ភ្នំពេញ: ប្រទេសកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំបន់អាស៊ីប៉ាស៊ីហ្វិក (ADFIAP) លើកទី៤៧ ដែលអនុញ្ញាតឱ្យប្រទេសនានាទាក់ទាញ សមាជិកប្រហែល ៤០ ប្រទេស របស់ ADFIAP ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើការអនុវត្ត និងការប្រមូលផ្ដុំហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍតំបន់ទាំង ២។
លោក កៅ ថាច អគ្គនាយកធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) ដែលទើបតែត្រូវបានជ្រើសតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ADFIAP ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើកទី៤៦ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ក្នុងទីក្រុងអាល់ម៉ាទី កាហ្សាក់ស្ថានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៤ ខែឧសភា ថា ARDB ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សានៃ ADFIAP ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤, ១៥ និង ១៦ ខែឧសភា ឆ្នាំ ២០២៤។
លោកថ្លែងថា៖ «កិច្ចប្រជុំប្រចាំឆ្នាំនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូ រវាងស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ និងទស្សនទាន លើការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដល់ស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។
លោកបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងផ្ដល់ឱកាសសម្រាប់ប្រទេសកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ ពីស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងផ្ដល់ដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិក ADFIAP ដែលមានប្រមាណជាង ៤០ ប្រទេស។
លោក កៅ ថាច បញ្ជាក់ថា៖ «យើងក៏មានឱកាសដើម្បីបង្ហាញពីវិស័យសក្តានុពលក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីប្រទេសទាំងនោះ»។
ADFIAP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ទម្រង់ជាអង្គការក្រៅរដ្ឋាភិបាលមានមុខងារផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ដែលមានលេខាធិការដ្ឋានអចិន្រៃ្តយ៍ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ បេសកកម្មរបស់ ADFIAP គឺដើម្បីភាពរីកចម្រើនប្រកបដោយការអភិវឌ្ឍដោយចីរភាព តាមរយៈការពង្រឹងស្ថាប័ន និងមុខងារហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍, លើកកម្ពស់សមត្ថភាពរបស់សមាជិក, និងការតស៊ូមតិលើនវានុវត្តន៍ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ។ បច្ចុប្បន្ន ADFIAP មានគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ជាសមាជិកចំនួន ៩០គ្រឹះស្ថាន មកពីបណ្តាប្រទេសចំនួន ៤០ ក្នុងតំបន់អាស៊ី។
ទន្ទឹមនឹងនេះ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Development Financial Institution) ឬធនាគារអភិវឌ្ឍន៍ (Development Bank) ជាអន្តរការីហិរញ្ញវត្ថុដែលមានគោលដៅផ្តល់ហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ប្រទេស ឬតំបន់ តាមរយៈការកៀរគរមូលនិធិដើម្បីគាំទ្រវិស័យដែលមានឱនភាពដែលត្រូវការហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍ។
គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ឬធនាគារអភិវឌ្ឍន៍ ជាស្ថាប័នបម្រើឱ្យគោលនយោបាយអភិវឌ្ឍន៍ជាតិមួយ ឬតំបន់ដែលមានតួនាទីសំខាន់ណាស់គឺដើម្បីបំពេញកង្វះចន្លោះផ្នែកហិរញ្ញវត្ថុ ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនមិនអាចបំពេញបាន និងដើរតួនាទីជា អ្នកផ្តួចផ្តើមគំនិត (Initiator), ស្ថាបនិក (Institution Builder), កាតាលីករ (Catalyst), និងជាស្ថាប័នដែលផ្តល់ជំនួយចុងក្រោយបំផុត (Bank of Last Resort) ក្នុងវិស័យដែលត្រូវអភិវឌ្ឍទាំងនោះ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ ២០០៥។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ARDB បានចូលរួមយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍ភាគច្រើនដែលរៀបចំដោយ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍ តំបន់អាស៊ីប៉ាស៊ីហ្វិក (ADFIAP) និងចែករំលែកយ៉ាងសកម្មនូវបទពិសោធន៍នៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដល់សមាជិក។ ធនាគារនេះ បានរៀបចំដំណើរទស្សនកិច្ចដើម្បីធ្វើការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសហ្វីលីពីន (២០២២)៕