
លោកគង់ វិបុល និងលោក UENO Atsushi ក្នុងជំនួបកាលពីថ្ងៃទី២៩ឧសភា។ រូបថត អគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ បានស្នើសុំឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយជំរុញក្រសួងហិរញ្ញវត្ថុជប៉ុនជួយសម្រួល ដល់ការចរចាកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ជប៉ុន ដើម្បីអាចដំណើរការទៅមុខបាន និងអាចឈានទៅឯកភាពព្រមទាំងបញ្ចប់លើចំណុចនៅសេសសល់ ដែលត្រូវបានជាប់គាំងអស់រយៈពេល ៥ ឆ្នាំមកហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន កាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានពន្ធដារ។
តាមរយៈប្រកាសព័ត៌មាននេះលោក គង់ វិបុល បានលើកឡើងថា៖«យើងស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំកម្ពុជា ជួយជំរុញក្រសួងហិរញ្ញវត្ថុជប៉ុន ផ្តល់ភាពទន់ភ្លន់ចំពោះភាគីកម្ពុជា ដើម្បីឱ្យដំណើរការនៃការចរចាកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ជប៉ុន អាចដំណើរការទៅមុខបាន និងអាចឈានទៅឯកភាព និងបញ្ចប់លើចំណុចនៅសេសសល់ ដែលត្រូវបានជាប់គាំងអស់រយៈពេល ៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីការចរចាលើកចុងក្រោយ នៅដើមឆ្នាំ២០១៨»។
ក្រៅពីនេះលោកក៏បានស្នើឱ្យឯកអគ្គរាជទូតជប៉ុន ជួយជំរុញឱ្យមានការបើកឡើងវិញនូវការហោះហើរដោយត្រង់កម្ពុជា-ជប៉ុន ដែលការណ៍នេះនឹងចូលរួមជួយជំរុញឱ្យសកម្មភាពវិនិយោគ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងកម្ពុជា-ជប៉ុនសម្រេចបានកាន់តែប្រសើរឡើង ថែមទៀត។
ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការទាក់ទាញវិនិយោគ តាមរយៈការពង្រឹងផ្នែកពន្ធដារ និងការផ្តល់សេវាជូនអ្នកជាប់ពន្ធ លោក គង់ វិបុល បានលើកឡើងថា កម្ពុជា និងជប៉ុន ពិតជាមានកិច្ចសហប្រតិបត្តិការការងារល្អប្រសើរ ទាំងក្របខ័ណ្ឌការងារជាមួយរដ្ឋាភិបាល ក៏ដូចជាវិនិយោគជប៉ុន ដែលលោកធ្លាប់មានក្នុងអតីតកាល តាំងពីលោកនៅបម្រើការងារជារដ្ឋលេខាធិការទី១ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅជាអនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។
លោកបញ្ជាក់ថា ៖ «កម្ពុជាពិតជាអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគម្រោងជំនួយបច្ចេកទេសសម្រាប់អគ្គនាយកដ្ឋានពន្ធដារនាពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការកសាង សមត្ថភាព និងធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ»។
អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តផ្តល់កិច្ចសហការគ្រប់ជ្រុងជ្រោយជូនដល់សភាពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) ក្រុមហ៊ុនជាសមាជិក JBAC ព្រមទាំង វិនិយោគិនជប៉ុនទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធ និងជំរុញវិនិយោគ ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។ នេះបើតាមការលើកឡើងបន្ថែមពីលោក គង់ វិបុល។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ លោក UENO Atsushi បានឱ្យដឹងថា កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ តែងតែបានយកចិត្តទុកដាក់ និងគាំទ្រចំពោះវិនិយោគិនជប៉ុនទាំងឡាយ ដែលកំពុងមានវត្តមាននៅកម្ពុជា ខណៈការធ្វើកំណែទម្រង់ពន្ធដារនៅកម្ពុជា បានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធនាពេលកន្លងមក។
លោកបានលើកឡើងថា ៖ «ប្រទេសទាំង២ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អប្រសើរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន រវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងវិស័យពន្ធដារ និងការយកចិត្តទុកដាក់របស់អគ្គនាយកដ្ឋានពន្ធដារក្នុងការដោះស្រាយ បំភ្លឺ និងឆ្លើយតបចំពោះកង្វល់ សំណើ និងបញ្ហាប្រឈមនានាផ្នែកពន្ធដារ ដែលលើកឡើងនាពេលកន្លងមក ដោយសភាពាណិជ្ជកម្មកម្ពុជា-ជប៉ុន និងក្រុមហ៊ុនទាំងឡាយដែលជាសមាជិកJBAC ផងដែរ»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភាថា ទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែមានភាពស្អិតល្មួតពី១ឆ្នាំទៅ១ឆ្នាំ ទាំងវិស័យរដ្ឋ និងឯកជន ដោយលោកសង្កេតឃើញថា ជំនួយជប៉ុនជាច្រើនបានផ្តល់មកកម្ពុជា ជំនួយឥតសំណង និងហិរញ្ញប្បទានផ្សេងៗ ខណៈក្រុមហ៊ុនជប៉ុនជាច្រើន ក៏មានវត្តមាននៅទីផ្សារកម្ពុជា ដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋ។
លោកថា៖«ដំណើរកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមកដល់សព្វថ្ងៃនេះ វត្តមានជប៉ុនបានជួយជ្រោមជ្រែងច្រើន ទាំងវិស័យសាធារណៈ និងឯកជន។ យើងរំពឹងថា មិនត្រឹមតែផ្នែកពន្ធដារទេ ដែលមានកិច្ចសហការពីខាងជប៉ុន តែខាងជប៉ុន នឹងបន្តចូលរួមក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»។
សូមរំឭកផងដែរថា ចាប់ពីឆ្នាំ២០០៤ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្ដល់ជំនួយបច្ចេកទេសដល់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈគម្រោង ជំនួយបច្ចេកទេសចំនួន៣ ដែលផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានពន្ធដារ (Capacity Development of GDT)។
គម្រោងជំនួយបច្ចេកទេសចុងក្រោយបំផុតគឺ «គម្រោងសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី២ (JICA GDT Project)» ដែលមានរយៈពេលចាប់ពីឆ្នាំ២០១៥ ដល់២០១៩៕