ភ្នំពេញៈ ភ្ញៀវទេសចរ​បរទេស​មកពី​ក្នុង​តំបន់​អាស៊ាន​ ៣​ គឺ ថៃ វៀតណាម និង​ឡាវ ឈរ​នៅ​លំដាប់​ខ្ពស់​ជាងគេ​នៃ​ការ​មក​ដល់​ភ្ញៀវទេសចរ​បរទេស​សរុប​មកកាន់​ប្រទេស​កម្ពុជា​ចំនួន​ជិត ១,៣​ លាន​នាក់​នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២៣​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​របាយការណ៍​របស់​ក្រសួង​​ទេសចរណ៍​ឆ្នាំ ​២០២៣ បង្ហាញថា គិត​ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​សរុប ជិត ១,៣ ​លាន​នាក់​កើនឡើង ៧០៩,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ១៥៩ ៥៤៦​ នាក់​។ ក្នុង​ចំនួន​ខាងលើ​ គឺ​ភ្ញៀវ​មកពី​ប្រទេស​ថៃ​មាន​ច្រើនជាងគេ គឺ ៤២៤ ២៤១​ នាក់ កើន​​ឡើង ៩៧០,៩​ ភាគរយ​, វៀត​ណា​ម​នៅ​លេខ​រៀង​ទី​២ ចំនួន ២០៧ ៥២៧​ នាក់ កើនឡើង ៣៤៨,២​ ភាគរយ​, និង​ប្រទេស​ឡាវ ស្ថិតនៅ​លេខ ៤ មាន​ចំនួន ៦១ ៧០៩​ នាក់ កើន ១៣ ១៧០,៨ ភាគរយ​។ ចំនួន​ភ្ញៀវ​បរទេស​មកពី​ប្រទេស​ទាំង ៣ គឺ​ស្មើនឹង ៥៣,៦៩ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​ក្នុង​ត្រីមាស​ទី១​។​

​ក្រៅពី​ប្រទេសជិតខាង​ទាំង ៣ គឺ​ភ្ញៀវ​មកពី​ប្រទេស​ចិន ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៤, មាន​ចំនួន ១៣២ ៦៦៥ ​នាក់ និង​ពី​លេខ ៥ ដល់​លេខ ១០ មានដូចជា កូរ៉េខាងត្បូង​, អាមេរិក​, បារាំង​, រុស្ស៊ី​, ចក្រភព​អង់គ្លេស និង​ឥណ្ឌូនេស៊ី​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៤ ខែឧសភាថា ទោះបី​នៅពេលនេះ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ដែល​បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​ធ្លាក់ចុះ​ស្ទើរ​ដល់​សូន្យ​ចន្លោះ​ពី​ឆ្នាំ​ ២០២០-២០២២ បាន​បិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង​ហើយក៏​ដោយ ប៉ុន្តែ​វិបត្តិ​ដែល​កើតមាន​ជា​បន្តបន្ទាប់​ដូចជា​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន មិនបាន​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​ភាពរឹងមាំ​នោះទេ​។ លោក​បន្តថា សម្រាប់​ប្រទេស​កម្ពុជា​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ចាប់​កើនឡើង​វិញ​ជា​បណ្តើរៗ​ចាប់តាំងពី​ដើមឆ្នាំ ​២០២២ មក ប៉ុន្តែ​ភាគច្រើន​គឺជា​ភ្ញៀវ​មកពី​ប្រទេស​នៅជាប់​ព្រំដែន​ប៉ុណ្ណោះ​។​

​លោក​ថ្លែងថា​៖ «​ទោះ​កម្ពុជា​បានប្រកាស​បើកទទួល​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​ជាង ១​ ឆ្នាំ​ហើយក៏​ដោយ ក៏​ភ្ញៀវ​ដែល​ចូលមក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា គឺមាន​ភាគច្រើន​សុទ្ធតែ​មកពី​ប្រទេសជិតខាង និង​ក្នុង​តំបន់​តែប៉ុណ្ណោះ​»​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី ឱ្យដឹងថា បើទោះបី​ចំនួន​ជើង​ហោះហើរ​ពី​បរទេស​មក​កម្ពុជា​បាន​កើន​ឡើងវិញ​ច្រើន​បើ​ធៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក ប៉ុន្តែ​ចំនួន​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​នៅតាម​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​មុនពេល​មាន​វិបត្តិ​កូ​វីដ​ ១៩​។ លោក​បន្តថា ភាគច្រើន​នៃ​ភ្ញៀវ​បរទេស គឺជា​ក្រុម​ភ្ញៀវ​មកពី​ប្រទេស​ថៃ និង​វៀតណាម ខណៈ​ភ្ញៀវទេសចរ​ជនជាតិ​ចិន ដែល មាន​ចំនួន​ច្រើនជាងគេ​មុនពេល​មាន​វិបត្តិ​កូ​វីដ​ ១៩ គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។​

​លោក​លើកឡើងថា​៖ «​ភាគ​ច្រើន​នៃ​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា គឺ​មកពី​ប្រទេស​ថៃ និង​វៀតណាម ដោយសារតែ​ការធ្វើ ដំណើរ​របស់​ពួកគេ​មាន​ភាព​ងាយស្រួល ហើយ​អាច​ធ្វើបាន​ទាំង​តាម​ផ្លូវគោក និង​អាកាស​។ វិស័យ​ទេសចរ​កម្ពុជា​ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​អាច​ស្រូបយក​ភ្ញៀវ​មកពី​ប្រទេស​ឆ្ងាយៗ​»​។​

​ឆ្នាំ​ ២០១៩ គឺជា​ពេលដែល​កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ច្រើន​បំផុត ដោយមាន​ចំនួន​ជាង ៦,៦​ លាន​នាក់​។ ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ជាប់​ព្រំប្រទល់​ទាំង ៣ មាន​សរុប​ជាង ១,៧​ លាន​នាក់ ស្មើនឹង ២៦,៣១ ភាគរយ​នៃ​ចំនួន​សរុប​។ ឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរ​ជាតិ ប្រមាណ​ជិត ២,២៨ លាន​នាក់ កើនឡើង​ជាង ១​ ពាន់​ភាគ​​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕