ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ និង Trip.com Group ជាក្រុមហ៊ុនផ្តល់សេវាធ្វើដំណើរលំដាប់ពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាយុទ្ធសាស្ត្រដើម្បីជួយលើកកម្ពស់ប្រទេសកម្ពុជាជាគោលដៅសកលដ៏សំខាន់ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។
MoU នេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៤ ខែឧសភា នៅប្រទេសសិង្ហបុរី ដោយលោក Yudong Tan អគ្គនាយកក្រុមហ៊ុន Flight Business Group និងជាអនុប្រធាននៃក្រុមហ៊ុន Trip.com Group និងលោក David Zhan អគ្គនាយកក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ។
MoU នេះវាក៏នឹងជំរុញការសាងសង់ព្រលានយន្តហោះឆ្លាតវៃ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យទេសចរណ៍ដល់កម្ពុជាផងដែរ។ ជាមួយនឹងការមកដល់នៃព្រលានយន្តហោះអន្តរជាតិអង្គរថ្មី ភាគីទាំង ២ ក៏នឹងពង្រឹងការងារនៅក្នុងវិស័យទេសចរណ៍ផ្សេងៗ។ តាមរយៈការប្រើប្រាស់បណ្តាញអ្នកប្រើប្រាស់សកលរបស់ Trip.com Group និងសមត្ថភាពផលិតផលឈានមុខគេ គឺក្រុមហ៊ុនកម្ពុជា អង្គរអ៊ែរ អាចបង្កើនការចូលទៅដល់ទីផ្សារពិភពលោក និងលើកកម្ពស់គុណភាពសេវាកម្មរបស់ខ្លួនផងដែរ។
ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ Trip.com Group នឹងកែលម្អសេវាកម្មឌីជីថល និងភាពឆ្លាតវៃរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ និងជួយឱ្យព្រលានយន្តហោះអន្តរជាតិនេះ ក្លាយជាព្រលានយន្តហោះឆ្លាតវៃដ៏សំខាន់នៅក្នុងតំបន់។ ភាគីទាំង ២ នឹងចាប់ផ្តើមធ្វើយុទ្ធនាការទីផ្សារ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យទេសចរណ៍នៅប្រទេសកម្ពុជា។
លោក តឹករ៉េត សំរេច ប្រធានក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរអ៊ែរ ដែលបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានោះ បានឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិអង្គរថ្មីមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រទេសចរណ៍ពិភពលោករបស់កម្ពុជា។
លោកថ្លែងថា៖ «យើងសង្ឃឹមថានឹងចាប់យកឱកាសនៃការរស់ឡើងវិញនៃទេសចរណ៍ពិភពលោក ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Trip.com Group ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចាប់ពីការសាងសង់ព្រលានយន្តហោះឆ្លាតវៃ រហូតដល់ការលើកកម្ពស់សេវាកម្មរបស់យើងសម្រាប់អ្នកដំណើរកាន់តែច្រើន»។
លោក Xing Xiong ប្រធានប្រតិបត្តិក្រុមហ៊ុន Trip.com Group បាននិយាយថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិអង្គរថ្មី និងការស្ទុះងើបឡើងវិញនៃការធ្វើដំណើរជាសកលនឹងបង្ហាញពីឱកាសយ៉ាងច្រើនសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។
លោកថ្លែងថា៖ «យើងមានសេចក្តីរំភើបក្នុងការសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរអ៊ែរ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវសក្តានុពលទីផ្សារពិភពលោកពេញលេញ និងភ្ជាប់វាជាមួយឧស្សាហកម្មទេសចរណ៍អន្តរជាតិ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបាននិយាយថា កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានវិជ្ជមានសម្រាប់ភាគីទាំង ២ ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅពិភពលោក ដោយសារក្រុមហ៊ុន Trip.com គឺជាវេទិកាឌីជីថលដែលផ្តល់សេវាកម្មទេសចរណ៍ជាច្រើនដល់ភ្ញៀវជុំវិញពិភពលោក។
លោកបន្តថា៖ «នឹងមានកិច្ចសហប្រតិបត្តិការដ៏ល្អ ដោយសារក្រុមហ៊ុនទាំង២នឹងនាំមកនូវមុខមាត់របស់ប្រទេសកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើនឡើង។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តដោយប្រើវេទិកានោះផងដែរ»៕