ភ្នំពេញៈ ភ្ញៀវបរទេសដែលធ្វើដំណើរមកដល់ប្រទេសកម្ពុជាតាមផ្លូវអាកាស នាត្រីមាសទី១ ឆ្នាំ ២០២៣ មានប្រមាណជាង ៤៨ ម៉ឺននាក់ កើនឡើង ៤,៥ ដង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈជាង ៧០ ភាគរយចុះចតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើតាមក្រសួងទេសចរណ៍។
របាយការណ៍ស្ថិតិភ្ញៀវទេសចរប្រចាំខែមីនា ឆ្នាំ ២០២៣ ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៣ ប្រទេសកម្ពុជា ទទួលបានភ្ញៀវបរទេសសរុប ១ ២៩១ ៥៣៩ នាក់ កើនឡើង ៧០៩,៥ ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២ ដែលមានចំនួន ១៥៩ ៥៤៦ នាក់។ ចំនួនភ្ញៀវបរទេសមកតាមផ្លូវអាកាសស្មើ ៣៧,៣ នៃចំនួនភ្ញៀវបរទេសសរុប ខណៈភ្ញៀវតាមផ្លូវគោកចំនួន ៦១,៣៥ ភាគរយ និងភ្ញៀវតាមផ្លូវទឹក ១,៣៥ ភាគរយ។
យោងតាមរបាយការណ៍ខាងលើ គឺភ្ញៀវបរទេសមកកម្ពុជាតាមផ្លូវអាកាស ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ មានចំនួនសរុប ៤៨១ ៥៨២ នាក់ កើនឡើង ៤៥៣,៧ ភាគរយពីចំនួន ៨៦ ៩៧៦ នាក់កាលពីត្រីមាសទី១ ឆ្នាំ ២០២២។ ក្នុងចំនួនខាងលើ គឺចូលតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន ៣៣៩ ២៩១ នាក់(ស្មើ ៧០,៤៥ ភាគរយភ្ញៀវសរុបតាមផ្លូវអាកាស) កើនឡើង ៣៥៣,៥ ភាគរយ, ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ១៣៨ ០៤៦ នាក់ (២៨,៦៦ភាគរយ) កើន ១ ២៣០,៤ ភាគរយ, និងតាមព្រលានយន្តហោះកងកេង (ព្រះសីហនុ) ៤ ២៤៥ នាក់ (០,៨៨ភាគរយ) កើនឡើង ១៣៨,៥ ភាគរយ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែឧសភា ថា ក្នុងអំឡុងពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តជួបវិបត្តិដូចជា កូវីដ ១៩ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាអតិផរណានោះ ការធ្វើដំណើរពីកន្លែង ១ ទៅកន្លែង ១ ជាពិសេសការធ្វើដំណើរឆ្លងប្រទេសឆ្ងាយៗគឺពុំសូវមានទេ។ លោកបន្តថា ក្នុងដំណាក់កាលនេះភ្ញៀវទេសចរបរទេសដែលមកកម្ពុជា ភាគច្រើនជាប្រជាជនក្នុងតំបន់ ឬមកពីប្រទេសមានព្រំដែនជាប់គ្នាតែប៉ុណ្ណោះ ព្រោះងាយស្រួលធ្វើដំណើរដោយអាចតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
លោកថ្លែងថា៖ «ដោយសារស្ថានភាពពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដូច្នេះខ្ញុំពិតជាពិបាកព្យាករថា វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការមកដល់របស់ភ្ញៀវតាមផ្លូវអាកាសនឹងមានស្ថានភាពបែបណានោះទេ»។
ទោះយ៉ាងណាក្នុងនាមជាអ្នកនៅក្នុងវិស័យទេសចរណ៍ លោកសង្ឃឹមថា វិបត្តិនានាដែលកំពុងកើតមានជាបន្តបន្ទាប់នៅពេលនេះនឹងអាចបិទបញ្ចប់ទៅវិញក្នុងពេលឆាប់ៗ។
ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា (ខេត្តសៀមរាប) លោក ធៀម ធឿង និយាយថា ទោះបីក្ដីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ ១៩ លើពិភពលោកថមថយច្រើនធៀបនឹងអំឡុងឆ្នាំ ២០២០-២០២២ ក៏ចំនួនភ្ញៀវទេសចរបរទេសដែលមកដើរកម្សាន្តនៅកម្ពុជានៅមិនទាន់មានច្រើនទេ មកដល់ពេលនេះ។ លោកបន្តថា សូម្បីតែទេសចរជនជាតិចិនដែលមុនពេលមានវត្តមានជំងឺកូវីដ ១៩ បានធ្វើដំណើរមកកម្ពុជាចំនួនច្រើន ក៏ពេលនេះនៅតែស្ថិតក្នុងកម្រិតទាបដដែល។
លោកប្រាប់ថា៖ «បច្ចុប្បន្នមគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាបមានការងារធ្វើច្រើនជាងមុន (អំឡុងឆ្នាំ ២០២០-២០២២) ប៉ុន្តែបើធៀបនឹងមុនកូវីដ គឺខុសគ្នាឆ្ងាយណាស់។ យើងមិនដឹងថា ពេលណាទើបមានភ្ញៀវឡើងវិញទេ»។
លោកបន្តទៀតថា សម្រាប់មគ្គុទេសក៍ទេសចរណ៍ ដែលបានទៅចាប់យកមុខរបរផ្សេងៗកាលពី ២-៣ ឆ្នាំមុន ក៏មានមួយចំនួនបានត្រៀមខ្លួន និងចូលមកបម្រើក្នុងវិស័យទេសចរណ៍វិញហើយ។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ២,២៨ លាននាក់ កើន ១ ០៥៩ ភាគរយ ធៀបនឹងឆ្នាំ ២០២១ ក្នុងនោះ គឺភ្ញៀវតាមផ្លូវអាកាសមានចំនួន ៧៩១ ៦០៣ នាក់ ស្មើនឹង ៣៤,៨ ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប។
ឆ្នាំ ២០១៩ គឺជាឆ្នាំដែលកម្ពុជាបានទទួលភ្ញៀវបរទេសច្រើនជាងគេដោយមានចំនួន ៦,៦១ លាននាក់។ ភ្ញៀវតាមផ្លូវអាកាសមាន ៤,៤ លាននាក់ ស្មើនឹង ៦៦,៦ ភាគរយនៃចំនួនភ្ញៀវសរុប។ នេះបើតាមក្រសួងទេសចរណ៍៕