ភ្នំពេញៈ ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CAIC) ដែលអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ និងក្រុមហ៊ុន SIA Engineering Company Limited (SIAEC) ដែលចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរី បានប្រកាសនឹងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហការ ដើម្បីបណ្តាក់ទុនរួមគ្នាលើ Line maintenance នៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៣០ ខែឧសភា គឺកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង ២ នឹងត្រូវធ្វើឡើងនាពេលខាងមុខ។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន SIAEC នឹងកាន់កាប់ ៥១ ភាគរយនៃក្រុមហ៊ុនបណ្តាក់ទុនថ្មីនេះ ហើយក្រុមហ៊ុន CAIC នឹងកាន់កាប់ ៤៩ ភាគរយ។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះនឹងបង្កើតឱ្យមានសេវាកម្ម Line Maintenance នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានកំណត់ឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិតេជោ»។
អាកាសយានដ្ឋានអន្តរជាតិតេជោ (ដំណាក់កាលទី១ ) ជាអាកាសយានដ្ឋានអន្តរជាតិថ្មីដែលបានសាងសង់នៅភាគខាងត្បូងរាជធានីភ្នំពេញចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រ ជាមួយទុនវិនិយោគសរុប ១,៥ ពាន់លានដុល្លារ។ ការសាងសង់ និងការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោចែកចេញជា ៣ ដំណាក់កាល ដែលអាចទទួលអ្នកដំណើរបានចំនួន ៥០ លាននាក់ ក្នុង ១ ឆ្នាំ ដោយមានផ្លូវរត់សម្រាប់យន្តហោះ ៣ និងអគារស្ថានីយផ្សេងៗគ្របដណ្តប់លើផ្ទៃដី ២ ៦០០ ហិកតា។ ក្រុមហ៊ុនបណ្តាក់ទុននេះនឹងចាប់ផ្តើមដំណើរការនៅខែមីនា ឆ្នាំ ២០២៥ ស្របពេលការចាប់ដំណើរការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះនឹងបំពេញបន្ថែមទៅលើបណ្តាញស្ថានីយ Line Maintenance អន្តរជាតិ (LMI) ដែលមានស្រាប់របស់ SIAEC។ ផ្អែកលើសមត្ថភាពវិស្វកម្ម និងបទពិសោធន៍ប្រតិបត្តិការពីគ្រប់បណ្តាញ LMI របស់ SIAEC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះរំពឹងថា នឹងក្លាយជាស្ថានីយ ថែទាំ និងជួសជុល (MRO) យន្តហោះថ្នាក់តំបន់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC បានឱ្យដឹងថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះនឹងផ្តល់ការគាំទ្រដ៏ស៊ីជម្រៅផ្នែក Line Maintenance ជាមួយការជឿជាក់ខ្ពស់ និងសេវាកម្មវិស្វកម្មប្រកបដោយគុណភាពទៅដល់ប្រតិបត្តិការអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោកថ្លែងថា៖ «វាក៏បានជួយពង្រឹងតួនាទីរបស់ SIAEC ជាប្រតិបត្តិករផ្តល់សេវា Line Maintenance ឈានមុខគេប្រកបដោយគុណភាព និងប្រសិទ្ធភាពសេវាកម្មថែទាំ និងជួសជុលខ្ពស់ដល់អតិថិជននៅបរទេសទាំងអស់»។
លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC បានឱ្យដឹងថា ការចូលរួមពីក្រុមហ៊ុន SIAEC នឹងផ្តល់តម្រូវការបន្ថែមទៀតសម្រាប់ការអភិវឌ្ឍព្រលានយន្តហោះនេះ។ លោកថ្លែងថា៖ «យើងមានភាពរីករាយខ្លាំងក្នុងការសហការជាមួយ SIAEC។ យើងជឿថា ការផ្ទេរជំនាញបចេ្ចកទេស និងការបំពេញការងារអនុលោមតាមគោលការណ៍របស់ ក្រុមហ៊ុន SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាពជោគជ័យយូរអង្វែងនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ។ យើងមានក្តីរំភើបឥតឧបមា ហើយមានជំនឿថា កិច្ចសហការជាដៃគូយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក»។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការងារនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានកំណត់ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ Cambodia Airport Investment Co., Ltd(CAIC) ជាមួយទុនវិនិយោគ ៦១៧ លានដុល្លារត្រូវបានចំណាយគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។ ការសាងសង់សម្រេចបាន ៤៣ ភាគរយហើយ។ លោកបន្តថា ដោយបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៩ TIA គ្រោងនឹងបញ្ចប់ដំណាក់កាលទី១ នៅពាក់កណ្តាលឆ្នាំ ២០២៤។ នេះបើតាមផែនការមេដែលធ្វើបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន CAIC។
CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Overseas Cambodia Investment Corp Ltd (OCIC) និង SSCA ដោយលើមូលដ្ឋាន ៩០/១០។ នេះបើយោងតាមក្រុមហ៊ុន OCIC បានឱ្យដឹងនៅក្នុងកំណត់ត្រានៅលើគេហទំព័ររបស់ខ្លួន៕