
កសិករកំពុងច្រូតស្រូវនៅស្រុកកំពង់ត្រាច ខេត្តកំពត នាពេលកន្លងទៅ។ រូបថត ហុង មិនា
ភ្នំពេញៈ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញការអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) នៅខេត្តចំនួន ៣ រួមមានខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង ដោយទទួលបានហិរញ្ញប្បទានបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
យោងតាមអគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី ២៩ ខែឧសភា ឱ្យដឹងថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មលោក ងិន ឆាយ បានលើកឡើងក្នុងកិច្ចប្រជុំស្តីពីការចុះកិច្ចព្រមព្រៀង ផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រសម្រាប់ឆ្នាំ ២០២៣-២០២៤ ក្រោមក្របខ័ណ្ឌកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលទទួលបានហិរញ្ញប្បទានបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ថា តាមរយៈហិរញ្ញប្បទាន ADB នៅក្នុងឆ្នាំ ២០២៣ នេះ អង្គភាព MAFF-NIO នឹងផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រចំនួន ១ ៨០០ តោន។
លោកថ្លែងថា៖ «ក្នុងចំណោមគ្រាប់ពូជនេះ ប្រភេទពូជស្រូវផ្ការំដួល ចំនួន ៩៧០ តោន និងសែនក្រអូបចំនួន ៨៣០ តោន បានធ្វើការចុះកិច្ចព្រមព្រៀងជាមួយកសិដ្ឋាន/ស្ថានីយកសិកម្ម ចំនួន ៤ និងសហគមន៍កសិកម្ម ចំនួន ១៥ ស្ថិតនៅក្នុងខេត្តគោលដៅទាំង ៣ រួមមានខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង»។
តាមរយៈកិច្ចប្រជុំដដែលនោះ ភាគីពាក់ព័ន្ធ បានលើកឡើងពីបញ្ហាដែលធ្លាប់កើតមានក្នុងអំឡុងពេលនៃការអនុវត្តកិច្ចសន្យា និងពិភាក្សារួមគ្នាដើម្បីរកដំណោះស្រាយឈានទៅពង្រឹងផលិតកម្មគ្រាប់ពូជស្រូវឱ្យកាន់តែមានគុណភាពល្អប្រកបដោយភាពជឿជាក់ និងមានការទទួលស្គាល់កាន់តែទូលំទូលាយពីកសិករ សហគមន៍កសិកម្ម ក្រុមកសិករផលិតស្រូវ និងវិនិយោគិននានានៅទូទាំងប្រទេស។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ឃុន សាអែម ប្រធានសហគមន៍កសិកម្មបាភ្នំមានជ័យ នៃខេត្តព្រៃវែងបានបង្ហាញពីការសំណូមពរមួយចំនួនទៅកាន់អគ្គនាយកដ្ឋានកសិកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ទាក់ទងនឹងបច្ចេកទេស និងការគាំទ្រផ្តល់ឃ្លាំងសម្រាប់ស្តុកពូជដែលអាចរក្សាគុណភាពពូជស្រូវឱ្យបានល្អ រួមទាំងការផ្តល់សម្បកវេចខ្ចប់មកកាន់សហគមន៍ផងដែរ។
លោកឱ្យដឹងថា ដោយសារតែតម្រូវការពូជស្រូវមានការកើនឡើង សហគមន៍កសិកម្មបាភ្នំមានជ័យដែលសព្វថ្ងៃមានសមាជិកជាង ២២៦ គ្រួសារ នឹងបង្កើនចំនួនសមាជិកថែមទៀត ដើម្បីជំរុញឱ្យការផលិតពូជស្រូវសុទ្ធ ជាពិសេសផ្ការំដួល និងសែនក្រអូប ០១ នេះ គ្រប់ទៅតាមផែនការដែលបានកំណត់។
លោក ឃុន សាអែម បញ្ជាក់ថា៖ «ចំពោះការស្នើសុំសម្បកវេចខ្ចប់នេះ យើងបានស្នើដល់ខាងគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៃក្រសួងកសិកម្ម (MAFF-NIO for Rice-SDP) បោះពុម្ពស្លាកសញ្ញារបស់សហគមន៍ភ្ជាប់ទៅជាមួយផង ព្រោះថា គុណភាពពូជស្រូវរបស់សហគមន៍មានស្តង់ដាខ្ពស់ និងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ច្រើន»។
គ្រាប់ពូជស្រូវ ដែលផលិតដោយសហគមន៍កសិកម្មបាភ្នំមានជ័យ មិនត្រឹមតែលក់នៅក្នុងខេត្តព្រៃវែងប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅលក់នៅតាមបណ្តាខេត្តផ្សេងៗទៀត ដូចជា កំពង់ធំ កំពង់ចាម តាកែវ ស្វាយរៀង មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ និងកំពង់ឆ្នាំង។
កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលទទួលបានជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ចែកចេញជា ២ ប្រភេទ ទី១ កម្មវិធីកម្ចី (Program Loan) ជាកម្ចីដែលទ្រទ្រង់ដោយថវិកាជាតិឱ្យមានតុល្យភាព តែត្រូវអនុវត្តទៅតាមកម្មវិធីដែល ADB តម្រូវ (បំពេញលក្ខខណ្ឌ) ដូចជាការធ្វើច្បាប់ និងកំណែទម្រង់។ ដោយឡែកគម្រោងកម្ចី (Projec Loan) គឺជាការធ្វើសកម្មភាពនៃថវិកាដែលបានខ្ចីនៅក្នុងគម្រោងតែម្តង។
ជំនួយហិរញ្ញប្បទានរបស់ ADB នេះ គឺជាជំនួយសម្រាប់ទ្រទ្រង់វិស័យកសិកម្ម នៅក្នុងកម្ចីដែលទ្រទ្រង់ដោយថវិកាជាតិ ឱ្យមានតុល្យភាព។ Rice SDP ត្រូវបានអនុវត្តដោយក្រសួងចំនួន ៤ និងរដ្ឋបាលខេត្តចំនួន ៣ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ក្រសួងកសិកម្ម, ក្រសួងធនធានទឹក និងឧតុនិយម,ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាភ្នាក់ងារអនុវត្តន៍នៅថ្នាក់ជាតិ។ គម្រោងនេះអនុវត្តនៅខេត្តបាត់ដំបង ព្រៃវែង និងកំពង់ធំ សរុបមាន ១៣ ស្រុក ៩០ ឃុំ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២២ ០០០ នាក់ និងដោយប្រយោល ៦៦ ០០០ នាក់ ភាគច្រើនជាកសិករ៕