ភ្នំពេញ: ការប្រើប្រាស់សេវាទូទាត់សងប្រាក់នៅតែបន្តមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអតិថិជនបានផ្លាស់ប្តូរឥរិយាបថពីការទូទាត់ជាសាច់ប្រាក់មកជាការទូទាត់បែបឌីជីថល ក្នុងនោះចំនួនអតិថិជនដែលបានចុះឈ្មោះបង្កើតគណនីអីវ៉ាឡេតសរុបកើនឡើងដល់ ១៩,៥ លានគណនី និងចំនួនប្រតិបត្តិការរបស់សេវាទូទាត់សងប្រាក់បានកើនឡើងពី ៧០៨ លានប្រតិបត្តិការ ដល់ ១ ពាន់លានប្រតិបត្តិការ ហើយទំហំទឹកប្រាក់ក៏បានកើនឡើងដល់ ២៧២,៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ៣៤ ភាគរយ) ប្រមាណជាង ៩ ដងនៃផលិតផលក្នុង ស្រុកសរុប (GDP)។ នេះបើយោងតាមរបាយការណ៍ប្រចាំ ឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា (NBC)។
បើយោងតាមរបាយការណ៍ដដែល គិតត្រឹមចុងឆ្នាំ ២០២២ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ (PSIs) ចំនួន ៣៥ បានទទួលអាជ្ញាប័ណ្ណ ហើយគ្រឹះស្ថានធនាគារហើយគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុចំនួន ២ បានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការទូទាត់សងប្រាក់។ ជាទូទៅ ផលិតផល និងសេវារបស់គ្រឹះស្ថានទាំងនេះមានលក្ខណៈជាការទូទាត់បែបឌីជីថល ដែលអាចធ្វើឡើងតាមរយៈ កម្មវិធីទូទាត់ចល័ត ឬនៅតាមបញ្ជរភ្នាក់ងារ និងបណ្តាញទូទាត់ជាច្រើន។
«ការប្រើប្រាស់បច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងការផ្តល់សេវាទូទាត់ ជាកត្តាមួយក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញការប្រកួតប្រជែង បង្កើននវានុវត្តន៍និងបង្កើនទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់សងប្រាក់»។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា (NBC)។
NBC បន្តថា៖ «គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្ដល់សេវាធនាគារតាមអ៊ីនធឺណិត សេវាធនាគារចល័ត និងបានចេញផ្សាយបណ្ណទូទាត់សរុបមានចំនួន ១២៣ លានបណ្ណ។ការគ្រប់គ្រងមូលនិធិរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់សេវាទូទាត់ សងប្រាក់ មានភាពល្អប្រសើរ ដោយគ្រឹះស្ថានរក្សាបាននូវសមតុល្យក្នុងគណនីអាណត្តិព្យាបាលបានខ្ពស់ជាងសមតុល្យរូបិយវត្ថុអេឡិចត្រូនិកសរុបដែលបានចេញផ្សាយ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងក្នុងរបាយការណ៍ថា ធនាគារជាតិនៃកម្ពុជាកំពុងធ្វើការផ្សព្វផ្សាយ និងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដើម្បីធ្វើទំនើបកម្មការទូទាត់តាមឌីជីថលនៅក្នុងប្រទេស ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជាបានបន្តធ្វើទំនើបកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ដោយដាក់ឱ្យដំណើរការ KHQR Code កម្រិតស្តង់ដា ដើម្បីពន្លឿនប្រតិបត្តិការទូទាត់តាមរយៈ QR Code។ លើសពីនេះទៅទៀត ការទូទាត់ឆ្លងកាត់ព្រំដែនក៏ត្រូវបានពង្រឹងបន្ថែមជាមួយប្រទេសជិតខាងផងដែរ ដើម្បីធ្វើឱ្យការទូទាត់កាន់តែមានសុវត្ថិភាព និងមានប្រសិទ្ធភាព ក៏ដូចជាកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុផងដែរ។
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី (CPBank) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា និន្នាការនៃការទូទាត់តាមប្រព័ន្ធឌីជីថលមានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ដោយសារប្រជាជនកំពុងផ្លាស់ប្តូរទម្លាប់ក្នុងការបញ្ជាទិញអាហារ ទំនិញ និងសេវាកម្មអនឡាញ។
លោកថ្លែងថា៖ «យើងបានកត់សម្គាល់ឃើញថា ចាប់តាំងពីការរីករាលដាលជំងឺកូវីដ ១៩ ចំនួននៃការទូទាត់តាមឌីជីថលកាន់តែមានប្រជាប្រិយភាពនៅពេលនេះសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេខណៈពេលដែលស្ថាប័នហិរញ្ញវត្ថុជាច្រើនកំពុងកែលម្អការទូទាត់តាមឌីជីថលរបស់ពួកគេផងដែរ»។
លោកបន្តថា រហូតមកដល់ពេលនេះ ធនាគារ CPBank មានគណនី អ៊ីវ៉ាឡេតច្រើនជាង ២០០ ០០០ ហើយបន្តកើនឡើងពីមួយខែទៅមួយខែ។
លោកបានលើកឡើងថា៖ «ការណ៍នេះក៏បានធ្វើឱ្យប្រសើរឡើងនូវចំណេះដឹង និងបរិយាប័ន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជាផងដែរ»។
លោកបានគូសបញ្ជាក់បន្ថែមទៀតថា គណនី អ៊ីវ៉ាឡេតនៅធនាគារ CPBank បានលើសពីសញ្ញាកត់សម្គាល់ចំនួន ២០០ ០០០០ និងកំពុងកើនឡើងគួរឱ្យកត់សម្គាល់ជារៀងរាល់ឆ្នាំ។
បើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំរបស់ NBC បច្ចុប្បន្នការទូទាត់ប្រាក់ឆ្លងព្រំដែនជាមួយប្រទេសជិតខាងបានកើនឡើងកាន់តែច្រើនផងដែរ។ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យជាមួយនឹងធនាគារកណ្ដាលថៃ ធនាគារជាតិនៃកម្ពុជា កំពុងធ្វើការជាមួយធនាគារកណ្ដាលសាធារណរដ្ឋប្រជាមានិតឡាវ និងធនាគារកណ្ដាលរដ្ឋវៀតណាម ដើម្បីភ្ជាប់ជាមួយប្រព័ន្ធទូទាត់នៃប្រទេសនានា ក្នុងគោលបំណងធ្វើឱ្យការទូទាត់ឆ្លងកាត់ព្រំដែនកាន់តែមានភាពងាយស្រួលកាន់តែលឿនកាន់តែមានសុវត្ថិភាព និងប្រកបដោយបរិយាប័ន្ន៕