ភ្នំពេញៈ ទឹកប្រាក់​ដែល​កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​អាមេរិក និង​វៀតណាម​ក្នុង​រយៈពេល ៤ ខែ ដើមឆ្នាំ​ ២០២៣ សម្រេចបាន​ជាង ៣,៦​ ពាន់​លាន​ដុល្លារ ស្មើនឹង​ជាង ៥០​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ដែលមាន​ជាង ៧,២ ​ពាន់​លាន​ដុល្លារ​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ក្នុង​ទឹកប្រាក់​សរុប ៧ ២៣៤,១២​ លាន​ដុល្លារ ធ្លាក់ចុះ ៤,៩ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ជាង ៧ ៦០៦ ​លាន​ដុល្លារ​។ នៅក្នុង​ចំណោម​ទឹកប្រាក់​នាំចេញ​នេះ គឺ​ការនាំ​ចេញទៅ​ប្រទេស​អាមេរិក និង​វៀតណាម មាន​ទឹកប្រាក់​ជាង ៣,៦៣១ ​ពាន់​លាន​ដុល្លារ ស្មើនឹង ៥០,២ ​ភាគរយ​នៃ​ការនាំចេញ​សរុប​។​

​យោងតាម​ទិន្នន័យ​ដដែល​ការនាំ​ចេញ​ទំនិញ​ទៅ​អាមេរិក ក្នុង​រយៈពេល ៤​ ខែ ដើមឆ្នាំ​ ២០២៣ មាន​ចំនួន​ជាង ២,៤៥០ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១៦,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ និង​ការនាំ​ទំនិញ​ទៅ​ប្រទេស​វៀតណាម​មាន​ចំនួន​ជាង ១,១៨១​ លាន​ដុល្លារ កើន​ឡើង ២០,៩​ភាគរយ​។ ចំនួន​ទឹកប្រាក់​នាំ​ចេញទៅ​អាមេរិក គឺ​ស្មើនឹង ៣៣,៩ ​ភាគរយ​នៃ​ការនាំចេញ​សរុប និង​ទៅ​ប្រទេស​វៀតណាម មាន​ចំនួន ១៦,៣ ​ភាគរយ​។​

​ដោយឡែក​សម្រាប់​ខែមេសា ឆ្នាំ​ ២០២៣ ទំនិញ​នាំ​ចេញទៅ​ប្រទេស​ទាំង​ ២ គឺមាន​ចំនួន ៨៩៨,៥៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៩,៣៦ ​ភាគរយ​ពី​ចំនួន ៩៩២ លាន​ដុល្លារ​កាលពី​ខែមេសា ឆ្នាំ​ ២០២២​។ ទឹកប្រាក់​នាំ​ទំនិញ​ទៅ​ប្រទេស​ទាំង​ ២ ស្មើនឹង ៤៨,៧​ ភាគរយ​នៃ​ការនាំចេញ​សរុប​ក្នុង​ខែមេសា ឆ្នាំ​២០២៣ ដែលមាន​ចំនួន​ជាង ១,៨ ​ពាន់​លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា លោក លឹម ហេង បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍ ​ដឹង​នៅ​ថ្ងៃទី ​២៥ ខែឧសភា​ថា អាមេរិក និង​វៀតណាម​បាន​ដើរតួនាទី​យ៉ាងសំខាន់​យូរ​មកហើយ​ក្នុងនាម​ជា​ប្រទេស​គោលដៅ​នៃ​ការនាំ​ចេញ​ទំនិញ​របស់​កម្ពុជា ដោយ​អាមេរិក​គឺ​ទីផ្សារ​ធំជាងគេ​ដែល​ទទួល​ទិញ​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​ធ្វើដំណើរ និង​វៀតណាម​ជា​ប្រទេស​ទទួល​ទិញ​កសិផល និង​ផលិតផល​មិនទាន់​កែច្នៃ​មួយចំនួន​ពី​កម្ពុជា​។ លោក​បាន​បន្តថា ទីផ្សារ​ទាំង​ ២ នេះ​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កើន​ឡើងជា​បន្ត​បន្ទាប់​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លើ​ពិភពលោក អាមេរិក​គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ផលិត​ផល​វាយ​ន​ភណ្ឌ​កម្ពុជា​តាំងពី​យូរ​មកហើយ ការនាំ​ចេញទៅ​ទីនោះ​បាន​កើនឡើង​ស្ទើរ​គ្រប់ ពេល ដោយ​លើកលែង​ក្នុង​រយៈពេល​ជិត​ ១​ ឆ្នាំ​មុននេះ​។ ចំណែក​វៀតណាម​ដោយសារ​តែមាន​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា និង​មាន​រោងចក្រ​ឧស្សា​ហ​កម្ម​កែច្នៃ​ (​ពិសេស​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​) ច្រើន​នោះ គឺ​តែងតែ​ប្រមូល​ទិញ​ក​សិ​ផល​យ៉ាងច្រើន​ពី​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក គី​ សេរី​វឌ្ឍន៍ បាន​មានប្រសាសន៍ថា អាមេរិក និង​វៀតណាម គឺជា​ទីផ្សារ​សំខាន់​របស់​កម្ពុជា​ទាំង​ការ​នាំចូល និង​នាំចេញ​ទំនិញ​។ លោក​បន្តថា សម្រាប់​អាមេរិក ដែលជា​ទីផ្សារ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ច្រើន គឺ​ដោយសារតែ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​សម្រាប់​នាំចេញ​ផលិត​ផល​មួយចំនួន​ទៅ​ទីនោះ ខណៈ​វៀតណាម គឺជា​ប្រទេសជិតខាង​ដែលមាន​ការផ្លាស់ប្តូរ​ទំនិញ ​(​ពិសេស​កសិផល​) ​ជា​ហូរហែ​យូរ​មកហើយ​។ លោក​បន្តថា សម្ទុះ​នៃ​ការនាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ​២ នឹងមាន​បរិមាណ​កាន់​តែ​ច្រើន​នៅពេល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក​ល្អ​ប្រសើរ​ជាង​ពេលនេះ​។​

​លោក​ប្រាប់ថា​៖ «​អាមេរិក និង​វៀតណាម​គឺជា​ទីផ្សារ​គោលដៅ​នាំចេញ​ដ៏​សំខាន់​របស់​កម្ពុជា និន្នាការ​នេះ​នឹង​កាន់តែ​ប្រសើរ​នៅពេល កំណើន សេដ្ឋកិច្ច​ពិភព​លោក​ដំណើរ​ការល្អ​»​។​

​ទោះយ៉ាងណា លោក​លើក​ឡើង​ថា កម្ពុជា​ក៏ត្រូវ​តែ​ខិតខំ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ក្នុង​ការផលិត និង​កែច្នៃ​ផលិតផល​របស់ខ្លួន​ឱ្យបាន​កាន់​ច្រើន និង​ត្រូវ​ស្វែងរក​ទីផ្សារ​គោលដៅ​នាំចេញ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។​

​ក្រៅពី​ជាទី​ផ្សារ​នាំមុខគេ​ក្នុងការ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា ប្រទេស​ទាំង​ ២ ក៏បាន​នាំ​ទំនិញ​មក​កម្ពុ​ជាច្រើន​ផង ដែរ ពិសេស​វៀតណាម​ដែលជា​ប្រទេសជិតខាង​។ នេះ​បើ​យោង តាម​លោក លឹម ហេង​។​

​ផ្អែក​តាម​តារាង​របស់​អគ្គ​នាយកដ្ឋាន​គយ​ដដែល ក្នុង​រយៈពេល ៤ ​ខែ ដើមឆ្នាំ ២០២៣ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ទាំង​ ២ ក្នុងតម្លៃ​សរុប ១,៣២៤​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៧,៣៩ ​ភាគរយ​ពី​ចំនួន ១,៤២៧ ​ពាន់​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។

​ក្នុង​ទឹកប្រាក់​នេះ គឺ​ទំនិញ​នាំ​មកពី​ប្រទេស​វៀតណាម មាន​ទឹកប្រាក់ ១,២៤៩​ ពាន់​លាន​ដុល្លារ ថយចុះ ៥,៨ ​ភាគរយ និង​អាមេរិក មាន​ចំនួន ៧៥​លាន​ដុល្លារ ថយចុះ ២៨ ​ភាគរយ​៕