
សមាជិករដ្ឋសភា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣០ឧសភា។ រូបថត រដ្ឋសភា
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ត្រូវបានរដ្ឋសភា អនុម័តនារសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ដោយមានសំឡេងគាំទ្រ ៩៨ លើ ១០០ សំឡេង ខណៈដែលរាជរដ្ឋាភិបាលរំពឹងថា ច្បាប់នេះនឹងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្ដល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាល ដែលបានឡើងការពារសេចក្តីព្រាងនេះ បានលើកឡើងថា សេចក្តីព្រាងនេះ នឹងបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
លោកបានថ្លែងថា៖«សេចក្តីព្រាងច្បាប់នេះ នឹងកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម និងបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលអាចព្យាករបានពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយតកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម»។
លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នេះ នឹងជួយកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាព តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
តាមរយៈសេចក្តីថ្លែងហេតុ របស់លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាននេះ ត្រូវបានបង្កើតឡើង និងប្រកាសពីការបញ្ចប់ការចរចានៅក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥០ នៅប្រទេសសិង្ហបុរី។
លោកស្រី បន្តថា កិច្ចព្រមព្រៀងនេះក៏ត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកអាស៊ានចំនួន៧ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ក្នុងអំឡុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅខេត្តភូកេត ប្រទេសថៃ។
លោកស្រីបានថ្លែងថា៖«រហូតមកដល់បច្ចុប្បន្ន កិច្ចព្រមព្រៀងនេះមានប្រទេសសមាជិកអាស៊ានចំនួន៨ បានបញ្ចប់ នីតិវិធីផ្ទៃក្នុងរបស់ខ្លួន រួមមាន ប្រ៊ុយណេ សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់នៅថ្ងៃទី៣០ ខែឧសភាថា ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ជារឿងចាំបាច់ដែលកម្ពុជាត្រូវមាន ក្នុងនាមជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោក លឹម ហេង បានបញ្ជាក់ថា៖ «ការបង្កើតកិច្ចព្រមព្រៀងនេះឡើង គឺមានប្រយោជន៍សម្រាប់ការពារសមាជិកនៅក្នុងតំបន់អាស៊ានដូចគ្នា។ កន្លងទៅយើងធ្លាប់ឃើញហើយថា មានករណីប្រទេសជិតខាងយើងសម្រេចបិទព្រំដែនឯកតោភាគី ដែលបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់យើង។ ដូច្នេះបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាននេះ ខ្ញុំជឿថា នឹងមិនមានប្រទេសក្នុងតំបន់អាស៊ានណាមួយហ៊ានបិទព្រំដែនដោយឯកតោភាគីទៀតទេ»។
ចំណែក អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញថា កន្លងមក កម្ពុជាមានតែកិច្ចព្រមព្រៀងលើទំនិញ តែពេលនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មផងដែរ រួមមាន ក្នុងវិស័យទេសចរណ៍ វិស័យអប់រំ និងការប្រើប្រាស់កម្លាំងពលកម្មតាមរយៈព្រំដែន ឬក៏កម្លាំងពលកម្មពីចម្ងាយ។ ដូចនេះកិច្ចព្រមព្រៀងនឹងជួយសម្រួលការធ្វើសេវាកម្មទាំងនេះឱ្យមានភាពងាយស្រួលជាងមុន។
លោកប្រាប់ថា៖ «ទន្ទឹមនឹងនេះដែរ យើងក៏ត្រូវពង្រឹងវិស័យសេវាកម្មរបស់យើងឱ្យបានខ្លាំងផងដែរ ដើម្បីទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលកិច្ចព្រមព្រៀងនេះបានចូលជាធរមាន ការទិញសេវាកម្មរបស់យើងពីក្រៅប្រទេស នឹងទទួលបានតម្លៃទាបជាងមុន ការចាយវាយតិចជាងមុន និងមានការជួយសម្រួលកាន់តែលឿនជាងមុនផងដែរ»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន រួមមាន ៦ផ្នែក ៣៨មាត្រា និងឧបសម្ព័ន្ធចំនួន៣៕