ភ្នំពេញៈ ចក្រភពអង់គ្លេស និងកម្ពុជា បានបើកសម្ពោធវេទិកាពាណិជ្ជកម្ម និង វិនិយោគរួម (JTIF) នៅថ្ងៃទី២៦ ខែឧសភា ដែលនឹងផ្តល់ឱកាសពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។
ស្ថានទូតបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី២៦ ខែឧសភា ថា ៖ «ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រវេទិកាថ្មី ដែលនឹងផ្តល់ឱកាសមួយក្នុងការរៀបចំ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជា»។
JTIF បានប្រមូលផ្តុំមេដឹកនាំនៃរាជរដ្ឋាភិបាលចក្រភពអង់គ្លេស និងកម្ពុជា អ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំឧស្សាហកម្ម និងគោលនយោបាយដែលត្រូវបានពិភាក្សា គ្រោងការណ៍ពាណិជ្ជកម្ម រួមទាំងប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ច្បាប់ថ្មីរបស់កម្ពុជាស្តីពីការវិនិយោគ និងការផ្តល់អាទិភាពរបស់ចក្រភពអង់គ្លេសឆ្ពោះទៅរកការអភិវឌ្ឍដែលប្រកបដោយភាពបៃតង និងធន់។
វេទិកានេះក៏បានផ្តល់ឱ្យសភាពាណិជ្ជកម្មអង់គ្លេស និងសភាពាណិជ្ជកម្មកម្ពុជា នូវកន្លែងមួយដើម្បីជជែកគ្នាអំពីឱកាសសំខាន់ៗ បញ្ហាប្រឈម និងឧបសគ្គនានាក្នុងការធ្វើអាជីវកម្មនៅចក្រភពអង់គ្លេស និងកម្ពុជា៕