
ទិដ្ឋភាពទូកុងតឺន័រនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីខែមេសា ឆ្នាំ ២០២៣។ រូបថត ហុង មិនា
ភ្នំពេញៈ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជិត ២៣៥ លានដុល្លារ ធ្លាក់ចុះជិត ១/៥ ដងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈកម្ពុជា និងចក្រភពអង់គ្លេស កាលពីសប្តាហ៍កន្លងមកទើបបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា-ខែមេសា ឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចក្រភពអង់គ្លេស មានទឹកប្រាក់សរុប ២៣៤,៩៣ លានដុល្លារ ធ្លាក់ចុះ ១៧,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ២៨៤,៩៦ លានដុល្លារ។ ក្នុងចំណោមប្រាក់ខាងលើ គឺទំនិញកម្ពុជានាំទៅចក្រភពអង់គ្លេស ២០៩,៦៣ លានដុល្លារ ធ្លាក់ចុះ ២០,៣ ភាគរយ និងទំនិញនាំពីអង់គ្លេស ២៥,៣០លានដុល្លារ កើន ១៦,១ ភាគរយ។
បើតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ១៨៤,៣៣ លានដុល្លារ។ ទំហំពាណិជ្ជកម្មកម្ពុជា-ចក្រភពអង់គ្លេសស្មើនឹង ១,៥៥ ភាគរយទំហំពាណិជ្ជកម្មអន្តរជាតិសរុបរយៈពេល ៤ ខែ ឆ្នាំនេះ ដែលមាន ១៥ ១៦១,០៤ លានដុល្លារ។ ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំទី១២ របស់កម្ពុជា ដែលនាំមុខដោយចិន អាមេរិក វៀតណាម និងថៃ ជាដើម។
ដោយឡែកសម្រាប់ខែមេសា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានចំនួន ៥៣,០៥ លានដុល្លារ ធ្លាក់ចុះ ២៦,២៤ ភាគរយធៀបនឹងខែមេសា ឆ្នាំ ២០២២ ដោយកម្ពុជា នាំចេញចំនួន ៤៥,២៨ លានដុល្លារ ធ្លាក់ចុះ ៣១,១ ភាគរយ និងទំនិញនាំចូលពីអង់គ្លេស ៧,៧៧ លានដុល្លារ កើនឡើង ២៥,៤ ភាគរយ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែឧសភា ថា ឥទ្ធិពលនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក ពិសេសប្រទេសមានសេដ្ឋកិច្ចរីកចម្រើន បានទាញទម្លាក់សកម្មភាពផ្លាស់ប្តូរទំនិញអន្តរជាតិនៅស្ទើរគ្រប់ប្រទេសលើពិភពលោក។ ភាពរអាក់រអួលនៃកំណើនសេដ្ឋកិច្ចពិភពលោក បានបង្ខំឱ្យអ្នកប្រើប្រាស់កាត់បន្ថយការចំណាយគ្រប់យ៉ាងលើកលែងតែអាហារប្រចាំថ្ងៃ។ លោកបន្តថា ចក្រភពអង់គ្លេស ដែលជាទីផ្សារនាំចេញធំមួយរបស់កម្ពុជា (ភាគច្រើនជាសម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង និងកង់) ក៏ទទួលរងផលប៉ះពាល់ពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនេះដែរ។ ការធ្លាក់ចុះទំហំពាណិជ្ជកម្មប្រទេសទាំង ២ ពិសេសការនាំចេញរបស់កម្ពុជា គឺមិនមែនជារឿងគួរឱ្យបារម្ភទេ ព្រោះវាជាឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុណ្ណោះ។
លោកថ្លែង៖ «ខ្ញុំមានជំនឿថា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំង ២ និងការសន្យារបស់អង់គ្លេសក្នុងការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញនាំចូលពីកម្ពុជានាពេលកន្លងមក នឹងធ្វើឱ្យការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ ហក់ឡើងនាពេលខាងមុខ»។
យោងតាមអ្នកសេដ្ឋកិច្ចខាងលើ ក្រៅពីផលិតផលក្នុងវិស័យវាយនភណ្ឌ កម្ពុជានៅមានសក្តានុពលខ្ពស់ផ្នែកកសិកម្មសម្រាប់នាំចេញទៅអង់គ្លេស។ ចំណែកទំនិញដែលអង់គ្លេស នាំមកកម្ពុជា រួមមាន រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងថ្នាំពេទ្យ ជាដើម។
កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យមានទំហំកាន់តែធំ និងប្រកបដោយនិរន្តរភាព។
បើតាមក្រសួងពាណិជ្ជកម្ម MoU នេះធ្វើឡើងក្នុងបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលរួមមាន ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម និងបង្កើនការវិនិយោគអង់គ្លេសមកកម្ពុជា។
ពាណិជ្ជកម្មកម្ពុជា-ចក្រភពអង់គ្លេស ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ៩៧៧,៤៤ លានដុល្លារ កើន ២៣,៩ ភាគរយបើធៀបឆ្នាំ ២០២១ ដោយកម្ពុជានាំចេញ ៨៨៦,៤២ លានដុល្លារ កើន ២១,១ ភាគរយ និងការនាំចូលពីអង់គ្លេស ៩១,០២ លានដុល្លារ កើន ៦០,២ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕