
ការតាំងលក់ផលិតផលមួយចំនួនរបស់ប្រជាកសិករ។ រូបថត សហការី
ភ្នំពេញៈ ផ្នែកឯកជន មានសុទិដ្ឋិនិយមថា នៅពេលច្បាប់ស្តីពីវិធានដើមកំណើតទំនិញចូលជាធរមាន វានឹងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ កំណើនការនាំចេញផលិតផល ក៏ដូចជាជួយទាក់ទាញការវិនិយោគផ្ទាល់មកកម្ពុជា ព្រមទាំងជួយឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែរឹងមាំផងដែរ។
រដ្ឋាភិបាលកម្ពុជា កាលពីចុងសប្តាហ៍មុនបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ដែលសេចក្តីព្រាងច្បាប់នេះមានបំណងសំខាន់ៗដូចជា ១.ការកំណត់អំពីគោលការណ៍ និងវិធានស្តីពីដើមកំណើតនៃទំនិញនាំចេញ និងនាំចូល, ២. ជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និង ៣. ចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំជា ៩ ជំពូក និង ៣៥ មាត្រា។
សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីចុងសប្តាហ៍មុនបានសរសេរថា សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាកម្លាំងចលករក្នុងការជំរុញលំហូរពាណិជ្ជកម្មតាមរយៈការផ្តល់ជាមូលដ្ឋានច្បាប់ដល់អាជ្ញាធរមានសមត្ថកិច្ចដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការទទួលសំអាងដើមកំណើតទំនិញ, ជួយជំរុញ និងសម្រួលការនាំចេញទំនិញកម្ពុជា, ជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួនក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក, ធានាបានដើមកំណើតទំនិញកម្ពុជា ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ, រក្សាផលប្រយោជន៍សេដ្ឋកិច្ច រួមទាំងជួយកៀរគរចំណូលថវិកាជាតិ, និងរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ គឺជាសមិទ្ធផលថ្មីមួយទៀតនៃការអភិវឌ្ឍបទដ្ឋានគតិយុត្តរបស់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់លើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដែលមានដូចជា កិច្ចព្រមព្រៀងស្ដីពីវិធានដើមកំណើតទំនិញ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែឧសភាថា ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ មានសារៈសំខាន់ណាស់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះច្បាប់នេះនឹងជួយទប់ស្កាត់ ឬលុបបំបាត់ការលក់ទំនិញដែលមិនមានប្រភពច្បាស់លាស់។ ច្បាប់នេះក៏ជួយពង្រឹងទំនុកចិត្តវិនិយោគិនឱ្យមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា។
លោកបញ្ជាក់ថា៖ «នៅពេលច្បាប់នេះចូលជាធរមាន វានឹងផ្តល់ទំនុកចិត្តដល់វិនិយោគិនកាន់តែច្រើន ហើយក៏នឹងជួយទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាផងដែរ ទាំងការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ»។ លោកប្រាប់ទៀតថា៖«តាមរយៈច្បាប់នេះ ក៏នឹងជួយឱ្យអ្នកប្រើប្រាស់ទទួលបាននូវទំនិញដែលមានគុណភាព និងស្តង់ដាច្បាស់លាស់ផងដែរ»។
ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនផលិតនំស្រួយលីលី លោកស្រី កែវ មុំ បាននិយាយថា ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ គឺពិតជាមានផលប្រយោជន៍ច្រើនចំពោះផលិតផលក្នុងស្រុកដូចជា ១.បញ្ជាក់នូវវត្ថុធាតុដើមដែលជាដើមកំណើតពិតប្រាកដរបស់កម្ពុជា, ២. ពិភពលោកនឹងចាប់ផ្ដើមស្គាល់នូវគុណភាពផលិតផល របស់ខ្មែរ និងងាកមកប្រើប្រាស់កាន់តែច្រើន, ៣.អាចនាំចេញផលិតផល និងកសិផលរបស់ខ្មែរកាន់តែច្រើន, និងទី៤ ទាក់ទាញអ្នកវិនិយោគឱ្យមកបើករោងចក្រកែច្នៃផលិតផលខ្មែរសម្រាប់នាំចេញ។
លោកស្រីប្រាប់ថា៖ «យើងមានមោទនភាពដែលប្រទេសកម្ពុជាផលិតបាននូវផលិតផល និងកសិផលរបស់ខ្លួនដែលមានគុណភាព គួបផ្សំនឹងការបញ្ជាក់នូវវិធានដើមកំណើតទំនិញទៀតនោះ គឺធ្វើឱ្យកម្ពុជាពិតជាលេចធ្លោឡើងនៅថ្នាក់អន្តរជាតិ។ ច្បាប់នេះគឺពិតជាអាចជួយទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន ដោយសារមានការបញ្ជាក់ត្រឹមត្រូវពីវិធានដើមនៃផលិតផលធ្វើឱ្យទីផ្សារអន្តរជាតិមានទំនុកចិត្តកាន់តែខ្លាំង»៕