ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាបានស្នើដល់រាជរដ្ឋាភិបាលគួរសិក្សានិងលើកទឹកចិត្តបន្ថែមដល់ការលើកលែងពន្ធផ្សេងៗ ដើម្បីកាត់បន្ថយថ្លៃដើមក៏ដូចជាទាក់ទាញការវិនិយោគបន្ថែមដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍កសិកម្ម ២០២២-២០៣០ របស់រដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំមុន។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ដើម្បីអាចកាត់បន្ថយថ្លៃដើម នៅក្នុងវិស័យកសិកម្មបាន និងដើម្បីជាឈ្នាន់ ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសមកវិនិយោគបាន គួរតែសិក្សាបន្ថែមលើការលើកលែងពន្ធ។
លោកបានបញ្ជាក់ថា៖ «ពន្ធផ្សេងៗដូចជា ពន្ធកាត់ទុក,ពន្ធ VAT ក៏ដូចជាពន្ធនាំចេញជាដើម ដែលទាំងអស់នេះការលើកទឹកចិត្តបន្ថែមដល់វិនិយោគិន ក្នុងនិងក្រៅស្រុក ឱ្យចាប់អារម្មណ៍វិនិយោគលើវិស័យនេះ។ កន្លងទៅ យើងសង្កេតឃើញថា អ្នកមាននៅក្នុងស្រុកយើង មិនសូវវិនិយោគលើវិស័យកសិកម្មនោះទេ ដូច្នេះដើម្បីលើកចិត្តឱ្យគាត់ចូលរួមវិនិយោគនេះ យើងគួរសិក្សាលើបញ្ហាពន្ធនេះ ដែលគួបផ្សំនឹងច្បាប់វិនិយោគថ្មីរបស់យើង ច្បាស់ណាស់ វិស័យកសិកម្ម នឹងកាន់តែមានការវិនិយោគច្រើន»។
«គ្រប់គ្នាតែងមានសំណួរថា ហេតុអ្វីបានជាផលិតផលកសិកម្មរបស់យើងមួយចំនួន ដូចជាបន្លែផ្លែឈើ ត្រីសាច់ ជាដើមមានថ្លៃដើមខ្ពស់ជាងបន្លែផ្លែឈើត្រីសាច់នាំចូល? នេះជាចំណុចសំខាន់ណាស់។ ដូច្នេះដើម្បីយើងរក្សានិរន្តរភាពនិងកុំឱ្យការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេសមកកម្ពុជាច្រើនហួសហេតុពេក យើងត្រូវបង្កើនការនាំចេញ ព្រោះថានៅពេលដែលយើងនាំចេញបានច្រើនយើងទទួលបានប្រាក់ចំណេញច្រើន ហើយសម្រាប់ផលិតផលខុសស្តង់ដាមិនអាចនាំចេញបាន យើងអាចលក់ក្នុងស្រុកក្នុងតម្លៃទាបបាន»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក លឹម ហេង។
លោក សុខ យ៉ន អនុប្រធានសមាគមសុវត្ថិភាពបន្លែត្រីសាច់កម្ពុជា បានថ្លែងដែរថា ការលើកទឹកចិត្តបន្ថែមលើបញ្ហាពន្ធជាចំណែកមួយក្នុងការកាត់បន្ថយការនាំចូលបាន ជាពិសេសផលិតសម្រាប់បរិភោគ ដែលកម្ពុជាផលិតបានដែរ ដូចបន្លែ ត្រី សាច់ និងផ្លែឈើជាដើម។
លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងតែងតែព្រួយបារម្ភចំពោះផលិតផលនាំចូល គឺគុណភាព និងសុវត្ថិភាព ព្រោះយើងមិនដឹងប្រភពច្បាស់លាស់ ហើយក៏ពិបាកដឹងថា ផលិតផលទាំងនោះ ប្រើប្រាស់គីមីច្រើនកម្រិតណាដែរ។ វាជារឿងធម្មតា សម្រាប់ការចេញនាំចូលរបស់ប្រទេសមួយ ព្រោះយើងជាសមាជិក WTO តែអ្វីយើងចង់បានគឺការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវ ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនយើង»។
ចំពោះការស្នើសុំនេះដែរ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឱ្យដឹងថា ក្រសួងបាននិងកំពុងគិតគូរលើបញ្ហានេះដែរ ប៉ុន្តែលោកត្រូវការពេលវេលាដើម្បីពិភាក្សាជាមួយមន្ត្រីជំនាញសិន មុននឹងប្រាប់លម្អិតលើបញ្ហានេះ។
លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា គណបក្សប្រជាជនកម្ពុជា នៅក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ បានថ្លែងថា ដើម្បីគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មីៗ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា ព្រមទាំងអនុវត្តកំណែទម្រង់គន្លឹះមួយចំនួន ដូចជា ការបង្កើតបរិយាកាសអំណោយផល និងការប្រកួតប្រជែងដោយស្មើភាពជាដើម។
លោកបានបន្តថា លើសពីនេះការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានតាមរយៈការផ្តល់ធនធានដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម,ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី,ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវល្បឿនលឿន និងគម្រោងព្រែកជីកហ្វូណនតេជោ,ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកំណត់យកការអភិវឌ្ឍធុរកិច្ចថ្មីៗជាអាទិភាពនៃការអភិវឌ្ឍវិស័យឯកជន។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «កម្ពុជាជាប្រទេសតូច ដូច្នេះដើម្បីពង្រឹងវិស័យឯកជនឱ្យខ្លាំងគឺត្រូវពឹងអាស្រ័យលើកត្តាមួយចំនួនជាអាទិ៍ អ្នកប្រើប្រាស់ទូទៅត្រូវគាំទ្រដល់ផលិតផលក្នុងស្រុក ស្របតាមយុទ្ធនាការ ដោយគាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ, វិស័យធុរកិច្ចអាចប្រដូចទៅនឹងវិស័យកងទ័ព ពីព្រោះវិស័យទាំង ២ នេះទាមទារនូវការកំណត់គោលដៅរួម,ផែនការយុទ្ធសាស្ត្រ,ការគ្រប់គ្រងហានិភ័យ, ការបែងចែកធនធាននិងកត្តានៃការដឹកនាំប្រកបដោយភាពរស់រវើក និងម៉ឺងម៉ាត់»៕