សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងនិយ័តករបរធនបាលកិច្ច (ន.ប.ធ) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) គ្នាដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ក្នុងការជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរួមទាំងសកម្មភាពពង្រីកធុរកិច្ចផងដែរ។
នៅក្នុងពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោក លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងថា អនុស្សរណៈនេះមានគោលបំណងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង និយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងគោលដៅដើម្បីបញ្រ្ជាប និងលើកកម្ពស់ការយល់ដឹងលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា វាជាការជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចពីសំណាក់សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាធុរជន និងជាក្រុមហ៊ុនអ្នកវិនិយោគក្នុងវិស័យអភិវឌ្ឍន៍សំណង់ បុរី និងលំនៅឋាន ឱ្យមានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនក្នុងការចូលរួមក្នុងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា ក៏ដូចជាការពង្រីកការរៀបចំ ការគ្រប់គ្រង និងការអនុវត្តប្រតិបត្តិការបរធនបាលកិច្ច និងប្រតិបត្តិការពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីធានាអនុលោមភាពតាមច្បាប់ និងបទប្បញ្ញាត្តិដែលកំពុងមានជាធរមាន។
លោកបានគូសបញ្ជាក់ថា ៖«កិច្ចសហប្រតិបត្តិការនាពេលនេះ បានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងការយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល តាមរយៈនិយ័តករដែលស្ថិតនៅក្រោម អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ដោយហេតុថា ការអភិវឌ្ឍវិស័យបរធនបាលកិច្ច នៅកម្ពុជា ជារបត់ថ្មីមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកំពុងបោះជំហានជាលំដាប់ដែលធ្វើឱ្យសាធារណជន និងវិស័យឯកជនមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្លាំងក្នុងការស្វែងយល់ ក៏ដូចជាការចូលរួមក្នុងវិស័យបរធនបាលកិច្ចនេះផងដែរ»។
លោក សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច បានមានប្រសាសន៍ថា កិច្ចសហការនេះ ជាការចូលរួមលើកស្ទួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់នូវថ្នាល និងវេទិកាគាំទ្រ សហគមន៍អ្នកអភិវឌ្ឍន៍លំនៅឋាន ការបង្កើតឱកាស និងផ្សារភ្ជាប់បណ្ដាញធុរកិច្ចសំណង់ និងអចលនទ្រព្យ ការផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា និងការបំពេញតួនាទីដ៏មានប្រសិទ្ធភាពក្នុងភាពជាដៃគូដ៏សកម្មរបស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាប្រឈម លើកស្ទួយធុរកិច្ចសំណង់ អចលនទ្រព្យ និងអភិវឌ្ឍន៍វិស័យឯកជននៅកម្ពុជា។
លោកបានគូសបញ្ជាក់ថា៖«តាមរយៈការចុះអនុស្សរណៈសហប្រតិបត្តិការជាមួយ ន.ប.ធ. នាថ្ងៃនេះ គឺការបង្កើត និងចាប់យក កាលានុវត្តភាពយុទ្ធសាស្ត្រថ្មី ឆ្លើយតបទៅនឹងនិន្នាការទីផ្សារ និងភាពប្រកួតប្រជែងក្នុងតំបន់ បង្កើតប្រព័ន្ធគ្រប់ជ្រុងជ្រោយ និងប្រព័ន្ធសហថាមភាព (Eco-System & Synergies System) និងសកម្មភាពយុទ្ធសាស្ត្រ ផ្តល់នូវតម្លៃបន្ថែម ក្នុងការទាក់ទាញនូវរំហូរមូលធន និងការធានាសន្ទនីយភាពក្នុងធុរកិច្ចសំណង់ អចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋាន»។
សូមជម្រាបថា បរធនបាលកិច្ច ជាភាសាអង់គ្លេសហៅថាTrust គឺជាយន្តការគតិយុត្តមួយ ដែលក្នុងនោះ ម្ចាស់ទ្រព្យ (បរធនបាលទាយក) ប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបុគ្គលទី២ ហៅថាបរធនបាល(ជាបុគ្គលមានជំនាញចំណេះដឹង បទពិសោធន៍ និងទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ជំនួស ដើម្បីជាប្រយោជន៍ដល់ម្ចាស់ទ្រព្យ ឬបុគ្គលទី៣ ហៅថា អត្ថគាហកៈ៕