ភ្នំពេញៈ ទោះ​ទទួលរង​ផលប៉ះពាល់​ពី​ការធ្លាក់ចុះ​នៃ​សេដ្ឋ​កិច្ច​សកល បញ្ហា​ជំងឺឆ្លង​សកល និង​ការឡើង​កម្តៅ​នៃ​ភូមិសាស្ត្រ​នយោបាយ ក៏​ការជួញដូរ​នៅតែមាន​សម្ទុះ​ល្អប្រសើរ ដោយ​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្មសិទ្ធិ​មានតម្លៃ​ប្រហែល ១,៨៨​ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣​។​

​យោងតាម​របាយការណ៍​ប្រ​​តិ​ប​ត្តិ​ទិន្នន័យ​ជួញដូរ​មូល​ប​ត្រ​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ (SERC) ចេញផ្សាយ​កាលពី​ថ្ងៃទី ​២៩ ខែឧសភា គឺមាន​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ៥ ៤៧០ ១៧៨​ ភាគហ៊ុន​ ដែល​ទំហំ​ជួញដូរ​នៅ​ទីផ្សារ​គោល​មាន​ប្រហែល ៩០,៤៥ ​ភាគរយ និង​ទីផ្សារ​កំណើន ៩,៥៥ ​ភាគរយ​នៃ​ទំហំ​ជួញដូរ​សរុប​។ ចំពោះ​ទីផ្សារ​មូល​ប​ត្រ​បំណុល​គឺ​ពុំមាន​ការជួញដូរ​លើស​ញ្ញាប​ណ្ណ​សា​​ជីវ​កម្ម​ណាមួយ​ទេ​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​(SERC)​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០ ខែឧសភាថា ក្នុងស្ថានភាព​ប្រឈម​នៃ​ភាព​​មិន​ប្រាកដប្រជា​របស់​កំណើន​សេដ្ឋកិច្ច​សកល ដំណើរការ​ជួញ​ដូរ​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX)​ គឺ​បាន​ទទួលរង​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​នេះ​តិចតួច ដោយ​សកម្មភាព​នៃ​ការជួញដូរ​នៅ​ដំណើរ​ការល្អ​ជាធម្មតា ប៉ុន្តែ​បរិមាណ​នៃ​ការជួញដូរ​ គឺ​ហាក់​មាន​ទំហំ​តូចៗ​ជាង​មុន​។​

​លោក​ថ្លែងថា​៖ «​ទោះបី​មានការ​ថមថយ​ថ្លៃ​លើ​ទីផ្សារ​បន្តិច​ក៏ដោយ ប៉ុន្តែ​ការចូលរួម​ទិញ​លក់​នៅតែមាន​ដំណើរកា​រ​ជា​ប្រក្រតី ដែល​នេះ​ជា​ចំណុច​ល្អ​របស់​ទីផ្សារ​យើង​។ ប៉ុន្តែ​យើង​បាន​សង្កេតឃើញថា ការទិញ​របស់​អ្នកទិញ​មាន​លក្ខណៈ​តូចៗ ដោយសារ​ការសហការ​ចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ​។ យើង​បាន​ជំ​រុញឱ្យ​អ្នកវិនិយោគ​ចូលមក​ទីផ្សារ​ច្រើន​បើទោះបី​ការទិញ​ក្នុង​ម្នាក់ៗ​តិចជាង​មុន​ក្តី ហេតុ​ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ទំហំ​ទិញ​សរុប​ច្រើន​»​។​

​លោក​បន្ថែមថា ជាមួយនឹង​ការចូលរួម​ពី​វិនិយោគិន​ច្រើន​ជាហេតុ​ធ្វើឱ្យ​ទំហំ​នូ​ប​នីយកម្ម​នៃ​ទីផ្សារ​កាន់តែ​កើន​ធំ ពិសេស​គឺ​ការចូលរួម​របស់​ក្រុមហ៊ុន ខេ​ម​ជ្ជី​អេស​អឹម និង​ក្រុមហ៊ុន គួច ម៉េង​លី នឹងធ្វើ​ឱ្យ​ទំហំ​ទីផ្សារ​កាន់តែ​ធំ​បន្ថែមទៀត​នាពេលខាងមុខ​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ប្រាប់ថា ទំហំ​ជួញដូរ​បានទទួល​រង​ផលប៉ះពាល់​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​ភាព​តានតឹង​នៃ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​។​

​លោក​លើកឡើងថា​៖ «​បើសិន​យើង​មិន​ទទួលរង​ផលប៉ះពាល់​នេះ​ខ្លះៗ​ទេ យើង​អាច​នឹងមាន​ទំហំ​ជួញដូរ​ច្រើនជាង​នេះ​។ យើង​សង្កេតឃើញថា មាន​ចំនួន​ប្រមាណ​ជាង ៣០ ​ម៉ឺន​ដុល្លារ​ក្នុង ​១ ​ថ្ងៃ​»​។​

​លោក​អះអាងថា ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ខែ​មកនេះ ចំនួន​អ្នក​ចូលមក​ថ្មី​ទទួលបាន​អ្នក​ទិញ​ថ្មី​ច្រើនៗ​ដែល​ភាគច្រើន​ជា​អ្នកវិនិយោគ​រយៈពេល​យូរ និង​បាន​ចូលរួម​ទិញ​លក់​ក្នុង ១​ ថ្ងៃ​នៅក្នុង​រង្វង់ ៣-៤​ ពាន់​នាក់ ខណៈ​អ្នកបើក​គណនី​ថ្មី​ក្នុង​ ១ ​ខែ​មាន​ប្រមាណ ១ ​ពាន់​នាក់​។

​លោក​ប្រាប់ថា​៖ «​ការណ៍​នេះ​ផ្តល់​ក្តីសង្ឃឹម​ដល់​យើងដោយ​រំពឹងថា ការជួញដូរ​នឹង​ខ្លាំង​ជាង​ឆ្នាំមុន​ទោះបី​មាន​ផល​ប៉ះ​ពាល់​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល និង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ក៏ដោយ​»​។​

​កាលពី​ថ្ងៃទី ​១៩ ខែមករា ឆ្នាំ​ ២០២៣ មានការ​ចុះបញ្ជី​ថ្មី ១ ​ក្រុមហ៊ុន​ទៀត​នៅ​ទីផ្សារ​មូល​​ប​ត្រ​បំណុល គឺ​ក្រុមហ៊ុន ហ្គោល​ដេ​ន​ទ្រី ខណៈ​ក្រុមហ៊ុន​ធំៗ ២​ ទៀត​គឺ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត ខេ​ម ជ្ជី​អេស​អេ​ម និង​ក្រុមហ៊ុន ម៉េង​លី ជេ គួច អេ​ឌ្យូ​ខេ​សិន​គ្រោង​នឹងធ្វើ​ការបោះ​ផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​របស់ខ្លួន​នៅ​ចុងខែ​មិថុនា​ខាងមុខ​៕