ភ្នំពេញៈ កម្ពុជាប្រកាសឱ្យប្រើច្បាប់សារពើពន្ធថ្មី ដែលជាការកំណែទម្រង់ឆ្ពោះទៅរកការបង្កើតប្រាក់ចំណូល ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ខណៈច្បាប់នេះនឹងបម្រើជាយានថ្មីមួយដែលត្រូវបានតាក់តែងឡើងស្របតាមស្តង់ដាអន្តរជាតិ និងបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងការទាក់ទាញការវិនិយោគកាន់តែច្រើនមកព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ស្តីពីសារពើពន្ធថ្មីដែលជំនួសច្បាប់ចាស់កាលពីឆ្នាំ ១៩៩៧ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២២ ខែឧសភា។ ការប្រកាសឱ្យប្រើដោយព្រះមហាក្សត្របានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១៩ ខែមេសា និងដោយព្រឹទ្ធសភានៅថ្ងៃទី ២ ឧសភា កន្លងមក។
សំណើច្បាប់នេះមាន ២០ ជំពូក និង ២៥៥ មាត្រា ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយដោយផ្អែកលើធាតុចូលដែលផ្តល់ដោយក្រុមអ្នកឯកទេសមកពីស្ថាប័នរដ្ឋ និងឯកជន ហើយត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ ខែមីនា។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានការពារសេចក្តីព្រាងច្បាប់នេះនៅរដ្ឋសភា នៅថ្ងៃទី ១៩ ខែមេសា ដោយលើកឡើងថា ច្បាប់នេះផ្តល់នូវបទប្បញ្ញត្តិផ្លូវច្បាប់ដ៏ទូលំទូលាយ ក្នុងគោលបំណងចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។
លោកថ្លែងថា៖ «លើសពីនោះ ច្បាប់នេះនឹងធានានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ប្រាក់ចំណូលរដ្ឋ ការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌ និងការការពារសង្គម ទន្ទឹមនឹងការបង្កើនការអភិវឌ្ឍឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម (SME) និងការទាក់ទាញការវិនិយោគ ដើម្បីអាចឱ្យប្រទេសកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០»។
លោក គង់ វិបុល អគ្គនាយក GDT ដែលភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងបានកាលពីថ្ងៃទី ២៣ ខែឧសភា ធ្លាប់លើកឡើងថា ច្បាប់នេះត្រូវបានព្រាងដោយក្រុមបច្ចេកទេសរបស់លោករយៈពេលជាច្រើនឆ្នាំហើយ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងនិន្នាការ។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា ច្បាប់វិនិយោគក៏ផ្តល់នូវរូបភាពច្បាស់លាស់នៃឧស្សាហកម្មដែលនឹងទទួលបានការលើកទឹកចិត្តដែរ ដូច្នេះហើយយើងចាំបាច់ត្រូវកែសម្រួលច្បាប់ពន្ធរបស់យើងឱ្យស្របនឹងច្បាប់វិនិយោគដើម្បីធានាថាច្បាប់ទាំង ២ នេះមានភាពស្របគ្នា»។
លោកបញ្ជាក់ថា៖ «យើងចាំបាច់ត្រូវធានាថា មានបទប្បញ្ញត្តិច្បាស់លាស់ដើម្បីផ្តល់ភាពច្បាស់លាស់ក្នុងការទាក់ទាញការវិនិយោគថ្មីៗ។ ច្បាប់ពន្ធថ្មីនេះ នឹងផ្តល់ភាពច្បាស់លាស់ដល់វិនិយោគិន ដែលមានសក្តានុពលមកបណ្តាក់ទុននៅកម្ពុជា ជាមូលហេតុដែលយើងកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់វា»។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុន Cambodian Investment Management បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែឧសភាថាច្បាប់ថ្មីនេះសម្រេចបាននូវការបញ្ចូលគ្នានៃប្រភេទពន្ធទាំង ១៥ ទៅជាច្បាប់តែមួយ និងត្រូវគ្នានឹងច្បាប់សំខាន់ៗផ្សេងទៀតរបស់កម្ពុជា ដូចជាច្បាប់ស្តីពីការវិនិយោគ ច្បាប់សហគ្រាសពាណិជ្ជកម្ម និងច្បាប់ការងារជាដើម។
លោកលើកឡើងថា៖ «ច្បាប់ថ្មីនេះក៏ស្វែងរកការដកចេញនូវភាពចន្លោះប្រហោងមួយចំនួនដែលមាននៅក្នុងច្បាប់មុនៗ ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីកែលម្អ និងបង្កើនការប្រមូលចំណូលពន្ធ និងការគ្រប់គ្រង»។
លោកបញ្ជាក់ថា៖ «ការធ្វើឱ្យស្របគ្នានឹងស្តង់ដាអន្តរជាតិ ការរួមបញ្ចូល និងការបញ្ជាក់ជាមួយច្បាប់ពាក់ព័ន្ធផ្សេងៗ និងការបិទចន្លោះប្រហោង គឺជាការអភិវឌ្ឍវិជ្ជមាន ហើយនឹងបង្កើតវេទិកាដ៏គួរឱ្យទាក់ទាញបន្ថែមទៀតសម្រាប់ការវិនិយោគ និងការដាក់ប្រទេសកម្ពុជាជាទីតាំងកាន់តែប្រសើរឡើង ការជួយសម្រួលដល់ការធ្វើអាជីវកម្ម។ ខ្ញុំសូមសរសើររាជរដ្ឋាភិបាល ពិសេស GDT និងក្រសួងយុត្តិធម៌ ដែលបានបំពេញការងារបានល្អ»៕