឆ្នាំ ២០២៣ ការនាំចេញជំពូកទំនិញ (HS ២ខ្ទង់) ដែលមានលេខកូដ ៦១ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ មានទឹកប្រាក់សរុប ១ ៣៩៤,៨៣លានដុល្លារ ធ្លាក់ចុះ ២៨,៥ ភាគរយពីចំនួន ១ ៩៥០,៤១ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។ ប្រាក់ពីការនាំចេញផលិតផលលេខកូដ ៦១ គឺស្មើនឹង ១៩,៣ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៣ ដែលមាន ៧ ២៣៤,១២ លានដុល្លារ។
សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការនាំចេញផលិតផលលេខកូដ ៦១ គឺចំនួន ៣៤៧,៦៩ លានដុល្លារ ធ្លាក់ចុះ ៣១,៨ ភាគរយពី ៥១០,០២ លានដុល្លារកាលពីខែមេសា ឆ្នាំ ២០២២។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែឧសភាថា ការធ្លាក់ចុះនៃចំនួនទឹកប្រាក់នាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ គឺដោយសារទីផ្សារចម្បងដែលតែងបញ្ជាទិញទំនិញទាំងអស់នេះពីកម្ពុជាជួបបញ្ហាបណ្តាលមកពីឥទ្ធិពលនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ សង្គ្រាមនេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចអាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដែលជាទីផ្សារទទួលទិញទំនិញក្នុងលេខកូដ ៦១ ច្រើនពីប្រទេសកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលបង្ខំឱ្យប្រជាជនរបស់ពួកគេបង្កើនការរឹតត្បិតលើការចំណាយ លើកលែងតែចំណីអាហារ។
លោកបន្តថា ឥទ្ធិពលសង្គ្រាមខាងលើ ក៏ធ្វើឱ្យចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម និងប្រភពថាមពលមួយចំនួនត្រូវរាំងស្ទះដែលធ្វើឱ្យថ្លៃដើមផលិតកើនឡើង ហើយក៏បានរុញឱ្យតម្លៃផលិតផលកើនឡើងខ្ពស់ជាងមុនផងដែរ។
លោកលើកឡើងថា៖ «ពាណិជ្ជកម្មអន្តរជាតិតែងផ្អែកលើតម្រូវការ និងការផ្គត់ផ្គង់ ដូច្នេះកម្ពុជាដែលជាប្រទេសផ្គត់ផ្គង់ បើមិនបានការបញ្ជាទិញ ទឹកប្រាក់នៃការនាំចេញប្រាកដជាធ្លាក់ចុះ។ ការធ្លាក់ចុះនេះ គឺដោយសារតែប្រជាជននៃប្រទេសទីផ្សារគោលដៅរបស់យើងកាត់បន្ថយការចំណាយ»។
លោកបន្ថែមថា សម្ទុះបញ្ជាទិញនឹងហក់ឡើងវិញលុះត្រាស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនៃប្រទេសគោលដៅចម្បងៗដូចជាអាមេរិក និងសហភាពអឺរ៉ុប ល្អឡើងវិញ។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំងម៉ូនីកា មិនអាចទាក់ទងបានទេកាលពីថ្ងៃទី ២២ ខែឧសភា ប៉ុន្តែលោកធ្លាប់និយាយថា ការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជាទៅទីផ្សារអន្តរជាតិ បានធ្លាក់ចុះចាប់តាំងពីឆមាសទី ៤ ឆ្នាំ ២០២២ មក។ មូលហេតុនៃការធ្លាក់ គឺដោយសារតែសេដ្ឋកិច្ចប្រទេសធំៗជួបបញ្ហាបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោកប្រាប់ថា៖ «យើងទទួលបានការកើនឡើងក្នុងរយៈពេល ៧ ខែ (ឆ្នាំ២០២២) ដំបូងតែប៉ុណ្ណោះ។ ជាមួយនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល យើងសង្កេតឃើញថា ការបញ្ជាទិញបានចាប់ផ្តើមធ្លាក់ចុះពីខែសីហា។ ស្ថានភាពនេះនឹងបន្តដល់ដំណាច់ឆ្នាំ ឬយូរជាងនេះ»។
លោកបន្តថា ទីផ្សារសំខាន់ៗរបស់កម្ពុជា គឺអាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា និងចក្រភពអង់គ្លេស។
យ៉ាងណាក៏ដោយ បើយោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទោះក្នុងអំឡុងពេលពិភពលោកជួបប្រទះនឹងវិបត្តិកូវីដ ១៩ ខ្លាំង ក៏ប្រទេសកម្ពុជានៅតែអាចទាក់ទាញអ្នកវិនិយោគបរទេសឱ្យចូលមកបណ្តាក់ទុនជាបន្តបន្ទាប់ ក្នុងនោះក៏មានរោងចក្រកាត់ដេរផងដែរ។
ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលស្ថិតក្នុងលេខកូដ ៦១ ចំនួនសរុប ៦ ៣៦៧,០២ លានដុល្លារ កើន ៩,៤១ ភាគរយបើធៀបទៅឆ្នាំ ២០២១ ដែលមានចំនួន ៥ ៨១៩,៤៣ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕