
លោក ស៊ុយ សែម នៅក្នុងពិធីបើកសម្ពោធរោងចក្រដំឡើងម៉ូតូអគ្គិសនី។ ហេង ជីវ័ន
កណ្តាលៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានចូលរួមក្នុងពិធីបើកសម្ពោធការដាក់ឱ្យដំណើរការរោងចក្រដំឡើងម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុន Verywords ក្នុងខេត្តកណ្ដាល ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដែលជាផ្នែកមួយនៃការកាត់បន្ថយការបំពុលបរិស្ថាន។
លោក ស៊ុយ សែម បានថ្លែងនៅក្នុងពិធីសម្ពោធដែលបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែឧសភា ដោយលោកថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានសហការជាមួយក្រសួងរ៉ែ និងថាមពល ក្នុងការអនុវត្តគម្រោងស្តីពីការបង្កើតប្រព័ន្ធនៃការប្រើប្រាស់យានយន្តអគ្គិសនី ដោយប្រើថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា និងគម្រោងកសាងសមត្ថភាពដែលមានរយៈពេល ៥ ឆ្នាំ គិតចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។
លោកក៏បានវាយតម្លៃខ្ពស់ ពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍ និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជាដែលស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ តាមរយៈការបង្កើតអាជីវកម្មម៉ូតូអគ្គិសនីនេះ។
តាមរយៈក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ថ្លែងថា៖ «យើងសង្ឃឹមថា ក្រុមហ៊ុននឹងបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង និងបណ្តាស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែទូលំទូលាយ»។
តាមរយៈនៃកិច្ចសហប្រតិបត្តិការនេះ លោកបានបន្ថែមថា ក្រុមហ៊ុន Verywords បានផ្តល់ជាគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស និងបានផ្តល់ម៉ូតូអគ្គិសនីសរុបចំនួន ១៦ គ្រឿង, ស្ថានីយសាកអាគុយចំនួន ៣ ទីតាំង ដែល ១ កន្លែងនៅមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប និង ២ កន្លែងនៅទីស្តីការក្រសួងរ៉ែ និងថាមពល។
ជុំវិញរឿងនេះ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៨ ឧសភាថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកសម្ដែងការសាទរ និងរីករាយជាខ្លាំងដែលខេត្តកណ្ដាលមានរោងចក្រដំឡើងម៉ូតូអគ្គិសនី ពីព្រោះការដំណើរការរោងចក្រនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសការងារធ្វើច្រើន។
លោក ច័ន្ទតារា បញ្ជាក់ថា៖ «ក្នុងនាមយើងជាអាជ្ញាធរខេត្តយើងតែងតែសាទរ គ្រប់វិនិយោគិនទាំងអស់ដើម្បីជំរុញសេដ្ឋកិច្ច និងដើម្បីកាត់បន្ថយភាពក្រីក្រ ដែលយើងត្រូវការការវិនិយោគបែបហ្នឹងខ្លាំងណាស់សម្រាប់ខេត្តកណ្ដាល»។
លោកបន្តថា មួយវិញទៀត ការផលិតម៉ូតូអគ្គិសនី និងការប្រើប្រាស់ម៉ូតូអគ្គិសនីនេះដែរវានឹងជួយកាត់បន្ថយការបំពុលបរិស្ថាន ដែលទាំងនេះ វានឹងចំណេញទាំងក្របខ័ណ្ឌខេត្តទាំងក្របខ័ណ្ឌក្នុងប្រទេស និងក៏ដូចជាចូលរួមជួយការពារបរិស្ថានផងដែរ៕