
សកម្មភាពទឹកទូកុងតឺន័រនៅកំពង់ផែស្វយ័តភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីអំពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម អាស៊ាន (ASEAN TRADE IN SERVICES AGREEMENT - ATISA) ត្រូវបានគណៈកម្មការទី៩ នៃរដ្ឋសភាសម្តែងការគាំទ្រទាំងស្រុង ដោយគ្រោងនឹងបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ ខណៈច្បាប់នេះនឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកអាស៊ានទាំងអស់។
មុននឹងឈានដល់កិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញរដ្ឋសភា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីឆ្លងសេចក្តីព្រាងច្បាប់ខាងលើ បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ត្រូវបានចរចាបង្កើតឡើងក្នុងគោលបំណងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម។
លោកថ្លែងថា៖«លើសពីនេះទៀត កិច្ចព្រមព្រៀងនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកអាស៊ានទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយតកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្មក៏ដូចជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាព តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
ប្រធានគណៈកម្មការទី៩ និងជាសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ លោកស្រី និន សាផុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយទទួលបានលទ្ធផល គួរជាទីមោទនៈ។ លោកស្រីបានបន្តថា បន្ទាប់ពីបានពិនិត្យ និងសិក្សាលម្អិតលើអត្ថបទសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន រួចមកក្រុមការងាររបស់គណៈកម្មការទី៩ នៃរដ្ឋសភា បានពិនិត្យឃើញថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ច្បាប់វិនិយោគ ច្បាប់ពាណិជ្ជកម្ម ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មលក្ខណៈទ្វេភាគី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ RCEP ដែលធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ពីខែមករា-ខែមេសា ឆ្នាំ ២០២៣ មានចំនួនសរុប ១៥ ១៦១,០៤ លានដុល្លារ ធ្លាក់ចុះ ១៤,១ ភាគរយនារយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងចំណោមនោះ គឺការនាំចេញរបស់កម្ពុជាមានចំនួន ៧ ២៣៤,១២ លានដុល្លារ ធ្លាក់ចុះ ៤,៩ ភាគរយ និងការនាំចូលពីក្រៅប្រទេស មានចំនួន ៧ ៩២៦,៩២ លានដុល្លារ ធ្លាក់ចុះ ២១,១ ភាគរយ៕