ភ្នំពេញៈ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងឈីចូវ ខេត្តជឺជាំង ប្រទេសចិន កាលពីទី ២៧ ខែឧសភា ឆ្នាំ ២០២៣ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគាំទ្រទាំងស្រុង និងស្វាគមន៍ជានិច្ចចំពោះដៃគូវិនិយោគមកពីក្រុងឈីចូវ ប្រទេសចិន ដែលមានចំណាប់អារម្មណ៍មកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត។
លោក វិបុល បានឱ្យដឹងថា៖ «ខេត្តស្វាយរៀង មានទីតាំងភូមិសាស្ត្រ ដែលមានសក្ដានុពលសម្រាប់ការវិនិយោគ ជាពិសេសការបើករោងចក្រសហគ្រាស ដោយសារខេត្តមានតំបន់សេដ្ឋកិច្ចដ៏ទាក់ទាញ។ ការវិនិយោគបើករោងចក្រថ្មីៗនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនតាមរយៈការផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត»។
លោកបន្តថា នេះជាកិច្ចការសំខាន់ដែលរដ្ឋបាលខេត្តតែងយកចិត្តទុកដាក់ រួមទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនទៅដល់ក្រុមហ៊ុនទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
យោងតាមរដ្ឋបាលខេត្តស្វាយរៀង លោកស្រី ធៀន ជីន អភិបាលរងក្រុងឈីចូវ ខេត្តជឺជាំង បានលើកឡើងថា ក្រោយបានពិនិត្យទីតាំងតំបន់សេដ្ឋកិច្ចពិសេសរួចមក គឺតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ពិតជាទីតាំងដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ នៅលើទឹកដីខេត្តស្វាយរៀង។
លោកស្រីនិយាយថា៖ «យើងនឹងទាក់ទាញវិនិយោគិនចិនដែលជាដៃគូវិនិយោគរបស់យើងឱ្យមកបណ្តាក់ទុនបន្ថែមទៀត ទៅលើវិស័យឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង ដែលជាតំបន់ដ៏ទាក់ទាញ»។
ចំពោះការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងអំឡុងពេលចុះទៅជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានលើកឡើងថា លោក និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជានិច្ចកាល តែងរួមគ្នាថែរក្សា អភិវឌ្ឍ និងពង្រឹងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ការវិនិយោគ។
លោក ហ៊ុន សែន បានថ្លែងថា៖ «នៅពេលដែលតំបន់សេដ្ឋកិច្ចរឹងមាំ ហើយកាន់តែមានសក្តានុពល នោះនឹងអាចដោះស្រាយបានរឿងការងារ ដោះស្រាយការនាំចេញទៅក្រៅប្រទេស រាប់ទាំងប្រទេសចិនខ្លួនឯងផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៨ ខែឧសភា ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពិតជាមានអត្ថប្រយោជន៍សម្រាប់អ្នកវិនិយោគ ដោយសារតែវាមានលក្ខណៈប្រមូលផ្តុំ ដែលអាចបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគ ដែលមានបំណងចង់មកបើករោងចក្រសហគ្រាស ឬឧស្សាហកម្មកែច្នៃ នៅកម្ពុជា។
លោកបានថ្លែងថា៖ «ជាការត្រឹមត្រូវណាស់ ដែលរដ្ឋាភិបាលលើកទឹកចិត្តដល់ការវិនិយោគនៅតាមតំបន់សេដ្ឋកិច្ចពិសេស ព្រោះតំបន់សេដ្ឋកិច្ចពិសេសជាកន្លែងដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេចសម្រាប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង។ ជាទូទៅតំបន់សេដ្ឋកិច្ចពិសេសមានទីតាំងស្ថិតនៅក្នុងតំបន់សមស្របបំផុតដើម្បីជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងជោគជ័យ»៕