
លោកធួន ស៊ីណា នៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៤ ឧសភា ។ រូបថត សហការី
ភ្នំពេញៈ វិស័យឯកជនផ្នែកទេសចរណ៍មួយចំនួន បានស្នើសុំរាជរដ្ឋាភិបាលពិចារណាក្នុងការផ្តល់ការលើកទឹកចិត្ត និងបន្ថែមផលិតផលទេសចរណ៍មួយចំនួន ដើម្បីដាក់ទៅក្នុងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៣-២០៣៥ដែលនឹងដាក់ឆ្លង គណៈរដ្ឋមន្ដ្រីនាពេលខាងមុខ។
លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានឱ្យដឹងថា នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥»ថ្មីនេះ លោកបានស្នើសុំបន្ថែមផលិតផលទេសចរណ៍ចំនួន៣ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
«ផលិតផលទេសចរណ៍ចំនួន៣ រួមមាន Spiritual Tourism ទេសចរណ៍សាសនា, Art of Tourism ទេសចរណ៍សិល្បៈ (Films Tourism) និងFishing Tourism ទេសចរណ៍នេសាទ។ ក្រៅពីសំណើខាងលើ ខ្ញុំបាទក៏បានស្នើសុំ ក្រសួងពិចារណាប្រើបណ្ដាញផ្សព្វផ្សាយតាមDiGITAl (website/App)តែ១ឬមិនលើស២ ដែលជាតំណាងឱ្យទេសចរណ៍កម្ពុជាដើម្បីចៀសវាងការយល់ច្រឡំ និងមានភាពងាយស្រួលសម្រាប់បរទេសស្វែងរកព័ត៌មានពីកម្ពុជា»។ នេះបើតាមការបញ្ជាក់បន្ថែមទៀតពីលោក ធួន ស៊ីណាន។
លោកបានបន្តថា លោកបានស្នើសុំគ្រប់មន្ទីរខេត្តក្រុងធ្វើបច្ចុប្បន្នភាពតំបន់រមណីយដ្ឋានធម្មជាតិ កែច្នៃ សេវាកម្ម ឱ្យបានទៀងទាត់ដើម្បីជំរុញការផ្សព្វផ្សាយ និងគាំទ្រព្រមទាំងស្នើសុំរាជរដ្ឋាភិបាលពិចារណាក្នុងការលើកទឹកចិត្តចំពោះភ្ញៀវដែលចូលមកកម្ពុជាលើសពី២ដង ផងដែរ។
ទាក់ទងនឹងបញ្ហានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញការយល់ស្របចំពោះការស្នើសុំរបស់ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATACC)ដោយលោកថ្លែងថា ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥ ពិតជាចាំបាច់ខ្លាំងណាស់ ដែលត្រូវប្រមូលធាតុចូលពីវិស័យឯកជនខាងទេសចរណ៍ ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖«យើងឃើញសមាគមនានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ បានចូលរួមលើកជាយោបល់ និងផ្តល់ជាមតិផងដែរ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍សំដៅទាក់ទាញឱ្យបានភ្ញៀវទេសចរបន្ថែមទៀត ក៏ដូចជាការធ្វើឱ្យកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ ដ៏ទាក់ទាញខ្ពស់សម្រាប់ពិភពលោក»។
ចំណែកលោក ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះថា ផែនការយុទ្ធសាស្ត្រជាតិនេះបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន៣ រួមមាន ទី១ ផ្ដោតលើការលើកកម្ពស់ភាពប្រកួតប្រជែងទេសចរណ៍, ទី២ គឺផ្ដោតលើការលើកកម្ពស់និរន្តរភាពទេសចរណ៍ និងទី៣ គឺផ្ដោតលើការលើកកម្ពស់បរិយាប័ន្នទេសចរណ៍។
សូមបញ្ជាក់ដែរថា ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥» ដោយផែនការយុទ្ធសាស្ត្រជាតិនេះ មានចក្ខុវិស័យច្បាស់លាស់ គឺនៅឆ្នាំ២០៣៥ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប។
ក្រសួងបានបន្តថា កម្ពុជាក៏មានគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី មានឧត្ដមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរមកកម្សាន្តម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងប្រែក្លាយការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាក្បាលម៉ាស៊ីនដែលជួយរុញដល់កំណើននៃវិស័យសេដ្ឋកិច្ច-សង្គមដទៃ៕