The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​រំពឹងថា ការ​មាន​ជើងហោះហើរ​ពី​ស្វ៊ី​សនឹង​ទាក់ទាញ​ភ្ញៀវ​អឺរ៉ុប​កាន់តែច្រើន​

កម្ពុជា​រំពឹងថា ការ​មាន​ជើងហោះហើរ​ពី​ស្វ៊ី​សនឹង​ទាក់ទាញ​ភ្ញៀវ​អឺរ៉ុប​កាន់តែច្រើន​

Content image - Phnom Penh Post
ទិដ្ឋភាពយន្តហោះចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន

កម្ពុជា​រំពឹងថា ការ​មាន​ជើងហោះហើរ​ពី​ស្វ៊ី​សនឹង​ទាក់ទាញ​ភ្ញៀវ​អឺរ៉ុប​កាន់តែច្រើន​

ភ្នំពេញៈ មន្ត្រី​រដ្ឋលេខាធិការ​​ដ្ឋា​ន​អាកាសចរ​ស៊ីវិល (SSCA) និង​វិស័យ​ឯកជន​មាន​សុ​ទិដ្ឋិ​និយម​ថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU) បន្ថែម​លើ​កិច្ច​ព្រម​​ព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​​អាកាស​រវាង​ប្រទេស​ស្វ៊ី​ស និង​កម្ពុជា គឺជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​តំបន់​អឺរ៉ុប​មកកាន់​កម្ពុជា ដោយ​ផ្តល់​ជម្រើស​កាន់តែច្រើន​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋ​លេខាធិកា​នៃ​ SSCA ក្នុង​ដំណើរ​​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ស្វ៊ី​ស បាន​ចុះហត្ថលេខា​ជាមួយ​លោកស្រី Francine Zimmermann អគ្គនាយិកា​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​ស្វ៊ី​ស កាលពី​ថ្ងៃទី​ ២៣ ខែឧសភា ឆ្នាំ​ ២០២៣ ​ដើម្បី​ជំរុញឱ្យមាន​ការតភ្ជាប់​ជើង​ហោះហើរ​រវាង​ប្រទេស​ទាំង ​២ ជាពិសេស មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ផ្តើម​ដំណើរការ​ដើមឆ្នាំ​ ២០២៥។ នេះ​បើ​យោងតាម​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ SSCA ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា ដើម្បី​ជាការ​ចូលរួមចំណែក​ដល់​ការសម្រេច​គោល​បំណង​ជំរុញឱ្យមាន​ការតភ្ជាប់​ជើង​ហោះហើរ អាជ្ញាធរ​អាកាសចរ​ស៊ីវិល​នៃ​ប្រទេស​ទាំង ​២ បាន​ឯកភាព​ចុះ​ហត្ថ​លេខា​អនុស្សរណៈ​យោគយល់ (MOU) បន្ថែម​លើ​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹក​ជញ្ជូន​តាមផ្លូវ​អាកាស​រវាង​ប្រទេស​ទាំង​ ២ ដែល​បាន​ចុះហត្ថលេខា និង​ចូល​ជា​​ធរមាន​រួចហើយ កាលពី​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ ​២០០៧​។

​លោក​ថា​៖ «MoU​ នេះ នឹង​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​ទាំង​ ២ មានលទ្ធភាព​បើក​ជើងហោះហើរ និង​ប្រើប្រាស់​សិទ្ធិ​ទី​៥ ដែលជា​សិទ្ធិ​មួយ​អាច​ចុះចត និង​ដាក់​អ្នកដំណើរ​បន្ថែម​នៅ​ប្រទេស​ទី​៣ មុននឹង​មកដល់​ប្រទេស​​កម្ពុជា ដោយសារតែ​សេចក្តីត្រូវការ​នៃ​អ្នកដំណើរ​តាមផ្លូវ​អាកាស លើ​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ ​នៅមានកម្រិត​នៅឡើយ​»​។

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីបា​ស៊ី​ហ្វិ​ក ​(PATA) លើកឡើងថា ការបើក​ជើងហោះហើរ​ទៅកាន់​ទីផ្សារ​អឹ​រ៉ុ​ប គឺជា​យុទ្ធសាស្ត្រ​បើកចំហ​ជើងមេឃ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុងការ​ផ្តល់​ជម្រើស​នៃ​ជើង​ហោះ​ហើរ​កាន់តែច្រើន​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា​ទីផ្សារ​អឺរ៉ុប គឺ​ពិតជា​បាន​ចូលរួម​​ចំណែក​យ៉ាងសំខាន់​មួយ​សម្រាប់​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​របស់​យើង ដោយសារតែ​ពួកគាត់​ស្នាក់នៅ​រយៈពេល​យូរ និង​ចំណាយ​ច្រើន​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ពួកគេ​ម្តង​។ ដូច្នេះ​នៅពេល​យើង​មាន​ជើងហោះហើរ​ពី​អឺរ៉ុប​កាន់តែច្រើន គឺ​យើង​នឹង​ទទួល​អត្ថ​ប្រយោជន៍​កាន់តែច្រើន​ពី​ការមកដល់​នៃ​ភ្ញៀវ​ពី​បស្ចិមប្រទេស​»​។​

​បើ​យោងតាម​លោក ស៊ិន ចាន់​សិរី​វុត្ថា សម្រាប់​ការហោះហើរ​មកពី​ប្រទេស​ស្វ៊ី​ស​នោះ គឺ​ពុំទាន់​មានការ​កំណត់​កាលបរិច្ឆេទ​នៅឡើយ​ទេ គឺ​តម្រូវឱ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នកធ្វើការ​សម្រេចចិត្ត​។ លោក​ថា នៅពេលដែល អាកាសយានដ្ឋាន​អន្តរ​ជាតិ​តេ​ជោ ចាប់ផ្តើម​ដំណើរការ​ដើមឆ្នាំ​ ២០២៥ នោះ​ជើងហោះហើរ​ថ្មីៗ​នៃ​ប្រទេស​ទាំង​ ២ និង​ពី​បណ្តា​ប្រទេស ផ្សេងៗ​ទៀត នឹង​អាចមាន​លទ្ធភាព​ច្រើន ដោយសារតែ​ប្រទេស​កម្ពុជា មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ដំបូង​លំដាប់​ខ្ពស់បំផុត 4F មាន​សក្តានុពល​វិស័យ​ទេសចរណ៍ វិនិយោគ និង​កិច្ចប្រជុំ​អន្តរ​​ជាតិ​ធំៗ​ប្រព្រឹត្តទៅ​នៅ​កម្ពុជា​ផងដែរ​។​

​បើ​យោងតាម​លោក​ វុត្ថា សម្រាប់​លំហូរ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បានមក​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ គឺ​ក្នុង​រង្វង់​៤០​ភាគរយ​នៃ​ឆ្នាំ​ ២០១៩​ ទេ រំពឹងទុក​ថា នៅ​ឆ្នាំ ​២០២៤ ​នឹង​អាច​ទទួលបាន​ស្មើនឹង​ចំនួន​អ្នកដំណើរ​ស្មើនឹង​ ២០១៩​ បាន​។

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​​អន្តរជាតិ​ជិត ២,៣​ លាន​នាក់​កើនឡើង​ជាង ១០ ​ដង​ធៀប​ឆ្នាំ​ ២០២១៕

អត្ថបទគួរចាប់អារម្មណ៍