ភ្នំពេញៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានអំពាវនាវឱ្យអ្នកវិនិយោគជប៉ុនស្វែងរកសក្តានុពលវិនិយោគវិស័យហិរញ្ញវត្ថុ ឬប្រព័ន្ធបច្ចេកវិទ្យាកសិកម្ម (AgriTech) នៅក្នុងប្រទេសកម្ពុជា ដោយសារតែវិស័យទាំង ២ កំពុងមានកំណើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការអំពាវនាវរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងពេលផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មានជប៉ុន Japan Up Close កាលពីថ្ងៃទី ២៨ ខែមេសា កន្លងមក ដោយលោកស្រីបានលើកឡើងពីភាពជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ជប៉ុន Soramitsu ក្នុងការអភិវឌ្ឍប្រព័ន្ធ «បាគង» ដែលជាប្លាតហ្វមទូទាត់នៅតាមទូរស័ព្ទអន្តរធនាគារដល់ NBC។
លោកស្រីបានលើកឡើងថា៖ «ប្រទេសជប៉ុន ដូចអ្នកដឹងរួចហើយ គឺមានភាពជឿនលឿនខ្លាំងវិស័យបច្ចេកវិទ្យា។ យើងជាប្រទេសកំពុងអភិវឌ្ឍន៍ យើងចង់បានបច្ចេកវិទ្យាថ្មីៗដើម្បីឱ្យយើងស្ទុះហក់ឡើងមួយកម្រិតទៀត។ ពិតណាស់ខ្ញុំមើលឃើញថា កិច្ចសហប្រតិបត្តិការកាន់តែច្រើនអាចកើតឡើងរវាងប្រទេសទាំង ២ លើវិស័យនានា មិនថាផ្នែកហិរញ្ញវត្ថុ ឬ AgriTech។ ខ្ញុំមើលឃើញថា ជាឱកាសដ៏ធំមួយសម្រាប់ក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា»។
យ៉ាងណាក៏ដោយ លោកស្រីពន្យល់ថា ចំណុចសំខាន់មួយទៀតដែលត្រូវរំលេចផងដែរនោះគឺ ប្រទេសកម្ពុជា នៅពេលនេះ គឺដូចជាក្រដាសទទេមួយ ហើយបច្ចេកវិទ្យាថ្មីៗអាចត្រូវបានសាកល្បងនៅទីនេះ ដោយសារគ្មានប្រព័ន្ធបច្ចេកវិទ្យាទាំងនោះ។
លោកស្រីថ្លែងថា៖ «វាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនជប៉ុនដែលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ព្រោះយើងគ្មានអ្វីទេ (បច្ចេកវិទ្យាទំនើប) ហើយសេណារីយោដែលល្អបំផុតគឺអ្នកមកសាកល្បងដោយសារតែច្បាប់ និងបទប្បញ្ញត្តិនានារបស់យើងមានកំណត់ដែលអាចល្អ ឬអាក្រក់ ប៉ុន្តែអ្នកត្រូវមើល។ ផ្នែកវិជ្ជមានដែលវានឹងផ្តល់ឱកាសជាច្រើនដើម្បីស្វែងរក»។
លោកស្រីបានបញ្ជាក់ថា៖ «វិធីសាស្ត្ររបស់យើងគឺចង់ឃើញអ្វីដែលកើតឡើង ហើយបន្ទាប់មកយើងគ្រប់គ្រង ជាជាងព្យាយាមធ្វើឱ្យល្អឥតខ្ចោះនៅពេលចាប់ផ្តើម ដោយដាក់កម្រិតលើគំនិតច្នៃប្រឌិតដែលចូលមក។ ខ្ញុំសង្ឃឹមថា នេះគឺជាអ្វីដែលរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនជប៉ុនពិចារណានៅក្នុងការសម្រេចចិត្តរបស់ពួកគេ ដើម្បីស្វែងរកទិសដៅដែលត្រូវទៅ។ ជាចុងក្រោយខ្ញុំចង់និយាយថាដោយសារតែការបើកដំណើរការប្រព័ន្ធបាគងទទួលបានជោគជ័យ ដូច្នេះក្រុមហ៊ុន Soramitsu ក៏ទទួលបានឱកាសបែបនេះនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិកផងដែរ។ ដូច្នេះយើងត្រូវទាមទារថា សមិទ្ធផលនេះគឺកើតចេញពីកម្ពុជា»។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលបានរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ថា វិនិយោគិនជប៉ុនជានិច្ចកាលតែងតែផ្ដល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យពួកគេចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
លោកថ្លែងថា៖ «វិនិយោគិនជប៉ុនតែងតែផ្ដល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការសម្រេចចិត្តវិនិយោគ»។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមដំណាច់ខែមករា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគជប៉ុនចំនួន ១៥០ ក្នុងទុនវិនិយោគប្រមាណ ២,៩ ពាន់លានដុល្លារ ក្នុងនោះមានដូចជា គម្រោងវិនិយោគផ្សារទំនើប, រោងចក្រផ្គុំ និងដំឡើងរថយន្ត, រោងចក្រផលិតម៉ូទ័រខ្នាតតូច, រោងចក្រផលិតឧបករណ៍អគ្គិសនី និងគម្រោងសាងសង់ជាដើម៕