ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ ម.ក(RRC) ដែលចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មនៅលើផ្សារមូលបត្រកម្ពុជា (CSX) និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុផលិតផលក្នុងស្រុក Royal Group បានរាយការណ៍ ប្រាក់ចំណូលកើនឡើងតិចតួចនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយសារសម្ពាធសេដ្ឋកិច្ចជារួម ដែលបណ្តាលមកពីការអូសបន្លាយពេលវេលានៃសង្គ្រាមអ៊ុយក្រែន។
យោងតាមឯកសាររបស់ក្រុមហ៊ុន RRC ដែលផ្ញើទៅ CSX ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ មានចំណូលសរុបចំនួន ១២,៧៣៦ ពាន់លានរៀល កើនឡើងចំនួន ១៥ លានរៀល ស្មើនឹង ០,១២ ភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ និងប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ សរុបចំនួន ២,៥៥៣ ពាន់លានរៀល កើនឡើងចំនួន ៤,១០៨ ពាន់លានរៀលស្មើនឹង ២៦៤,១២ ភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។
ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ ម.ក មានទ្រព្យសកម្មសរុប ចំនួន ១៤៨,៩៦៩ ពាន់លានរៀល ធ្លាក់ចុះចំនួន -៥.៨៦៣ លានរៀល ស្មើនឹង -៤ ភាគរយធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
លោក គិត ម៉េង ប្រធានក្រុមហ៊ុន RRC បានឱ្យដឹងនៅក្នុងរបាយការណ៍ថា ការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្ររស់នៅជាមួយជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០២១ បន្ទាប់ពីជោគជ័យនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងឆាប់រហ័ស និងចំនួនច្រើននោះ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងស្ទុះងើបឡើងវិញយ៉ាងល្អប្រសើរក្នុងអំឡុងពេលដែលរាយការណ៍នេះ។
លោកបានបញ្ជាក់ថា ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចចំនួន ៤,៨ ភាគរយក្នុងឆ្នាំ ២០២២ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងភាពធន់នៃឧស្សាហកម្មកាត់ដេរ សេវាកម្មដឹកជញ្ជូន និងការនាំចេញស្បែកជើង។ ការមកដល់របស់ភ្ញៀវអន្តរជាតិសរុបបានកើនឡើងជាលំដាប់។ ទំនុកចិត្តលើអាជីវកម្ម និងអ្នកប្រើប្រាស់បានកើនឡើង ហើយការវិនិយោគទាំងក្នុង និងក្រៅប្រទេសបានកើនឡើង។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនឡើងដល់ ៥,២ ភាគរយនៅឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយក៏សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានភាពងាយទទួលរងគ្រោះជាពិសេស ដោយសារតែការកើនឡើងអតិផរណា កំណើនសេដ្ឋកិច្ចពិភពលោកកាន់តែយឺត ការធ្លាក់ចុះនៃការផ្គត់ផ្គង់ថាមពល និងអត្រាការប្រាក់កាន់តែខ្ពស់។
លោកលើកឡើងថា៖ «ចំពេលបរិយាកាសធុរកិច្ចដ៏លំបាកក្រុមហ៊ុន RRC បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព តាមរយៈការបន្តការចូលរួមជាមួយអតិថិជនថ្មីសម្រាប់សេវាកម្មដឹកជញ្ជូនទំនិញដោយមានតម្លៃសមរម្យបំផុតដើម្បីសមស្របជាមួយនឹងការផ្លាស់ប្តូរបរិយាកាសសេដ្ឋកិច្ច»។លោកបន្តថា៖ «នៅក្នុងត្រីមាសនេះក្រុមហ៊ុន RRC បានផ្សព្វផ្សាយយ៉ាងសកម្មនូវសេវារថភ្លើងដឹកអ្នកដំណើរ ដែលបានបង្កើតជុំវិញគំនិតនៃការចំណាយពេលវេលាថ្ងៃបុណ្យជាតិ ដោយធ្វើដំណើរតាមរថភ្លើងដែលគួរឱ្យចងចាំបំផុតទៅកាន់ភាគខាងជើង និងខាងត្បូងនៃប្រទេសកម្ពុជា។
លោកលើកឡើងថា៖ «ប្រាក់ចំណូលសរុបមានចំនួន ១២,៧៣៦ ពាន់លានរៀល កើនឡើង ០,១២ ភាគរយធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០២២ ដោយសារតែការកើនឡើងនៃវិស័យដឹកជញ្ជូនតាមផ្លូវដែក ទៅកាន់ខ្សែភាគខាងជើង និងចំណូលដឹកជញ្ជូនអ្នកដំណើរកើនឡើង នៅត្រីមាសទី១ ឆ្នាំនេះ»។
លោកបានបន្តថា ជាផ្នែកមួយនៃការលើកទឹកចិត្តក្នុងការចុះបញ្ជី ក្រុមហ៊ុនមួយនេះ បានដាក់លិខិតមួយទៅ SERC កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ដោយស្នើសុំលើកលែងបំណុលពន្ធទាំងអស់ ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) ។ នៅថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលការជូនដំណឹងពី SERC ថាសំណើត្រូវបានដាក់ជូន GDT។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣សំណើលើកលែងពន្ធត្រូវបានផ្តល់ឱ្យក្រុមហ៊ុនដោយ GDTដែលមានចំនួន ១ ៨៤២ ៩៧៣ ដុល្លារ។ នេះជាព្រឹត្តិការណ៍សំខាន់មួយទៀតរហូតមកដល់ពេលនេះ។
កាលពីថ្ងៃទី២៨ ខែមេសា ក្រុមហ៊ុន RRC បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន៣ ផ្សេងទៀតដើម្បីអភិវឌ្ឍដីដែលមិនទាន់បានប្រើប្រាស់នៅតាមបណ្តោយផ្លូវរថភ្លើងប្រវែង ៣០០ គីឡូម៉ែត្រ ដោយផ្តោតលើថាមពលកកើតឡើងវិញ (RE) និងកសិកម្ម ដែលពាក់ព័ន្ធនឹងការសិក្សាលទ្ធភាពសម្រាប់ការអភិវឌ្ឍដីដែលលាតសន្ធឹងពីក្រុងប៉ោយប៉ែតដល់ខេត្តព្រះសីហនុ៕LA