
បុរសម្នាក់កំពុងពិនិត្យគុណភាពអង្ករក្នុងរោងចក្រ ១ កន្លែង នៅខណ្ឌពោធិ៍សែនជ័យ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) រំពឹងថា វិសាលភាពទីផ្សារនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិនឹងរីកកាន់តែធំ ខណៈរដ្ឋាភិបាល និងផ្នែកឯកជនក្នុងវិស័យស្រូវអង្ករបានខិតខំយ៉ាងខ្លាំងក្នុងការបង្កើនកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ និងតែងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានាដើម្បីបង្ហាញពីគុណភាព និងកិត្តិនាមនៃអង្ករកម្ពុជាលើឆាកអន្តរជាតិ។
អង្ករកម្ពុជាពូជ «ផ្ការំដួល» ត្រូវបានជ្រើសរើសជា «អង្ករល្អដាច់គេ» ក្នុងវេទិកាអង្ករពិភពលោកដែលរៀបចំនៅទីក្រុងភូកេត ប្រទេសថៃ កាលពីចុងឆ្នាំ ២០២២ ខណៈនេះជាលើកទី ៥ ដែលអង្ករកម្ពុជាទទួលបានពានរង្វាន់នេះ។ មុនទទួលបានពានខាងលើ អង្ករកម្ពុជាធ្លាប់បានចំណាត់ថ្នាក់ទី ១ ចំនួន ៣ លើកជាប់ៗ គឺក្នុងឆ្នាំ ២០១២, ២០១៣ និងឆ្នាំ ២០១៤ និងលើកទី ៤ នៅក្នុងឆ្នាំ ២០១៨។ ក្រៅពីនោះអង្ករកម្ពុជា ក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ២ នៅក្នុងឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៧។
លោក ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលកំពុងដឹកនាំក្រុមការងារ CRF ទៅចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ Thaifex anuga asia 2023 នៅក្រុងបាងកក ប្រទេសថៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីប្រទេសថៃនៅថ្ងៃទី ២៣ ខែឧសភាថា សហព័ន្ធស្រូវអង្ករកម្ពុជាតែងចូលរួមរាល់ព្រឹត្តិកាណ៍តាំងពិព័រណ៍ថ្នាក់ជាតិ និងអន្តរជាតិធំៗដើម្បីផ្សព្វផ្សាយពីគុណភាព និងជំរុញការនាំចេញឱ្យបានបរិមាណកាន់តែច្រើន និងច្រើនគោលដៅ។
លោកបន្តថា Thaifex anuga asia គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍ទាក់ទងនឹងម្ហូបអាហារធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការចូលរួមពីសំណាក់អ្នកវិនិយោគធំៗ និងក្រុមហ៊ុនអន្តរជាតិជាច្រើន។ សម្រាប់ Thaifex anuga asia 2023 ដែលរៀបចំចាប់ពីថ្ងៃទី ២៣-២៧ ខែឧសភានេះ គឺមានការចូលរួមពីក្រុមហ៊ុនជាង ៣ ០០០ មកពី ៤៣ ប្រទេស។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍នេះមានភ្ញៀវ និងវិនិយោគិនអន្តរជាតិជាច្រើនចូលរួមដើម្បីសិក្សាស្វែងយល់ និងស្វែងរកប្រភពផ្គត់ផ្គង់ និងនាំចេញ-នាំចូល។ ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងធំជាងឆ្នាំមុនៗ ព្រោះមានការធ្វើរួមគ្នាជាមួយនឹងពិព័រណ៍របស់ក្រុមហ៊ុនមកពីប្រទេសអាល្លឺម៉ង់ផងដែរ»។
យោងតាមលោក សុខឃាំង តាមរយៈព្រឹត្តិការណ៍នេះអង្ករកម្ពុជាអាចនឹងមានឱកាសទទួលបានទីផ្សារថ្មីបន្ថែមទៀត ពិសេសនៅទ្វីបអាហ្រ្វិក តំបន់អារ៉ាប់ និងអាមេរិក ជាដើម។ លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា នឹងមានប្រទេស/ភ្ញៀវថ្មីៗបន្ថែមទៀតស្គាល់ពីគុណភាពអង្ករកម្ពុជា ហើយនឹងឈានទៅដល់ការបញ្ជាទិញនាពេលខាងមុខ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន កម្ពុជាត្រូវតែខិតខំបង្កើនគុណភាពកសិផលរបស់ខ្លួនឱ្យល្អថែមទៀតដើម្បីអាចទទួលបានតម្លៃកាន់តែខ្ពស់ ដោយមិនសំដៅតែលើការជំរុញផលិតឱ្យបានច្រើនក្នុងតម្លៃទាបឡើយ។ លោកបន្តថា ទៅថ្ងៃមុខកម្ពុជាផលិតបានល្មម (កសិផល) ប៉ុន្តែទទួលបានប្រាក់ចំណេញច្រើនជាងមុន ពោលគឺយកផលចំណេញជាគោល។
លោកបញ្ជាក់ថា៖ «ទីផ្សារក្នុងស្រុកយើងរក្សាថ្លៃ ទីផ្សារក្រៅស្រុកយើងព្យាយាមលើកតម្លៃ ហើយការលើកតម្លៃនេះ គឺមានលទ្ធភាពក្នុងការធ្វើច្រើន»។
បើតាមលោក ទីណា ការលើកកម្ពស់គុណភាព និងតម្លៃផលិតផលរបស់កម្ពុជាគេអាចធ្វើឡើងតាមរយៈការផ្សព្វផ្សាយនានាទៅកាន់ទីផ្សារអន្តរជាតិ។
កាលពីសប្តាហ៍មុនភាគីកម្ពុជាដែលតំណាងដោយក្រុមហ៊ុន Green Trade និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក៏បានជួបប្រជុំជាមួយក្រុមហ៊ុនសាជីវកម្មសាធារណរដ្ឋប្រជាមានិតចិន COFCO តាមប្រព័ន្ធអនឡាញ លើផែនការក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់ (MoU) លើកទី ៧ ពីការនាំចេញអង្ករទៅប្រទេសចិន ខណៈការអនុវត្តអនុស្សរណៈនៃការយោគយល់ លើកទី ៦ ដែលភាគីចិនផ្តល់ឱ្យកម្ពុជាចំនួន ៤០ ម៉ឺនតោនកាលពីត្រីមាសទី ៤ ឆ្នាំ ២០២១ រហូតដល់ពេលនេះបានបញ្ចប់រួចរាល់។ កម្ពុជារំពឹងថា អនុស្សរណៈលើកទី ៧ នឹងបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាទៅប្រទេសចិនមានបរិមាណកាន់តែច្រើនបន្ថែមទៀត។
ទិន្នន័យ CRF បានបង្ហាញថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករសរុប ៦៣៧ ០០៤ តោន កើន ៣,២៣ ភាគរយបើធៀបនឹងឆ្នាំ ២០២១។ ទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងឆ្នាំ ២០២២ គឺមានប្រមាណ ៤១៤,២៩ លានដុល្លារ៕